លោក ហេង ឆេងលី ប្រធានសហគមន៍កសិកម្មទុរេនបែកអន្លូង បានគូសបញ្ជាក់ថា ម្ចាស់ចម្ការទុរេននៅក្នុងតំបន់បែកអន្លុង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការចុះបញ្ជីជាម៉ាកសមូហភាព។ អ្នកជំនាញរូបនេះជឿជាក់ថា ការចុះបញ្ជីទុរេនបែកអន្លូងជាម៉ាកសមូហភាព នឹងធ្វើឱ្យទីផ្សារទុរេនបែកអន្លូងកាន់តែមានការគាំទ្រ និងមានតម្លៃកើនឡើងមួយកម្រិតទៀត។ តែយ៉ាងណាលោកបានបញ្ជាក់ថា ដើម្បីទទួលបានអត្ថប្រយោជន៍ពីការចុះបញ្ជី និងអាចប្រើប្រាស់និម្មិតសញ្ញា ឬឡូហ្គោបានលុះត្រាតែម្ចាស់ចម្ការនៅក្នុងតំបន់នេះមកចុះឈ្មោះក្នុងសហគមន៍ និងអនុវត្តតាមលក្ខខណ្ឌដែលបានកំណត់ជាមុនសិន។
ជាមួយគ្នានេះ លោក រឿន រតនា លេខាប្រតិបត្តិ នៃសមាគមទុរេនកម្ពុជា ជឿជាក់ថា តាមរយៈការចុះបញ្ជីទុរេនបែកអន្លូងជាម៉ាកសមូហភាព នឹងធ្វើឱ្យទីផ្សារកាន់តែមានទំនុកចិត្តលើផលិតផលក្នុងសហគមន៍។ ទន្ទឹមនេះ លោកស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពក្នុងការចុះបញ្ជីទុរេននៅតំបន់ផ្សេងទៀត ដើម្បីជួយលើកកម្ពស់ផលិតផលក្នុងស្រុក។
ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបង្ហាញការជឿជាក់ផងដែរថា ការចុះបញ្ជីទុរេនបែកអន្លូងជាម៉ាកសមូហភាពនេះ នឹងជួយបង្កើតបាននូវទំនុកចិត្តពីទីផ្សារ និងធ្វើឱ្យកសិករទទួលបានប្រាក់ចំណូលបន្ថែមមួយកម្រិតទៀតពីអតិថិជន។
ការសម្រេចចុះបញ្ជីទុរេនបែកអន្លូងជាម៉ាកសមូហភាពពីសំណាក់ក្រសួងពាណិជ្ជកម្ម នៅពេលនេះ ត្រូវបានគេមើលឃើញថា ជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការរួមចំណែកបង្កើនសមត្ថភាពប្រកួតប្រជែង ពង្រឹងខ្សែច្រវាក់តម្លៃ រារាំងការក្លែងបន្លំភូតភរ និងជួយលើកកម្ពស់មោទនភាពកសិផលខ្មែរនៅលើទីផ្សារជាតិ និងអន្តរជាតិ៕
អត្ថបទ៖ បូ ដូឡា