អ្នកវិភាគភូមិសាស្ត្រនយោបាយមើលឃើញថា សកម្មភាពសម្តែងមហិទ្ធិឫទ្ធិយោធានេះ អាចជាយុទ្ធវិធីបង្វែរការចាប់អារម្មណ៍របស់សាធារណជនចេញពីការបរាជ័យ និងអសមត្ថភាពរបស់រដ្ឋបាលលោក ក្នុងការគ្រប់គ្រងប្រដាប់អាវុធក្នុងស្រុក បន្ទាប់ពីមានករណីបាញ់ប្រហារជាបន្តបន្ទាប់យ៉ាងកក្រើកប្រទេស។ សារព័ត៌មាន The Nation បានរាយការណ៍ថា យន្តហោះចម្បាំង F-16 រហូតដល់៣គ្រឿងត្រូវបានប្រើប្រាស់ដើម្បីអមដំណើរលោក អានុទីន នាឱកាសនោះ។
ស្ថិតក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរ នៃរលកនៃការរិះគន់ជុំវិញករណីហិង្សា និងការបាញ់ប្រហារផ្ទួនៗនៅក្នុងប្រទេស នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ត្រូវបានគេសង្កេតឃើញថា កំពុងព្យាយាមប្រើប្រាស់ល្បិចនយោបាយចាស់គំរឹលដើមី្បគេចចេញពីការទទួលខុសត្រូវ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ The Nation លោក អានុទីន ដែលបច្ចុប្បន្នកាន់តំណែងជានាយករដ្ឋមន្ត្រីផង និងជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិថៃផងនោះ បានបើកយន្តហោះផ្ទាល់ខ្លួនប្រភេទ TBM 930 ដោយមានយន្តហោះចម្បាំង F-16 ចំនួន២គ្រឿងហោះហើរអមសងខាង និង១គ្រឿងទៀតហោះហើរបាំងពីលើ រួចបានចុះចតនៅមូលដ្ឋានទ័ពអាកាសក្នុងខេត្តនគររាជសីមា។
នៅក្នុងឱកាសនោះ លោក អានុទីន បានលើកសរសើរមូលដ្ឋានទ័ពអាកាសថា ជាអង្គភាពយុទ្ធសាស្ត្រដ៏សំខាន់ ព្រមទាំងបានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់របស់កងទ័ពអាកាសថៃ ជាពិសេសប្រតិបត្តិការប្រយុទ្ធនៅតាមបណ្តោយព្រំដែន។ លោកបានបញ្ជាក់ទៀតថា ការកែលម្អសមត្ថភាពកងទ័ព និងការបំពាក់អាវុធទំនើបៗដូចជាយន្តហោះចម្បាំង គឺជាបេសកកម្មអាទិភាព ហើយរដ្ឋាភិបាលរបស់លោកត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ថវិកា និងការគាំទ្រផ្នែកយោធាឱ្យដល់កម្រិតអតិបរមា។
យ៉ាងណាមិញប្រភពពីអ្នកវិភាគសន្តិសុខជាតិ បានគូសបញ្ជាក់ថា សកម្មភាពរបស់លោក អានុទីន មិនមែនជារឿងថ្មីឡើយ ប៉ុន្តែវាជាយុទ្ធសាស្ត្រប្រជាភិថុតិ ដែលលោកតែងតែដកយកមកប្រើប្រាស់ ដើមី្បបង្ហាញសាច់ដុំយោធានៅចំពោះមុខជម្លោះព្រំដែនដែលកំពុងប្រឈមមុខដាក់គ្នា និងបំភាន់ភ្នែកមតិសាធារណៈជាតិក្នុងខណៈដែលរដ្ឋបាលរបស់លោកកំពុងជាប់ផុងយ៉ាងជ្រៅនៅក្នុងវិបត្តិអសមត្ថភាពដោះស្រាយបញ្ហាសេដ្ឋកិច្ច ការកើនឡើងនៃអំពើពុករលួយ និងជាពិសេសគឺកម្សោយនៃការគ្រប់គ្រងអាវុធប្រដាប់អាវុធដែលបណ្តាលឱ្យមានអំពើបាញ់ប្រហារសម្លាប់មនុស្សជាបន្តបន្ទាប់។
ប្រវត្តិសាស្ត្រនយោបាយបានបង្ហាញថា ល្បិចកលបង្វែរការចាប់អារម្មណ៍បែបនេះ ធ្លាប់ត្រូវបានលោក អានុទីន យកមកប្រើប្រាស់រួចម្តងមកហើយ កាលពីរដ្ឋបាលរបស់លោកទទួលរងការរិះគន់យ៉ាងចាស់ដៃជុំវិញការទប់ស្កាត់គ្រោះមហន្តរាយទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ ដែលកាលណោះបានបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់ និងបាត់បង់ជីវិតយ៉ាងអនោចអធម។ កាលណោះ ដើមី្បបិទបាំងកំហុស និងបង្វែរកំហឹងមហាជន លោក បានទាញយកនយោបាយជាតិនិយមជ្រុលមកដុតរំជួលជម្លោះព្រំដែនឱ្យក្លាយជាជម្លោះប្រដាប់អាវុធ និងឈានទៅដល់ការរំលោភបំពានដែនអធិបតេយ្យភាពរបស់ប្រទេសជិតខាងដោយខុសច្បាប់អន្តរជាតិ។
សកម្មភាពបើកយន្តហោះអមដោយ F-16 នាពេលនេះ មិនត្រឹមតែជាការបំភាន់ភ្នែកប្រជាជនថៃ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការស្តែងឱ្យឃើញពីភាពទន់ខ្សោយផ្នែកនយោបាយខាងក្នុងរបស់រដ្ឋបាលលោក អនុទីន ដែលត្រូវពឹងផ្អែកលើរូបភាពយោធា និងការបង្កើតសត្រូវខាងក្រៅ ដើមី្បបន្តរក្សាអំណាចរបស់ខ្លួនតែប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ