ជាមួយគ្នានេះ ក្រុមអ្នកជំនាញស្នើឱ្យភាគីពាក់ព័ន្ធជួយពន្លឿនការដោះស្រាយវិវាទនេះឱ្យបានឆាប់ ដើម្បីស្ដារទំនុកចិត្តពីសាធារណជន និងវិនិយោគិន ចៀសវាងការរីករាលដាលក្លាយជាជំងឺឆ្លងដល់ប្រព័ន្ធធនាគារទាំងមូល។ បើតាមការបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា អតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយ វ័ន ផេ ត្រូវបានជម្រះបញ្ជី និងដោះស្រាយជូនម្ចាស់បំណុលរួចរាល់ហើយ ហើយបានលុបចេញពីបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានចាត់ទុកវិស័យហិរញ្ញវត្ថុ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់បណ្តាប្រទេសនានា នៅលើសកលលោក ដូច្នេះរូបភាពនៃការតវ៉ាដែលឈានដល់ការប្រើអំពើហិង្សារវាងអតិថិជនរបស់អតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ជាមួយកងកម្លាំងសន្តិសុខនៅមុខធនាគារជាតិនៃកម្ពុជាថ្មីៗនេះ វារូបភាពអវិជ្ជមានសម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈរូបភាពនេះចង់ ឬមិនចង់វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន និងធ្វើឱ្យពួកគេមួយចំនួនមានចិត្តរារែកក្នុងការបោះទុនវិនិយោគនៅកម្ពុជា ដោយសារបារម្ភពីស្ថិរភាពសង្គម និងសុវត្ថិភាពដើមទុន។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានសង្កត់ធ្ងន់ថា ស្ថាប័នពាក់ព័ន្ធគួរអន្តរាគមន៍តាមផ្លូវច្បាប់លើករណីឱ្យបានឆាប់ និងប្រកបដោយតម្លាភាព និងយុត្តិធម៌ ព្រមទាំងពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីចៀសវាងការតវ៉ាតាមដងផ្លូវដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។
ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយយល់ឃើញថា រូបភាពតវ៉ារបស់ អតិថិជនរបស់អតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សង់ ហួយវ័ន ផេ ដើម្បីទាមទារប្រាក់ត្រឡប់មកវិញនេះ ហាក់បង្ហាញសញ្ញាមួយដ៏គួរឱ្យព្រួយបារម្ភ ហើយវាអាចជះឥទ្ធិពលមិនល្អដល់ធនាគារ ដែលមានប្រតិបត្តិការល្អផ្សេងទៀត។ បើតាមអ្នកជំនាញរូបនេះ ភាគីពាក់ព័ន្ធត្រូវធ្វើយ៉ាងណាដោះស្រាយឱ្យដល់ឫសគល់ នៃបញ្ហា ដើម្បីស្ដារទំនុកចិត្តដល់សាធារណជនលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។ អ្នកជំនាញរូបនេះបានព្រមានថា ប្រសិនបើស្ថាប័នមានសមត្ថកិច្ចមិនអាចដោះស្រាយបញ្ហានេះឱ្យដល់ឫសគល់ទេ នោះវានឹងក្លាយជាជំងឺឆ្លង ដែលអាចបំផ្លាញដល់ប្រព័ន្ធធនាគារនៅកម្ពុជា ទាំងមូល។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ករណីអតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយ វ័ន ផេ ម.ក ធនាគារជាតិនៃកម្ពុជា បានបញ្ចប់ និងរកដំណោះស្រាយដល់បុគ្គលពាក់ព័ន្ធរួចរាល់ហើយ។ ជាមួយគ្នានេះ គ្រឹះស្ថាននេះ ក៏ត្រូវបានលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ផងដែរ។ ធនាគារជាតិនៃកម្ពុជា បានសង្កត់ធ្ងន់ថា ក្រោយដកអាជ្ញាបណ្ណ និងរំលាយ ក្រុមហ៊ុនហួយវ័ន ផេ មិនស្ថិតក្រោមសមត្ថកិច្ចរបស់ធនាគារជាតិទៀតនោះឡើយ ដោយពលរដ្ឋដែលអះអាងនៅមានសិទ្ធស្របច្បាប់ក្នុងការស្វែងរកដំណោះស្រាយ ធានាគារជាតិបានអំពាវនាវឱ្យដោះស្រាយតាមយន្តការតុលាការ និងច្បាប់ជាធរមាន។
យោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០២៥ ប្រព័ន្ធធនាគារកម្ពុជា នៅតែរក្សាបាននូវភាពធន់គួរឱ្យកត់សម្គាល់ ដោយទ្រព្យសកម្មសរុបមានកំណើនប្រមាណ៩,៥%។ ទោះបីជាត្រូវប្រឈមនឹងបញ្ហាឥណទានមិនដំណើរការ និងសម្ពាធពីស្ថានភាពភូមិសាស្ត្រនយោបាយសកលយ៉ាងណាក៏ដោយ ក៏កម្រិតដើមទុន និងសន្ទនីយភាពខ្ពស់បានសបញ្ជាក់ថា ទំនុកចិត្តរបស់អ្នកវិនិយោគ និងសាធារណជនមកលើប្រព័ន្ធធនាគារកម្ពុជានៅតែមានភាពរឹងមាំមិនប្រែប្រួលឡើយ៕
អត្ថបទ៖ ជា ម៉ារ៉ា