ឯកឧត្តម បានសង្កត់ធ្ងន់ថា កសិផលសំខាន់ៗដូចជាស្រូវ ស្វាយចន្ទី ដំឡូងមី កៅស៊ូ ដំណាំសក្តានុពល វារីវប្បកម្ម និងការចិញ្ចឹមសត្វមិនត្រូវបញ្ចប់ត្រឹមការលក់ជាវត្ថុធាតុដើមឆៅនោះឡើយ ប៉ុន្តែត្រូវបង្កើតឱ្យមានខ្សែច្រវាក់ កែច្នៃ បច្ចេកវិទ្យា ភស្តុភារកម្ម និងទីផ្សារក្នុងខេត្ត។
ទិន្នន័យសេដ្ឋកិច្ចបានបង្ហាញថា ប្រជាជននៅក្នុងខេត្តកំពង់ធំ មាន ៥% នៃពលរដ្ឋសរុបទូទាំងប្រទេស ប៉ុន្តែទំហំសេដ្ឋកិច្ចខេត្តនេះមានត្រឹម ៣% ប៉ុណ្ណោះ បើធៀបនឹងទំហំសេដ្ឋកិច្ចសរុបរបស់ប្រទេសកម្ពុជា។ សេដ្ឋកិច្ចរបស់ខេត្តកំពង់ធំ មានការរួមចំណែកពីវិស័យកសិកម្មរហូតដល់ប្រមាណ ៧៤% ខណៈវិស័យឧស្សាហកម្មបានរួមចំណែកតែត្រឹមជាង ៦% ប៉ុណ្ណោះ ដែលវាជាសញ្ញាមួយទាមទារឱ្យមានការផ្លាស់ប្តូរមូលដ្ឋាន នៃការពឹងផ្អែករបស់សេដ្ឋកិច្ចខេត្តនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានចាត់ទុកទិន្នន័យសេដ្ឋកិច្ចនេះ បានបង្ហាញសារជាយុទ្ធសាស្ត្រច្បាស់ថា ការរៀបចំអនាគតវិស័យកសិកម្ម គឺជាការរៀបចំអនាគតសេដ្ឋកិច្ចរបស់ខេត្តកំពង់ធំ ទាំងមូល។ តែយ៉ាងណាឯកឧត្តម បានគូសបញ្ជាក់ថា ជាចក្ខុវិស័យសម្រាប់ខេត្តកំពង់ធំ គឺត្រូវឈានពីសេដ្ឋកិច្ចដែលមានមូលដ្ឋានកសិកម្ម ទៅជាសេដ្ឋកិច្ចដែលមានមូលដ្ឋានកសិ-ឧស្សាហកម្ម។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា គោលដៅរបស់រាជរដ្ឋាភិបាលមិនមែនធ្វើឱ្យខេត្តកំពង់ធំ ពឹងផ្អែកលើវិស័យកសិកម្មប៉ុណ្ណោះទេ តែត្រូវប្រើមូលដ្ឋានកសិកម្មដ៏ធំនេះ ដើម្បីជំរុញវិស័យកសិ-ឧស្សាហកម្ម, សេវាកម្ម, ការវិនិយោគ និងតម្លៃបន្ថែមឱ្យកាន់តែខ្ពស់។ ឯកឧត្តម បានសង្កត់ធ្ងន់ថា កសិផលសំខាន់ៗ ដូចជា ស្រូវ ស្វាយចន្ទី ដំឡូងមី កៅស៊ូ ដំណាំសក្តានុពល វារីវប្បកម្ម និងការចិញ្ចឹមសត្វ មិនត្រូវបញ្ចប់ត្រឹមការលក់ជាវត្ថុធាតុដើមឆៅនោះឡើយ ប៉ុន្តែត្រូវបង្កើតឱ្យមានខ្សែច្រវាក់ កែច្នៃ បច្ចេកវិទ្យា ភស្តុភារកម្ម និងទីផ្សារក្នុងខេត្ត។ ការលើកឡើងបែបនេះធ្វើឡើងពេល ឯកឧត្តម ចូលរួមធ្វើជាអធិបតីបើក និងដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០ ដែលសហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋបាលខេត្តកំពង់ធំកាលពីថ្ងៃទី១៥ ខែសីហា ថ្មីៗនេះ។
ដើម្បីឈានទៅសម្រេចចក្ខុវិស័យខាងលើ ឯកឧត្តម វង្សី វិស្សុត បានដាក់ចេញនូវអភិក្រមគន្លឹះចំនួន៤ចំណុចរួមមានទី១. ត្រូវបង្កើនផលិតភាព និងប្រាក់ចំណេញ ដោយត្រូវគិតគូរជាកញ្ចប់តាំងពីថ្លៃដើម ដី ទឹក កម្លាំងពលកម្មរហូតដល់បំណុល ដើម្បីធានាថា កសិករធ្វើទៅចំណេញពិតប្រាកដ និងមានភាពធន់, ទី២. បង្កើតតម្លៃបន្ថែម និងវាយលុកទីផ្សារតាមរយៈការសិក្សាទីផ្សារជាមុន ផលិតឱ្យត្រូវស្តង់ដាសុវត្ថិភាព ធ្វើឱ្យថ្លៃដើមផលិតទាបបំផុត ព្រមទាំងជំរុញកសិកម្មតាមកិច្ចសន្យា ដើម្បីឱ្យគ្រប់ភាគីចំណេញទាំងអស់គ្នា, ទី៣. កសាងប្រព័ន្ធអេកូឡូស៊ីគាំទ្រតាមរយៈតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង ឃ្លាំងស្តុក ទុនកម្ចីការប្រាក់ទាប និងពង្រឹងសមត្ថភាពសហគមន៍កសិករ និងទី៤. ការអនុវត្តដោយការទទួលខុសត្រូវ ដោយត្រូវកំណត់អ្នកទទួលខុសត្រូវឱ្យច្បាស់លាស់ និងត្រូវត្រៀមផែនការទប់ទល់នឹងហានិភ័យអាកាសធាតុ និងការប្រែប្រួលតម្លៃទីផ្សារជាមុន មិនមែនរង់ចាំដោះស្រាយបញ្ហានោះឡើយ។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ជំរុញឱ្យអង្គសិក្ខាសាលាខាងលើត្រូវកំណត់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មក្នុងរយៈពេល៥ឆ្នាំទៅមុខ និងត្រូវរកឱ្យឃើញនូវបញ្ហាដូចជាហេតុអ្វីការស្តុក ការកែច្នៃ ការវេចខ្ចប់ និងសេវាភ្ជាប់មិនទាន់រីកធំតាមផលិតកម្មកសិកម្ម និងដំណោះស្រាយ ព្រមទាំងអន្តរាគមន៍ឱ្យបានច្បាស់លាស់។ បន្ថែមលើនេះត្រូវកំណត់ថា តើអ្វីជាអាទិភាពពិតប្រាកដ ហើយត្រូវធ្វើអ្វីមុន និងអ្វីក្រោយ អ្នកណាជាអ្នកធ្វើ ហើយនៅចុងក្រោយ តើការផ្លាស់ប្តូរនោះនឹងធ្វើឱ្យប៉ះពាល់ប្រាក់ចំណូល និងជីវភាពរបស់ប្រជាជនប្រសើរឡើងយ៉ាងដូចម្តេច?
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន, ការពង្រឹងសន្តិសុខសេដ្ឋកិច្ច កសិកម្ម ស្បៀង ថាមពល និងទឹក សុទ្ធសឹងតែជាកត្តាសំខាន់បំផុតមិនអាចមើលរំលងបានដូចគ្នានឹងបញ្ហាអធិបតេយ្យភាព និងសន្តិសុខជាតិផងដែរ។ ក្នុងបរិការណ៍នេះឯកឧត្តមជឿជាក់ថា វិស័យកសិកម្មនឹងកាន់តែមានសារៈសំខាន់ ព្រោះម្ខាងអាចភ្ជាប់កំណើនសេដ្ឋកិច្ចទៅនឹងការងារ, ប្រាក់ចំណូល និងជីវភាពប្រជាជននៅមូលដ្ឋានផ្ទាល់ និងម្ខាងទៀត ដើម្បីធានាសន្តិសុខសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខជាតិទាំងមូល។ រាជរដ្ឋាភិបាលនីតិកាលទី៧ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មជាវិស័យអាទិភាពដោយមានទិសដៅជំរុញការផ្លាស់ប្តូរពីកសិកម្មបែបប្រពៃណីទៅជាកសិ-ឧស្សាហកម្មទំនើប ដែលមានផលិតភាព ប្រាក់ចំណេញ ទីផ្សារ ភាពធន់ និរន្តរភាព និងតម្លៃបន្ថែមខ្ពស់ ដោយផ្អែកលើសសរស្តម្ភគន្លឹះចំនួន៤ គឺផលិតភាព, ការធ្វើពិពិធកម្មផលិតផល និងទីផ្សារកសិកម្ម, ភាពប្រកួតប្រជែង និងពាណិជ្ជូបនីយកម្ម៕