ស្របពេលចលនាពហិការទំនិញថៃ ពីសំណាក់ពលរដ្ឋខ្មែរកំពុងមានសម្ទុះខ្លាំង សំណួរជាច្រើនត្រូវបានចោទសួរឡើងថា តើកម្ពុជា គួរបង្វែរការនាំចូលវត្ថុធាតុដើម និងគ្រឿងបង្គុំឧស្សាហកម្មពីទីផ្សារថៃ ទៅកាន់ទីផ្សារថ្មីផ្សេងទៀតដែរឬទេ ដើម្បីធានាបាននូវឯករាជ្យភាពសេដ្ឋកិច្ច និងស្ថិរភាពផលិតកម្ម?
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ យល់ឃើញថា ការផ្ដាច់ខ្លួនចេញពីការពឹងផ្អែកលើផលិតផលថៃ បាននិងកំពុងដាក់សម្ពាធយ៉ាងខ្លាំងដល់សេដ្ឋកិច្ចថៃ។ យ៉ាងណាក៏ដោយ លោកកត់សម្គាល់ថា វត្ថុធាតុដើម និងគ្រឿងបង្គុំឧស្សាហកម្មមួយចំនួននៅតែជាទំនិញយុទ្ធសាស្ត្រ ដែលកម្ពុជា បន្តនាំចូលដដែល។ បើតាមលោកបណ្ឌិត ប្រសិនបើកម្ពុជា ចង់បង្វែរទីផ្សារផ្គត់ផ្គង់ទាំងនេះ វាមិនមែនជារឿងសាមញ្ញឡើយ ដោយសារវាទាមទារពេលវេលា ការសិក្សាពីថ្លៃដើមដឹកជញ្ជូន និងស្តង់ដាបច្ចេកទេស ជាពិសេសខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនវិនិយោគជប៉ុន ដែលត្រូវបានរចនាឡើងឱ្យមានទំនាក់ទំនងប្រទាក់ក្រឡាគ្នារវាងកម្ពុជា និងថៃ។ លោកបណ្ឌិត ញិល រដ្ឋា បានសង្កត់ធ្ងន់ថា ដំណោះស្រាយដ៏ប្រសើរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារថៃ គឺការទាក់ទាញវិនិយោគិនឱ្យមកបង្កើតឧស្សាហកម្មគាំទ្រនៅកម្ពុជា ឱ្យបានកាន់តែច្រើន ដើម្បីផលិតវត្ថុធាតុដើម និងគ្រឿងបង្គុំដោយផ្ទាល់ក្នុងស្រុក។
ជុំវិញបញ្ហានេះដែរ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កត់សម្គាល់ឃើញថា បើទោះបីជាច្រកព្រំដែនគោកត្រូវបានបិទ ប៉ុន្តែការដឹកជញ្ជូនទំនិញចាំបាច់ត្រូវបានបង្វែរមកតាមផ្លូវទឹកវិញ ដើម្បីរក្សាដង្ហើម នៃខ្សែច្រវាក់ផលិតកម្ម។ អ្នកឧកញ៉ា យល់ឃើញថា ការផ្លាស់ប្តូរប្រភពផ្គត់ផ្គង់គ្រឿងបង្គុំពីទីផ្សារថៃ ទៅទីផ្សារផ្សេងភ្លាមៗទំនងជាមិនងាយស្រួលនោះទេ ដោយសារវាជាតម្រូវការបច្ចេកទេសជាក់លាក់របស់អ្នកវិនិយោគ ដែលមានមូលដ្ឋានផលិតកម្មតភ្ជាប់គ្នាក្នុងតំបន់។
គួររំលឹកថា កន្លងមកថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងថា ទំនិញនាំចូលសំខាន់ៗពីប្រទេសថៃ នាពេលបច្ចុប្បន្ន ភាគច្រើន ជាគ្រឿងបង្គុំសម្រាប់ក្រុមហ៊ុនធំៗផលិតគ្រឿងបង្គុំអគ្គិសនី និង រថយន្ត ដូចជាក្រុមហ៊ុន Minebea, Ford និង Toyota ជាដើម។ បើទោះបីជាយុទ្ធនាការពហិការទំនិញថៃ របស់ពលរដ្ឋខ្មែរ ដែលនៅតែបន្ត នឹងអាចទាញទម្លាក់ផលិតផលគ្រឿងឧបភោគបរិភោគ និងទំនិញប្រើប្រាស់ទូទៅឱ្យធ្លាក់ចុះកាន់តែខ្លាំងនាពេលខាងមុខក៏ដោយ តែសម្រាប់វិស័យឧស្សាហកម្មធុនធ្ងន់វានៅតែជាវិញ្ញាសាដ៏ស្មុគស្មាញដែលតម្រូវឱ្យមានការរៀបចំយុទ្ធសាស្ត្រច្បាស់លាស់មុននឹងសម្រេចចិត្តបង្វែរទីផ្សារចេញពីប្រទេសថៃ៕