វិស័យ​កសិកម្ម

តើអ្នកផលិតក្នុងស្រុកគួរពង្រឹងបន្ថែមលើអ្វីខ្លះ ដើម្បីចាប់យកឱកាសមាស ក្រោយពលរដ្ឋរួមគ្នាពហិការទំនិញថៃ?


ចលនាធ្វើពហិការទំនិញនាំចូលពីប្រទេសថៃ និងការងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋខ្មែរ កំពុងក្លាយជាកាលានុវត្តភាពមាសសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។ ជាក់ស្តែង បើតាមការអះអាងពីតំណាងសហគ្រាសក្នុងស្រុក សម្ទុះនៃការគាំទ្រផលិតផលខ្មែរបានហក់ឡើងដល់ទៅ ៣០% ដែលញ៉ាំងឱ្យទំនិញក្នុងស្រុកមានឱកាសវាយលុកចូលទីផ្សារយ៉ាងរហ័ស ដើម្បីជំនួសទំនិញនាំចូល។ តើសហគ្រាសក្នុងស្រុកគួរពង្រឹងខ្លួនបែបណាទៀត ដើម្បីបន្តរក្សាសក្តានុពលនេះឱ្យបានយូរអង្វែង?
វិស័យ​កសិកម្ម
ដោយ

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្នុងខណៈដែលពលរដ្ឋកម្ពុជា កំពុងពួតដៃគ្នាពហិការផលិតផលថៃ វាគឺជាឱកាសដ៏ល្អបំផុតសម្រាប់សហគ្រាសឧស្សាហកម្មក្នុងស្រុក ក្នុងការជំរុញការរីកចម្រើនរបស់ខ្លួន។ បច្ចុប្បន្ន ផលិតផលក្នុងស្រុក ជាពិសេសប្រភេទម្ហូបអាហារ និងគ្រឿងទេស បាននិងកំពុងវាយលុកចូលទីផ្សារយ៉ាងលឿន ដើម្បីជំនួសទំនិញនាំចូល។ ឯកឧត្តមបានបន្ថែមថា ចាប់តាំងពីមានជម្លោះព្រំដែន និងការបិទច្រកព្រំដែនគោកមក ការនាំចូលទំនិញពីប្រទេសថៃ បានធ្លាក់ចុះយ៉ាងគំហុក ដោយទំនិញខ្លះបានធ្លាក់ចុះរហូតដល់ទៅជាង ៧០% ឯណោះ។
ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសបញ្ជាក់ថា សម្ទុះគាំទ្រផលិតផលក្នុងស្រុកបានកើនឡើងជាង ៣០%។ ទោះជាយ៉ាងណា ដើម្បីរក្សាឱកាសនេះឱ្យមាននិរន្តរភាព មេ SME រូបនេះ សង្កត់ធ្ងន់ថា ការផលិតទំនិញឱ្យមានស្តង់ដាគុណភាព សោភណភាពនៃការវេចខ្ចប់ តម្លៃសមរម្យ និងការធានាស្ថិរភាពនៃការផ្គត់ផ្គង់ គឺជារឿងចាំបាច់បំផុត។ ទន្ទឹមនឹងនេះ លោកក៏បានជំរុញឱ្យសហគ្រាសដែលក្រៅប្រព័ន្ធ រួសរាន់មកចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលទទួលបានការគាំទ្រ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ព្រមទាំងដើម្បីកសាងម៉ាកយីហោឱ្យស្របតាមស្តង់ដាច្បាប់។
ដោយឡែក លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា វិស័យឯកជនមិនអាចធានាគុណភាពផលិតផលតែម្នាក់ឯងបានឡើយ បើគ្មានការចូលរួមសម្របសម្រួលពីរដ្ឋ ពោលគឺស្ថាប័នរដ្ឋត្រូវធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួល ដើម្បីកុំឱ្យអ្នកផលិតមានការរារែកក្នុងការចូលទៅចុះបញ្ជី។ ក្រៅពីនេះ លោកបណ្ឌិតមើលឃើញថា ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកមិនទាន់អស់សក្តានុពល ក៏ជាកត្តារាំងស្ទះមួយដែរ ដែលទាមទារឱ្យក្រសួងពាក់ព័ន្ធជួយបណ្តុះបណ្តាល និងពង្រឹងបច្ចេកទេសផលិតបន្ថែម។
ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ឱកាសទីផ្សារ គឺមានហើយ តែបញ្ហាប្រឈមធំបំផុត គឺការធានានិរន្តរភាពនៃការផ្គត់ផ្គង់យូរអង្វែង ព្រោះបច្ចុប្បន្នការផលិតភាគច្រើននៅមានលក្ខណៈជាសិប្បកម្មគ្រួសារនៅឡើយ។ ក្នុងន័យនេះ ក្រសួងកសិកម្ម កំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយកាត់បន្ថយថ្លៃដើមផលិត ដើម្បីរុញច្រានការផលិតរបស់កម្ពុជាឱ្យឈានទៅរកលក្ខណៈឧស្សាហកម្ម ដែលអាចរក្សាស្ថិរភាពនៃការផ្គត់ផ្គង់លើទីផ្សារបាន។
បើយោងតាមការវាយតម្លៃរបស់អ្នកជំនាញសេដ្ឋកិច្ច វិធានការបិទច្រកព្រំដែនរបស់ថៃ រួមផ្សំនឹងចលនាពហិការទំនិញពីសំណាក់ពលរដ្ឋខ្មែរនាពេលនេះ អាចនឹងធ្វើឱ្យប្រទេសថៃ ខាតបង់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់រហូតដល់ប្រមាណ៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗពីទីផ្សារប្រទេសកម្ពុជា៕

អត្ថបទ សោម ស្រីពេជ្រ




អត្ថបទបន្ទាប់


ការហក់ឡើងតម្លៃជី បានជំរុញឱ្យថ្លៃដើមផលិតក្នុងវិស័យកសិកម្ម​​កើនឡើងប្រមាណ​​១៥%

​ការហក់ឡើងថ្លៃនៃប្រេងឥន្ធនៈ ដែលបណ្ដាលមកពីវិបត្តិសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យជីកសិកម្មនាំចូលមកកាន់កម្ពុជា មានការឡើងថ្លៃយ៉ាងគំហុក។…

ការសិក្សាមួយបង្ហាញថា ជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យតំបន់អាស៊ីបាស៊ីហ្វិក លែងជាតំបន់ពោរពេញដោយសន្តិភាព

ជម្លោះព្រំដែនដែលកំពុងបន្តរវាងកម្ពុជា និងថៃ គឺជាកត្តារួមចំណែកមួយយ៉ាងសំខាន់ ធ្វើឱ្យប៉ះពាល់ដល់សន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ យោងតា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ