សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់តំណាងនិងមន្រ្តីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន, ក្រុមហ៊ុនចម្ការកៅស៊ូ, ក្រុមហ៊ុនដឹកជញ្ជូន និងជីកសិកម្ម, ក្រុមហ៊ុននាំចេញអង្ករ, សមាគមអ្នកដាំស្វាយចន្ទី, សមាគមដំឡូងមីកម្ពុជា, សហគមន៍កសិកម្ម, សហគមន៍នេសាទ, គ្រឹះស្ថានធនគារនិងហិរញ្ញវត្ថុ, គ្រឹះស្ថានបណ្តុះបណ្តាល និងស្ថាប័នស្រាវជ្រាវ ព្រមទាំងដៃគូអភិវឌ្ឍ សរុបប្រមាណជិត ៤០០នាក់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា សិក្ខាសាលាពិគ្រោះយោបល់នេះ គឺជាការគិតគូររួមគ្នារវាងក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងរដ្ឋបាលខេត្ត ព្រមទាំងគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីរៀបចំជាត្រីវិស័យក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនខេត្តកំពង់ធំ។ វត្តមានចូលរួមរបស់តួអង្គពាក់ព័ន្ធទាំងអស់នាថ្ងៃនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈចូលរួម និងការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍខេត្តកំពង់ធំទាំងមូល ហើយជាពិសេសក្នុងវិស័យកសិកម្ម ដែលជាវិស័យមានសក្តានុពលដ៏ធំ ស្របតាមស្មារតី រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ សំដៅរៀបចំសក្តានុពលវិស័យនេះ ឱ្យក្លាយទៅជាប្រព័ន្ធសេដ្ឋកិច្ច ដែលមានប្រសិទ្ធភាព និងប្រទាក់ក្រឡាគ្នា ព្រមទាំងជាមជ្ឈមណ្ឌលកសិ-ឧស្សាហកម្មដ៏រឹងមាំ និងជាតំបន់ភស្ដុភារកម្មរបស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន, ការពង្រឹងសន្តិសុខសេដ្ឋកិច្ច កសិកម្ម ស្បៀង ថាមពល និងទឹក សុទ្ធសឹងតែជាកត្តាសំខាន់បំផុតមិនអាចមើលរំលងបាន ដូចគ្នានឹងបញ្ហាអធិបតេយ្យភាព និងសន្តិសុខជាតិផងដែរ។ ក្នុងបរិការណ៍នេះដែរ វិស័យកសិកម្មនឹងកាន់តែមានសារៈសំខាន់ ព្រោះម្ខាងអាចភ្ជាប់កំណើនសេដ្ឋកិច្ចទៅនឹងការងារ, ប្រាក់ចំណូល និងជីវភាពប្រជាជននៅមូលដ្ឋានផ្ទាល់ និងម្ខាងទៀត ដើម្បីធានាសន្តិសុខសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខជាតិទាំងមូលផងដែរ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងថាមពលរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាវិស័យអាទិភាព ដោយមានទិសដៅជំរុញការផ្លាស់ប្តូរពីកសិកម្មបែបប្រពៃណី ទៅជាកសិ-ឧស្សាហកម្មទំនើប ដែលមានផលិតភាព ប្រាក់ចំណេញ ទីផ្សារ ភាពធន់ និរន្តរភាព និងតម្លៃបន្ថែមខ្ពស់ ដោយផ្អែកលើសសរស្តម្ភគន្លឹះចំនួន៤ គឺ៖ ផលិតភាព (Productivity), ការធ្វើពិពិធកម្មផលិតផល និងទីផ្សារកសិកម្ម (Diversification), ភាពប្រកួតប្រជែង (Competitiveness) និងពាណិជ្ជូបនីយកម្ម (Commercialization) ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ មានប្រសាសន៍ផងដែរថា សេដ្ឋកិច្ច (GDP) ខេត្តកំពង់ធំ មានចំណែកនៃវិស័យកសិកម្មរហូតដល់ប្រមាណ ៧៤% ខណៈវិស័យឧស្សាហកម្មមានត្រឹមតែ ៦,៣% ប៉ុណ្ណោះ។ ប្រជាជនខេត្តកំពង់ធំស្មើនឹងប្រមាណ ៥% នៃចំនួនប្រជាជនកម្ពុជាទូទាំងប្រទេស ខណៈទំហំសេដ្ឋកិច្ចខេត្តកំពង់ធំស្មើនឹងប្រមាណតែ ៣% នៃទំហំសេដ្ឋកិច្ចប្រទេសកម្ពុជាប៉ុណ្ណោះ។ តួលេខទាំងនេះបានបង្ហាញសារយុទ្ធសាស្ត្រច្បាស់ថា ការរៀបចំអនាគតវិស័យកសិកម្ម គឺជាការរៀបចំអនាគតសេដ្ឋកិច្ចរបស់ខេត្តកំពង់ធំទាំងមូល។ ដូចនេះ ការគិតគូររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំឆ្នាំ២០២៦-២០៣០នាថ្ងៃនេះ គឺដើម្បីអនាគតរបស់ខេត្តកំពង់ធំ និងដើម្បីអនាគតរបស់ប្រជាជនខេត្តកំពង់ធំ។ ចក្ខុវិស័យសម្រាប់ខេត្តកំពង់ធំរបស់យើង គឺត្រូវឈានពីសេដ្ឋកិច្ចដែលមានមូលដ្ឋានកសិកម្ម ទៅជាសេដ្ឋកិច្ចដែលមានមូលដ្ឋានកសិ-ឧស្សាហកម្ម។ គោលដៅរបស់យើងមិនមែនធ្វើឱ្យខេត្តកំពង់ធំពឹងផ្អែកលើកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រើមូលដ្ឋានកសិកម្មដ៏ធំនេះ ដើម្បីជំរុញវិស័យកសិ-ឧស្សាហកម្ម, សេវាកម្ម, ការវិនិយោគ និងតម្លៃបន្ថែមឱ្យកាន់តែខ្ពស់។ ក្នុងន័យនេះ អង្គសិក្ខាសាលារបស់យើង គឺត្រូវកំណត់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ក្នុងរយៈពេល ៥ឆ្នាំទៅមុខ និងត្រូវតែរកឱ្យឃើញនូវបញ្ហា ដូចជា ហេតុអ្វីការស្តុក ការកែច្នៃ ការវេចខ្ចប់ និងសេវាភ្ជាប់មិនទាន់រីកធំតាមផលិតកម្មកសិកម្ម និងដំណោះស្រាយ ព្រមទាំងអន្តរាគមន៍ឱ្យបានច្បាស់លាស់។ ទន្ទឹមនេះ ត្រូវកំណត់ថា តើអ្វីជាអាទិភាពពិតប្រាកដ តើយើងត្រូវធ្វើអ្វីមុននិងអ្វីក្រោយ អ្នកណាជាអ្នកធ្វើ ហើយនៅចុងក្រោយ តើការផ្លាស់ប្តូរនោះនឹងធ្វើឱ្យប៉ះពាល់ប្រាក់ចំណូល និងជីវភាពរបស់ប្រជាជនប្រសើរឡើងយ៉ាងដូចម្តេច។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានសង្កត់ធ្ងន់ថា កសិផលសំខាន់ៗដូចជា ស្រូវ ស្វាយចន្ទី ដំឡូងមី កៅស៊ូ ដំណាំសក្តានុពល វារីវប្បកម្ម និងការចិញ្ចឹមសត្វ មិនត្រូវបញ្ចប់ត្រឹមការលក់ជាវត្ថុធាតុដើមឆៅនោះឡើយ ប៉ុន្តែត្រូវបង្កើតឱ្យមានខ្សែច្រវាក់ កែច្នៃ បច្ចេកវិទ្យា ភស្តុភារកម្ម និងទីផ្សារក្នុងខេត្ត។
ឈរលើមូលដ្ឋាននេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្ដល់នូវគោលការណ៍តម្រង់ទិសដែលជាអភិក្រមគន្លឹះចំនួន ៤ សម្រាប់ដំណើរការនៃកិច្ចពិភាក្សា រួមមាន៖ (១).ផលិតភាព និងប្រាក់ចំណេញ ដោយត្រូវផ្ដោតទាំងផលិតភាព ដី ទឹក កម្លាំង ពលកម្ម ថ្លៃដើម តម្លៃលក់ ការខាតបង់ ហានិភ័យ និងបំណុល ជាកញ្ចប់ទាំងមូល ពីកន្លែងដែលត្រូវកែប្រែតម្រង់ទិសបន្ថែមទៀត ក្នុងគោលដៅផលិតឱ្យមានផលិតភាពខ្ពស់ មានប្រាក់ចំណេញខ្ពស់ និងមានភាពធន់ និងចីរភាព, (២).តម្លៃបន្ថែម និងទីផ្សារ ដោយត្រូវផ្ដោតលើទីផ្សារមុន និងត្រូវគិតគូរទាំងការផលិតសម្រាប់ហូប និងការផលិតដើម្បីលក់ ទាំងស្តង់ដា គុណភាព សុវត្ថិភាព និងតម្លៃប្រកួតប្រជែង ក្នុងគោលដៅធ្វើឱ្យតម្លៃរបស់យើងមានកម្រិតល្អបំផុត (Optimal) ហើយអាចឱ្យតួអង្គទាំងអស់នៅក្នុងខ្សែច្រវាក់តម្លៃ បានចំណេញទាំងអស់គ្នា ពិសេសការជំរុញកសិកម្មតាមកិច្ចសន្យា (Contract Farming), (៣).ការកសាងប្រព័ន្ធអេកូឡូស៊ីគាំទ្រ ដោយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (ទឹក ផ្លូវ ភ្លើង ឃ្លាំងស្តុក) ហិរញ្ញប្បទានសមស្រប បច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ក្នុងគោលដៅឆ្លើយតបទៅនឹងចំណុចរាំងស្ទះនៃខ្សែច្រវាក់ និង (៤).ការអនុវត្ត ការទទួលខុសត្រូវ និងភាពធន់ ដោយកំណត់អ្នកទទួលខុសត្រូវ និងធនធានជាក់លាក់ ព្រមទាំងបញ្ចូលការគ្រប់គ្រងហានិភ័យ ទាំងអាកាសធាតុ ទីផ្សារ និងតម្លៃតាំងពីដើមទី មិនមែនរង់ចាំដោះស្រាយបញ្ហានោះឡើយ។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានដាក់ជា វិញ្ញាសាគន្លឹះចំនួន៥ ជូនដល់វាគ្មិន និងក្រុមពិភាក្សាតាមខ្សែច្រវាក់តម្លៃអាទិភាពទាំង ៦ (ស្រូវ, ស្វាយចន្ទី, ដំឡូងមី, កៅស៊ូនិងដំណាំសក្តានុពល, វារីវប្បកម្ម និងការចិញ្ចឹមសត្វ) រួមមាន៖ (១).ការជ្រើសរើសផលិតផលយុទ្ធសាស្ត្រ ផលិតផលសក្ដានុពល និងការកំណត់តំបន់អាទិភាព ព្រមទាំងចលនាកម្លាំងពលកម្មដោយផ្អែកលើស្ថានភាពប្រជាសាស្ត្រក្នុងខេត្តកំពង់ធំ ផ្អែកតាមផល ទៅតាមប្រភេទដំណាំ ឬការចល័តសកម្មភាពផលិតកម្ម, (២).ការស្វែងរកឱ្យឃើញនូវឫសគល់នៃបញ្ហា និងចំណុចរាំងស្ទះពិតប្រាកដ, (៣).ការកំណត់កន្លែងដែលបាត់បង់តម្លៃបន្ថែមក្នុងខ្សែច្រវាក់តម្លៃនៅគ្រប់តួអង្គពាក់ព័ន្ធទាំងអស់, (៤).ការបែងចែកតួនាទីរបស់តួអង្គទាំងអស់ និងយន្តការសម្របសម្រួលឱ្យបានច្បាស់លាស់និងមានប្រសិទ្ធភាព ដើម្បីចៀសវាងការបង្កើតបន្ទុកទៅលើអ្នករកស៊ី និងអ្នកវិនិយោគ និង (៥).ការកំណត់គោលដៅជាក់លាក់ដែលអាចវាស់វែងបាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានស្នើដល់វាគ្មិន និងក្រុមពិភាក្សា សូមឱ្យគិតគូរជាខ្សែច្រវាក់តម្លៃ ព្រោះទាល់តែយកគោលការណ៍ខ្សែច្រវាក់តម្លៃមកគិត ទើបយើងអាចដោះស្រាយបញ្ហាបាន និងអាចទម្លុះទម្លាយបញ្ហាឱ្យអស់មួយខ្សែរបស់វាបាន។ ទន្ទឹមនេះ ក៏មិនត្រូវភ្លេចនូវគុណតម្លៃយុទ្ធសាស្រ្តរបស់រាជរដ្ឋាបាល គឺ «ការយកប្រជាជនជាស្នូល» ហើយម៉ែត្រវាស់សំខាន់ចុងក្រោយ គឺប្រជាជនបានចំណេញ កសិករធូរធារ និងមានមុខរបររឹងមាំ ប្រាក់ចំណូលកើនឡើង មានសុខុមាលភាព កូនចៅពួកគាត់ទទួលបាន ការអប់រំ សុខាភិបាល និងមិនធ្លាក់ក្នុងបំណុលវ័ណ្ឌក។