លោក Mohammad Barkindo អគ្គលេខាធិការអង្គការOPEC បានលើកឡើងថា ចំពេលមានសញ្ញានៃក្ដីសង្ឃឹម គេមើលឃើញថា ចក្ខុវិស័យ សម្រាប់ពាក់កណ្ដាលឆ្នាំ២០២១ គឺមានភាពច្របូលច្របល់ និងនៅតែមានហានិភ័យធ្លាក់ចុះខ្លាំងជាច្រើនដើម្បីគ្រប់គ្រង។
នៅក្នុងខែធ្នូ អង្គការ OPEC+ បានសម្រេចចិត្តនឹងបង្កើនផលិតកម្ម៥០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែមករាឆ្នាំ២០២១ ហើយបន្ដបង្កើន ២លានបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងឆ្នាំ២០២១។ ប៉ុន្ដែ សមាជិកមួយចំនួន បានចោទសួរអំពីតម្រូវការសម្រាប់ការជំរុញបន្ថែមចំពោះការផលិត ដោយសារតែការរីករាលដាលនៃការឆ្លងនៃមេរោគនៅតែកើនឡើង។
លោក Barkindo.បន្ថែមថា សេដ្ឋកិច្ចសកលអាចនឹងស្ទុះងើបឡើងវិញនៅក្នុងឆមាសទី២ នៃឆ្នាំ២០២១ ប៉ុន្ដែវិស័យមួយចំនួនដូចជាការធ្វើដំណើរ ទេសចរណ៍ ការកម្សាន្ដ និងបដិសណ្ឋារកិច្ច អាចនឹងត្រូវការពេលវេលាច្រើនឆ្នាំដើម្បីវិលមករកសភាពល្អប្រសើរដូចដើមរិញបាន។
អគ្គលេខាធិការអង្គការ OPEC បានរំពឹងថា តម្រូវការប្រេងសកលនឹងត្រូវបានដឹកមុខដោយប្រទេសកំពុងអភិវឌ្ឍ និងកើនដល់៩៥លាន៩សែនបារ៉ែលក្នុងមួយថ្ងៃ នៅឆ្នាំ២០២១ ឬក៏កើនឡើងជិត៦លានបារ៉ែលពីឆ្នាំ២០២០ ដោយសារតែសេដ្ឋកិច្ចសកលត្រូវបានព្យាករថា នឹងកើន ៤,៤% នៅឆ្នាំនេះ៕