បាតុភូត អែលនីណូ

អ្នកជំនាញស្នើឱ្យរដ្ឋត្រៀមបម្រុងពូជដំណាំ និងចាត់វិធានការស្តុកទឹកទុក ដើម្បីបង្ការការខ្វះខាត ដែលអាចកើតឡើងដោយបាតុភូត អែលនីណូ


អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម និងអ្នកជំនាញក្នុងវិស័យកសិកម្មស្នើដល់អាជ្ញាធរ​ពាក់ព័ន្ធ និងប្រជាកសិករឱ្យរួសរាន់ត្រៀមបម្រុងពូជដំណាំ និងរក្សាប្រភពទឹកទុកសម្រាប់ប្រើប្រាស់លើការដាំដុះ ខណៈបាតុភូតអាកាសធាតុក្តៅហួតហែង«អែលនីណូ» កំពុងគំរាមកំហែងដល់វិស័យ​កសិកម្ម។
បាតុភូត អែលនីណូ
ដោយ

ការស្នើនេះធ្វើឡើងបន្ទាប់ពីអង្គការឧតុនិយមពិភពលោក (WMO) បានគូសបញ្ជាក់ថា ស្ថានភាពបាតុភូតអែលនីណូ អាចនឹងចាប់ផ្តើមលេចឡើងមុនខែសីហា និងអូសបន្លាយរហូតដល់ខែវិច្ឆិកា ចំណែកឯក្រសួងធនធានទឹកកម្ពុជា ក៏បានព្យាករដែរថា ស្ថានភាពកូនរដូវប្រាំងនឹងវាយលុកនៅក្នុងសប្តាហ៍ទី១ នៃខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ដែលមានសភាពលឿនជាងកាលពីឆ្នាំ២០២៥។

លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម យល់ឃើញថា កម្ពុជា គួរតែបង្កើនការយកចិត្តទុកដាក់ក្នុងការរៀបចំយន្តការ និងតាមដានឱ្យបានហ្មត់ចត់ចំពោះបម្រែបម្រួលអាកាសធាតុ ដែលបង្កឡើងដោយបាតុភូតអែលនីណូ ដើម្បីផ្តល់ព័ត៌មានព្រមានជាមុនដល់កសិករក្នុងការរៀបចំផែនការដាំដុះឱ្យបានត្រឹមត្រូវ។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា កសិករផ្ទាល់ត្រូវតែតាមដាននូវរាល់ការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ឱ្យបានជាប់លាប់ ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរតែត្រៀមបម្រុងពូជដំណាំផ្សេងៗឱ្យបានរួចរាល់ ដើម្បីជួយអន្តរាគមន៍ និងគាំទ្រដល់កសិករក្នុងការស្តារការដាំដុះឡើងវិញក្នុងករណីមានការខូចខាតជាយថាហេតុ។

ដោយឡែក លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានកត់សម្គាល់ថា បច្ចុប្បន្នក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតាមដាន និងមានវិធានការនានាក្នុងការបង្ការផលប៉ះពាល់លើវិស័យកសិកម្ម។ បើតាមអ្នកជំនាញរូបនេះដំណាំស្វាយចន្ទីហាក់ពុំសូវមានការបារម្ភខ្លាំងដូចដាំណាំស្រូវ ដែលត្រូវការប្រើប្រាស់ទឹកច្រើននោះទេ។

ជាមួយគ្នានេះ លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានលើកឡើងថា ប្រសិនបើបាតុភូត អែលនីណូ កើតឡើងដូចការព្យាករមែននោះ វានឹងអាចបង្កផលប៉ះពាល់ដល់ដំណាំដំឡូងមីនៅក្នុងតំបន់ដែលរាំងស្ងួត។ បើតាមអ្នកជំនាញរូបនេះ កសិករត្រូវប្រមូលផល កែច្នៃ និងរក្សាពូជដំឡូងឱ្យបានល្អ ដើម្បីត្រៀមស្ដាឡើងវិញ ប្រសិនបើមានការការខូចខាត។

ក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ថា ស្ថានភាពបាតុភូត អែលនីណូ នឹងកើនដល់កម្រិត១០០% ក្នុងខែកក្កដា និងកើនដល់កម្រិតអតិបរមាក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ ក្រៅពីនេះបាតុភូត អាយ អូ ឌី ស្ថិតនៅអព្យាក្រឹត។ បើតាមក្រសួងធនធានទឹក ស្ថានភាពបែបនេះនឹងធ្វើឱ្យស្ថានភាពចាប់ពីពាក់កណ្តាលរដូវវស្សាដល់ចុងរដូវស្សា ឆ្នាំ២០២៦ ពោលគឺចាប់ពីពាក់កណ្តាលខែកក្កដា ដល់ខែសីហា កូនរដូវប្រាំងនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១នៃខែសីហា ដែលអាចមានរយៈពេលពីរសប្តាហ៍។ ជាមួយគ្នានេះ ក្រសួងស្នើឱ្យអាជ្ញាធរតាមបណ្តាខេត្តនានាចាត់វិធានការរក្សាទឹកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សានេះ ដើម្បីត្រៀមបង្ការការខ្វះខាតទឹកនៅរដូវប្រាំងខាងមុខ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ទីភ្នាក់ងារថាមពលអន្តរជាតិ ព្រមានថា ក្រោយសង្គ្រាមអ៊ីរ៉ង់ ពិភពលោកអាចប្រឈមវិបត្តិប្រេងលើសតម្រូវការជាង៥លានបារ៉ែលក្នុងមួយថ្ងៃ

សង្គ្រាមរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក មិនត្រឹមតែធ្វើឱ្យការផ្គត់ផ្គង់ប្រេងពិភពលោករាំងស្ទះ ឬ ក្រឡាប់ចាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កឱ្យមា…

កម្ពុជា បន្តបង្ក្រាបឧក្រិដ្ឋកម្មអនឡាញដូចភ្លៀងរលឹម ដោយបានធ្វើបត្យាប័នលោក លីវ យិន កូនចៅជំនិតរបស់លោក ចេន ហ្ស៊ី ទៅប្រទេសចិន ថ្មីៗនេះ

កម្ពុជា បានបន្តបង្ហាញការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam តាម​រយៈ​ការ​សហការ​យ៉ាងជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ