បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation និង The Straits Times កិច្ចប្រជុំបន្ទាន់លំដាប់ជាតិមួយ ត្រូវបានបញ្ជាឱ្យរៀបចំឡើងភ្លាមៗនៅថ្ងៃសុក្រ ទី៣ ខែកក្កដា នេះ តាមបទបញ្ជាផ្ទាល់ពីប្រទេសបារាំងរបស់លោក អានុទីន ឆានវីរៈគុល។ កិច្ចប្រជុំដែលប្រមូលផ្តុំទៅដោយកំពូលស្ថាប័នសន្តិសុខរាប់ចាប់ពីអាជ្ញាធរព្រលានយន្តហោះ គយ ប៉ូលិស រហូតដល់អង្គភាពបង្ក្រាបគ្រឿងញៀននេះមិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាជាការដេញតាមដេរភ្ជាប់ចន្លោះប្រហោងដ៏ធំ ដែលកំពុងដុតកេរ្តិ៍ឈ្មោះប្រទេសថៃ ឱ្យខ្លោចនៅលើឆាកអន្តរជាតិ។
រឿងអាស្រូវដែលធ្វើឱ្យរដ្ឋាភិបាលថៃ បាក់មុខខ្លាំងបំផុតនោះ គឺការដែលអាជ្ញាធរអូស្ត្រាលី បានចាប់ខ្លួនស្ត្រីវ័យ២៦ឆ្នាំម្នាក់ ដែលជាបុគ្គលិកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Thai Airways ផ្ទាល់តែម្តង នៅព្រលានយន្តហោះទីក្រុងមែលប៊ន ជាមួយគ្រឿងញៀនហេរ៉ូអ៊ីន ជាង១ គីឡូក្រាម ដែលលាក់ក្នុងកាបូប។ មិនទាន់បាត់ក្តៅស្រួលបួលផង អាជ្ញាធរអូស្ត្រាលី ក៏បានស្ទាក់ចាប់ស្ត្រីជនជាតិបារាំងម្នាក់ទៀត ដែលហោះចេញពីប្រទេសថៃ ទៅកាន់ទីក្រុងភើស ពីបទរត់ពន្ធគ្រឿងញៀនដូចគ្នា។
សំណុំរឿងទាំងពីរនេះ បានទះកំផ្លៀងយ៉ាងដំណំទៅលើប្រព័ន្ធត្រួតពិនិត្យសន្តិសុខរបស់ថៃ ដោយបង្ហាញថា បណ្តាញឧក្រិដ្ឋជនអាចជ្រៀតជ្រែកចូលទៅក្នុងជួរហោះហើរជាតិ និងប្រើប្រាស់ព្រលានយន្តហោះថៃ ធ្វើជាផ្លូវឆ្លងកាត់ដោយរលូន ដែលធ្វើឱ្យមានការចោទជាសំណួរថា តើមានការបើកដៃ ឬជាការធ្វេសប្រហែស?
អ្នកវិភាគមើលឃើញថា នេះមិនមែនជាសំណុំរឿងព្រហ្មទណ្ឌលក្ខណៈបុគ្គលនោះទេ ប៉ុន្តែវាជាការលាតត្រដាងពីបរាជ័យ នៃអភិបាលកិច្ចសន្តិសុខ។ វាបានក្លាយជាដុំគ្រួសយ៉ាងធំ រារាំងដង្ហើមសេដ្ឋកិច្ច និងនយោបាយក្រៅប្រទេស ខណៈដែលថៃ កំពុងប្រឹងប្រែងសុំចូលជាសមាជិកភាព នៃក្លឹបប្រទេសអ្នកមាន ឬ OECD នៅឆ្នាំ២០២៨។ បើទោះបីជានាពេលនេះ អាជ្ញាធរថៃ ប្រកាសខិតខំពិនិត្យប្រព័ន្ធសន្តិសុខឡើងវិញ និងបង្កើនការសហការគ្នាយ៉ាងណាក៏ដោយ ក៏ប៉ុន្តែទំនុកចិត្តរបស់សហគមន៍អន្តរជាតិ មកលើភាពស្អាតស្អំ នៃច្រកទ្វារអាកាសចរណ៍របស់ថៃ ត្រូវបានធ្លាក់ចុះ និងទាមទារពេលវេលាយ៉ាងយូរ ដើម្បីលាងជម្រះកេរ្តិ៍ឈ្មោះអាក្រក់នេះចេញវិញ៕
ដោយ: តែម សុខុម