អាជីវកម្ម

អ្នកជំនាញស្នើឱ្យរដ្ឋាភិបាល ទប់ស្កាត់ និងបង្កើនការរឹតបន្តឹងលើការបើករបរតូចតាចរបស់ជនបរទេស


ក្រុមអ្នកជំនាញ និងអ្នកតាមដានព្រឹត្តិការណ៍សង្គម បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះវត្តមានរបស់ជនបរទេសដែលកំពុងជ្រៀតជ្រែកធ្វើអាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ខណៈមុខរបរបែបប្រពៃណី និងអាជីវកម្មតូចតាចរបស់ពលរដ្ឋខ្មែរ កំពុងជួបបញ្ហាប្រឈមនៃការប្រកួតប្រជែងយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូលជាបន្តបន្ទាប់។
អាជីវកម្ម
ដោយ

ការបង្ហាញក្តីបារម្ភនេះធ្វើឡើងក្រោយអ្នកជំនាញសង្កេតឃើញថា មានជនបរទេសជាច្រើនកំពុងដណ្ដើមមុខរបរតូចតាច និងអាជីវកម្មតាមដងផ្លូវរបស់ពលរដ្ឋខ្មែរ។ បើតាមក្រុមអ្នកជំនាញ អាជ្ញាធរមានសមត្ថកិច្ចគួរតែមានវិធានការត្រួតពិនិត្យលើភាពស្របច្បាប់នៃទិដ្ឋការរបស់ជនបរទេស និងរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីការងាររបស់កម្ពុជា ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសវាងផលប៉ះពាល់ដល់មុខរបរ និងជីវភាពរបស់ពលរដ្ឋខ្មែរ។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ មានជនបរទេសជាច្រើនកំពុងលក់ដូរតាមដងផ្លូវ និងដណ្ដើមមុខរបររបស់ពលរដ្ឋខ្មែរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ បញ្ហានេះបានធ្វើឱ្យពលរដ្ឋខ្មែរមួយចំនួនប្រឈមនឹងការបាត់បង់ប្រាក់ចំណូល ប៉ះពាល់ដល់ជីវភាព និងធ្វើឱ្យពួកគេអាចសម្រេចចិត្តធ្វើចំណាកស្រុក ឬទៅប្រកបមុខរបរដែលប្រាសចាកពីតម្រូវការសង្គមជាដើម។ បើតាមលោក វន់ ពៅ ស្ថិតនៅក្នុងស្ថានភាពនេះ រដ្ឋាភិបាលកម្ពុជាគួរមានយន្តការទប់ស្កាត់ជាបន្ទាន់ ដើម្បីកុំឱ្យជនបរទេសមកប្រកបមុខរបរណា ដែលប៉ះពាល់ដល់ជីវភាពពលរដ្ឋខ្មែរ ខណៈការប្រែប្រួលសេដ្ឋកិច្ចកំពុងធ្វើឱ្យប្រាក់ចំណូលរបស់ពលរដ្ឋមានការធ្លាក់ចុះជាងមុន។ ជាមួយគ្នានេះ លោកអំពាវនាវដល់រដ្ឋាភិបាលឱ្យបង្កើនជំនាញវិជ្ជាជីវៈដល់អាជីវករខ្មែរ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងសម័យឌីជីថល។

មិនខុសគ្នានោះទេ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានព្រឹត្តិការណ៍សង្គមក៏សង្កេតឃើញផងដែរថា បច្ចុប្បន្នមានជនបរទេសមួយចំនួនកំពុងធ្វើអាជីវកម្មក្នុងទម្រង់សេដ្ឋកិច្ចក្រៅប្រព័ន្ធលាយឡំជាមួយពលរដ្ឋខ្មែរ។ បើតាមអ្នកជំនាញរូបនេះ អាជ្ញាធរគួរមានការត្រួតពិនិត្យលើភាពស្របច្បាប់នៃទិដ្ឋការរបស់ជនបរទេស និងអនុលោមតាមច្បាប់ស្ដីពីការងាររបស់កម្ពុជា ដើម្បីចៀសវាងផលប៉ះពាល់ដល់មុខរបររបស់ពលរដ្ឋខ្មែរដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សម្រាប់លោក វន់ ពៅ រដ្ឋាភិបាលគួរតែអនុញ្ញាតចំពោះតែជនបរទេសណា ដែលជាមន្ត្រី វិនិយោគិន ឬជាអ្នកបច្ចេកទេសជំនាញខ្ពស់ ដែលជនជាតិខ្មែរមិនទាន់អាចធ្វើបានប៉ុណ្ណោះ នោះទើបមិនប៉ះពាល់ដល់មុខរបរ និងឆ្នាំងបាយរបស់ពលរដ្ឋ ដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ទោះបាតុភូត អែលនីណូ វាយលុកទិន្នផលស្រូវ តែតម្រូវការអង្ករកម្ពុជា នៅលើទីផ្សារអន្តរជាតិហក់ឡើង

វិស័យស្រូវអង្ករកម្ពុជា នៅតែរក្សាបាននូវសម្ទុះទីផ្សារយ៉ាងរឹងមាំក្នុងឆ្នាំ២០២៦ នេះ បើទោះបីជាការបង្កបង្កើនផលកសិកម្មត្រូវប្រឈមមុខនឹងផលប៉ះពាល់ព…

ថៃ ​កំពុងជួបព្យុះសេដ្ឋកិច្ចធំៗ៣ក្នុងពេលតែមួយដែល​កំពុងសង្កត់ក SMEs និងបង្ខំឱ្យអ្នកប្រើប្រាស់កាន់តែក្បិតក្បៀត​ការចាយវាយ

​ពេល​នេះ​សេដ្ឋកិច្ចថៃ កំពុងប្រឈមនឹងព្យុះភ្លៀងធំៗចំនួន៣ ដែល​មកព្រមៗគ្នាក្នុងពេលតែមួយ​។ ព្យុះ​សេដ្ឋកិច្ចទី១ គឺថ្លៃថាមពលខ្ពស់, ព្យុះសេដ្ឋកិច្ចទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ