ឆ្លើយតបនឹងកង្វល់នេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួងបានដាក់ឱ្យដំណើរការប្រព័ន្ធឌីជីថលសម្រាប់បម្រើដល់ការចុះបញ្ជីបង្កើតសិប្បកម្មយ៉ាងងាយស្រួល ដែលប្រព័ន្ធនេះត្រូវបានភ្ជាប់ទៅនឹងថ្នាលបច្ចេកវិទ្យាថ្នាក់ជាតិ ដើម្បីសម្រាលបន្ទុក និងបង្កលក្ខណៈងាយស្រួលដល់ម្ចាស់អាជីវកម្ម។
ឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជាបានកត់សម្គាល់ឃើញថា ការបំពេញបែបបទ និងនីតិវិធីនៃការចុះបញ្ជីសិប្បកម្មត្រូវឆ្លងកាត់ក្រសួង និងស្ថាប័នច្រើន ឬតិច គឺអាស្រ័យទៅលើប្រភេទ និងទំហំនៃអាជីវកម្មជាក់ស្ដែង។ ទោះជាយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា នីតិវិធីដែលហូរហែច្រើនពេក ជួនកាលបានធ្វើឱ្យម្ចាស់អាជីវកម្មក្នុងស្រុកមួយចំនួនមានចិត្តរារែក លែងចង់ពង្រីកអាជីវកម្មរបស់ខ្លួន ហើយអាចនឹងងាកទៅរកការនាំចូលផលិតផលសម្រេចពីបរទេសមកវិញ ដែលជាការខាតបង់ដល់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក។
ជាការកត់សម្គាល់របស់អ្នកជំនួញរូបនេះ មកទល់ពេលនេះម្ចាស់សហគ្រាសមួយចំនួននៅមានកម្រិតយល់ដឹងទាបលើការបំពេញបែបបទច្បាប់ ខណៈការប្រគល់ភារកិច្ចឱ្យអ្នករត់ការក្រៅផ្លូវការ ក៏នៅតែជាបញ្ហាប្រឈមធ្ងន់ធ្ងរ។ ក្នុងន័យនេះប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជាបានស្នើដល់ក្រសួងពាក់ព័ន្ធជួយបង្កើតជាយន្តការច្រកចេញចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងជំរុញឱ្យអាជីវកម្មងាកមកចូលក្នុងប្រព័ន្ធច្បាប់បានកាន់តែច្រើន។
ជាមួយគ្នានេះឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាក៏បានទទួលស្គាល់ដែរថា ការបំពេញបែបបទរដ្ឋបាលរបស់វិស័យឯកជនមួយចំនួន ពិតជាមានភាពសាំញ៉ាំប្រាកដមែន ជាពិសេសសម្រាប់ម្ចាស់អាជីវកម្មដែលមិនទាន់មានភាពស៊ាំ ឬមិនទាន់ចេះប្រើប្រាស់ប្រព័ន្ធចុះបញ្ជីតាមអនឡាញរបស់ក្រសួង។
ដើម្បីដោះស្រាយបញ្ហានេះ លោកឧកញ៉ា បានអំពាវនាវដល់ម្ចាស់អាជីវកម្ម និងសហគ្រាសទាំងឡាយ ដែលជួបការលំបាកអាចមកពិភាក្សា ឬប្រឹក្សាយោបល់ជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដោយខាងសមាគមត្រៀមខ្លួនជានិច្ចក្នុងការជួយសម្របសម្រួល និងរៀបចំឯកសារគ្រប់ប្រភេទជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ឆ្លើយតបនឹងការលើកឡើងខាងលើឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានពន្យល់បកស្រាយថា មកទល់ពេលនេះ ក្រសួងបានធ្វើទំនើបកម្មយ៉ាងខ្លាំងដោយបានរៀបចំប្រព័ន្ធឌីជីថលស្វ័យប្រវត្តិកាត់បន្ថយការជួបផ្ទាល់ ដើម្បីសម្រួលដល់ការចុះបញ្ជីសិប្បកម្ម ហើយប្រព័ន្ធនេះ ក៏មានការតភ្ជាប់អន្តរកម្មជាមួយថ្នាលឌីជីថលថ្នាក់ជាតិផងដែរ។ មន្ត្រីជាន់ខ្ពស់រូបនេះបានសង្កត់ធ្ងន់ថា ការឆ្លងកាត់ក្រសួងតិច ឬច្រើន វាអាស្រ័យលើទម្រង់អាជីវកម្មដែលទាមទារអាជ្ញាប័ណ្ណជំនាញខុសៗគ្នា ប៉ុន្តែការប្រគល់ការងារឱ្យអ្នករត់ការក្រៅប្រព័ន្ធ ទើបជាដើមចមពិតប្រាកដដែលនាំឱ្យមានភាពវង្វេង និងស្មុគស្មាញខ្លាំង។
ទោះជាយ៉ាងណាក៏ដោយឯកឧត្តម ហេង សុខគង់ បានគូសបញ្ជាក់បន្ថែមថា ក្រសួងឧស្សាហកម្មមិនគិតថានីតិវិធីបច្ចុប្បន្នល្អឥតខ្ចោះនោះទេ ដោយក្រសួងនឹងបន្តតាមដាន និងពិនិត្យលើរាល់បញ្ហាប្រឈមទាំងឡាយក្នុងការបំពេញបែបបទរដ្ឋបាល ដើម្បីកែសម្រួល កាត់បន្ថយភាពសាំញ៉ាំ និងស្វែងរកដំណោះស្រាយសមស្របបំផុតសំដៅបង្កបរិយាកាសអាជីវកម្មឱ្យកាន់តែមានភាពធូរស្រាល និងគាំទ្រដល់ដង្ហើមសេដ្ឋកិច្ច នៃឧស្សាហកម្មផលិតកម្មក្នុងស្រុកឱ្យកាន់តែរីកចម្រើនទៅមុខ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ