វិស័យការទូត

អ្នកជំនាញថៃរិះគន់រដ្ឋាភិបាលរបស់លោក អានុទីន ថា កំពុងប្រើការទូតបែបបាតផ្សារ


លោក ស៊ុរ៉ាឆាត បាំរុងស៊ុក (Surachart Bamrungsuk) អ្នកវិភាគភូមិសាស្ត្រនយោបាយដ៏មានឥទ្ធិពលរបស់ថៃបានសរសេរអត្ថបទរិះគន់ចំៗចំពោះគោលនយោបាយ និងការឆ្លើយតបរបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃជុំវិញជម្លោះព្រំដែនជាមួយកម្ពុជា។ លោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលថៃបច្ចុប្បន្នកំពុងយកនយោបាយប្រឆាំងកម្ពុជាធ្វើជាឧបករណ៍ប្រជាភិថុត ដើម្បីក្រសោបយកប្រជាប្រិយភាព និងរក្សាអំណាចរបស់ខ្លួន។
វិស័យការទូត
ដោយ

អ្នកវិភាគរូបនេះបានចោទជាសំណួរថា តើជ័យជម្នះក្នុងការបោះឆ្នោតរបស់គណបក្សភូមិចៃថៃរបស់លោក អានុទីន ឆានវីរៈគុល នាពេលកន្លងទៅ សម្រេចបានដោយសារគោលនយោបាយប្រឆាំងកម្ពុជា ឬក៏ដោយសារកត្តាផ្សេងទៀត?

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ម៉ាទិឈុន សាស្ត្រាចារ្យ ស៊ុរ៉ាឆាត បាំរុងស៊ុក បានរិះគន់ថា ជំហររបស់នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានបង្ហញឱ្យឃើញយ៉ាងច្បាស់ថា រដ្ឋាភិបាលលោកគ្មានឆន្ទៈក្នុងការដោះស្រាយជម្លោះជាមួយកម្ពុជានោះឡើយ។ រីឯជំហររបស់រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ វិញ ក៏កាន់តែស្តែងចេញនូវភាពទន់ខ្សោយតាមរយៈកិច្ចប្រជុំលើកដំបូង នៃគណៈកម្មាធិការផ្សះផ្សាជម្លោះដែនសមុទ្រ ក្រោមយន្តការអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ជំនួសឱ្យការប្រើប្រាស់សេចក្តីថ្លែងការណ៍ការទូតដើម្បីលើកកម្ពស់មុខមាត់ និងកិត្តិយសជាតិថៃ រដ្ឋមន្ត្រីការបរទេសរូបនេះ បែរជាលើកឡើងនូវអ្វីដែលលោក ស៊ុរ៉ាឆាត ចាត់ទុកថា ជាការទូតបែបបាតផ្សារ ដែលផ្អែកលើការប្រមាថមើលងាយមកប្រើប្រាស់ទៅវិញ។

លោក ស៊ុរ៉ាឆាត បានព្រមានថា ប្រសិនបើរដ្ឋាភិបាលថៃនៅតែបន្តប្រកាន់យកយុទ្ធសាស្ត្រការទូតបាតផ្សារនេះ ថៃនឹងគ្មានថ្ងៃឈ្នះកម្ពុជាលើឆាកអន្តរជាតិឡើយ។ ចំណុចគួរឱ្យកត់សម្គាល់បំផុតនោះ គឺមកទល់ពេលនេះ កម្ពុជាមិនចាំបាច់បញ្ចេញលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ឱ្យចេញមុខតតាំងក្នុងស្ថានការណ៍ជម្លោះជាមួយថៃទៀតនោះទេ។ កម្ពុជាកំពុងរក្សាកូនអុក ដ៏មានប្រៀបមួយគ្រាប់នេះ ដោយមិនធ្លាក់ចូលក្នុងល្បែងជេរប្រមាថ ហើយទុកឱ្យភាគីថៃសម្តែងកាយវិការអរិយភាព និងជេរប្រមាថតែម្នាក់ឯងនៅលើឆាកអន្តរជាតិ។
អ្នកវិភាគថៃរូបនេះបានចោទជាសំណួរដាស់តឿនសង្គមថៃថា តើពេលនេះលើឆាកអន្តរជាតិគេសម្លឹងមើលមកប្រទេសថៃក្នុងរូបភាពបែបណា? តើយើងពិតជាជឿជាក់មែនទេថា យុទ្ធសាស្ត្រការទូតដែលយកការប្រមាថធ្វើជាគោលនយោបាយចម្បងនេះអាចនាំយកជ័យជម្នះមកឱ្យថៃបាន?

លោកបានសន្និដ្ឋានថា គណបក្សភូមិចៃថៃកំពុងលេងល្បែងនយោបាយវាយប្រហារកម្ពុជា ដើម្បីអូសទាញសំឡេងគាំទ្រពីក្រុមជាតិនិយមជ្រុលថៃក្នុងគោលបំណងរក្សាអំណាចតែប៉ុណ្ណោះ ដោយមិនបានដោះស្រាយវិបត្តិធំៗរបស់ជាតិឡើយ។ ផ្ទុយទៅវិញទង្វើនេះកាន់តែបញ្ជាក់ច្បាស់នូវអ្វីដែលកម្ពុជា និងសហគមន៍អន្តរជាតិបានមើលឃើញ គឺថៃខ្លួនឯងហ្នឹងហើយ ដែលជាអ្នកគំរាមកំហែង ជាអ្នកឈ្លានពាន និងជាអ្នកស្តែងចេញនូវឥរិយាបថបែបបាតផ្សារនៅលើឆាកអន្តរជាតិ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


រួមគ្នាកសាងសមិទ្ធផលថ្មី! Cambodia Sport+ ពួតដៃគ្នា​ជាមួយក្លឹបបាល់ទះក្រសួងមហាផ្ទៃ ដើម្បី ជំរុញ​វិស័យបាល់ទះកម្ពុជាឱ្យកាន់តែល្បីរន្ទឺ

ញើសដែលស្រក់នៅលើទីលាន មិនមែនគ្រាន់តែជាការហ្វឹកហាត់ ឬការប្រកួតប៉ុណ្ណោះនោះទេ ប៉ុន្តែវាមានបង្កប់នូវការខិតខំប្រឹងប្រែង ក្ដីស្រឡាញ់ និងក្ដីស្រម…

ឥណ្ឌាបង្កើនការទិញប្រេងពីវេណេស៊ុយអេឡា ក្រោយអាម៉េរិករឹតត្បិតមិនឱ្យទិញប្រេងរុស្ស៊ី

ក្រុមហ៊ុនយក្ស Reliance Industries របស់មហាសេដ្ឋីឥណ្ឌាលោក មូខេស អាមបានី (Mukesh Ambani) ដែលកំពុងចាក់ទុនវិនិយោគលើរោងចក្រចម្រាញ់ប្រេងដ៏…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ