យុទ្ធនាការទៅក្រៅប្រទេសរបស់លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ជាបេសកកម្មការពារមុខមាត់របស់រដ្ឋាភិបាលថៃ ដែលកំពុងប្រឈមនឹងការបកអាក្រាតនៅលើឆាកអន្តរជាតិ។ ទីក្រុងបាងកកកំពុងបារម្ភខ្លាចកម្ពុជា លើកយកភស្តុតាងមកបកអាក្រាតទង្វើឈ្លានពាន និងការរំលោភបំពានដែនអធិបតេយ្យភាពពីសំណាក់កងទ័ពថៃនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ។
លោក អានុទីន បានព្យាយាមស្វែងរកជំនួបជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ ដើម្បីជជែកពីរឿងពន្ធគយ និងដោះស្រាយវិបត្តិព្រំដែនជាមួយកម្ពុជា ដែលលោក ត្រាំ ធ្លាប់បានដើរតួជាអ្នកសម្របសម្រួលបទឈប់បាញ់កាលពីកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី ឆ្នាំ២០២៥។ ទោះជាយ៉ាងណារហូតមកទល់ពេលនេះ ភាគីអាម៉េរិកនៅមិនទាន់បញ្ជាក់ផ្លូវការពីជំនួបនេះនៅឡើយទេ ដែលស្មើនឹងការទុកឱ្យមេដឹកនាំថៃរូបនេះរង់ចាំដោយក្តីបារម្ភ។
ទោះបីជាគ្មានការណាត់ជួបផ្លូវការក៏ដោយ តែលោក អានុទីន នឹងប្រឹងប្រែងគ្រប់ច្រកល្ហក ដើម្បីបានជួបលោក ត្រាំ ក្រែងលោអាចកែខៃស្ថានការណ៍បានខ្លះ។ ប៉ុន្តែទន្ទឹមនឹងនេះ អ្វីដែលរដ្ឋាភិបាលថៃបារម្ភបំផុតនោះ គឺការបកអាក្រាតរបស់កម្ពុជា ដែលអាចនឹងទម្លាយទង្វើឈ្លានពានរបស់យោធាថៃឱ្យពិភពលោកបានឃើញច្បាស់នៅទីក្រុងញូវយ៉ក៕
ដោយ : សរ សុជាតិ