ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប AirAsia របស់ម៉ាឡេស៊ី បានខកខានការទូទាត់ប្រាក់ដល់អ្នកផ្គត់ផ្គង់មួយចំនួន រួមទាំងក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ Rolls-Royce ដែលផ្តល់សេវាថែទាំម៉ាស៊ីនតាមកិច្ចព្រមព្រៀងរយៈពេលវែងផងដែរ។ ការយឺតយ៉ាវក្នុងការទូទាត់នេះ ត្រូវបានគេមើលឃើញថា ជាសញ្ញាមួយបង្ហាញពីការស្ទះហិរញ្ញវត្ថុ ដែលក្រុមហ៊ុនកំពុងជួបប្រទះ។
ជាមួយគ្នានេះ AirAsia ក៏បានស្នើសុំក្រុមហ៊ុនជួលយន្តហោះជាច្រើនឱ្យពន្យារពេលបង់ថ្លៃជួលលើយន្តហោះចំនួន១៦គ្រឿង ដោយលើកហេតុផលថា តម្លៃប្រេងឥន្ធនៈបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីភាពតានតឹង និងសង្គ្រាមពាក់ព័ន្ធអ៊ីរ៉ង់ បានធ្វើឱ្យការចំណាយប្រតិបត្តិការកើនឡើងភ្លាមៗ។ ក្រុមអ្នកជំនាញអាកាសចរណ៍មើលឃើញថា ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរងផលប៉ះពាល់ខ្លាំងជាងគេពីការឡើងថ្លៃប្រេង ព្រោះក្រុមហ៊ុនទាំងនោះពិបាកដំឡើងថ្លៃសំបុត្រយន្តហោះខ្លាំងណាស់ បើដំឡើងមិនស្រួលអាចនឹងបាត់បង់អតិថិជន។
ទោះជាយ៉ាងណា ថ្នាក់ដឹកនាំក្រុមហ៊ុន AirAsia បានចេញមុខបដិសេធថា ក្រុមហ៊ុនមិនបានជួបវិបត្តិហិរញ្ញវត្ថុនោះទេ។ លោក បូ លីនហ្គែម (Bo Lingam) នាយកប្រតិបត្តិក្រុមហ៊ុននេះបានបញ្ជាក់ថា ក្រុមហ៊ុនជួលយន្តហោះមួយចំនួនបានយល់ព្រមផ្តល់ពេលបន្ថែមសម្រាប់ការទូទាត់ ខណៈសហស្ថាបនិក AirAsia លោក ថូនី ហ្វឺណាន់ដេស (Tony Fernandes) អះអាងថា ការចរចាពន្យារពេលបង់ប្រាក់បែបនេះ គឺមិនមែនជារឿងចម្លែកនៅក្នុងឧស្សាហកម្មអាកាសចរណ៍ឡើយ។
គួរបញ្ជាក់ថា ទោះកំពុងប្រឈមវិបត្តិស្ទះហិរញ្ញវត្ថុយ៉ាងណាក្ដី ក៏ក្រុមហ៊ុន AirAsia នៅតែបន្តផែនការពង្រីកអាជីវកម្ម ដោយថ្មីៗនេះបានប្រកាសកិច្ចព្រមព្រៀងទិញយន្តហោះថ្មី Airbus A220 ចំនួន១៥០ គ្រឿង ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ លោក ថូនី ហ្វឺណាន់ដេស (Tony Fernandes) ជឿជាក់ថា ក្រុមហ៊ុននឹងអាចឆ្លងផុតវិបត្តិបច្ចុប្បន្នបាន ដូចដែលក្រុមហ៊ុនធ្លាប់បានឆ្លងផុតវិបត្តិកូវីដ-១៩ កន្លងមក។
ទន្ទឹមនេះសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានព្រមានថា ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកអាចត្រូវចំណាយបន្ថែមរហូតដល់១០០ពាន់លានដុល្លារអាម៉េរិក លើប្រេងឥន្ធនៈនៅឆ្នាំ២០២៦ ដែលអាចធ្វើឱ្យប្រាក់ចំណេញរបស់ឧស្សាហកម្មអាកាសចរណ៍ពិភពលោកធ្លាក់ចុះស្ទើរតែពាក់កណ្តាល៕
ដោយ: តែម សុខុម