យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៩ ខែសីហា លោក ប្រាផាស សនឆៃឌី (Prapas Sornchaidee) ជំនួយការអគ្គមេបញ្ជាការកងទ័ពអាកាសថៃ និងជានាយកមជ្ឈមណ្ឌលព័ត៌មានរួម (JIC) របស់ថៃ ស្តីពី ស្ថានភាពព្រំដែនថៃ-កម្ពុជា បានព្យាយាមបកស្រាយលាងខ្លួនពីការចោទប្រកាន់ខាងលើ ក្រោយម្ចាស់សណ្ឋាគារ ហេងហ្វាង ដែលជាវិនិយោគិនចិន បាននាំផ្លូវមន្ត្រីស្ថានទូតចិន ប្រចាំនៅកម្ពុជា ចុះទៅពិនិត្យមើលទីតាំងផ្ទាល់ និងបានអំពាវនាវយ៉ាងម៉ឺងម៉ាត់ឱ្យថៃ ត្រូវតែប្រគល់អចលនទ្រព្យនោះមកឱ្យវិនិយោគិនចិនវិញជាបន្ទាន់។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលមើលទៅមានចេតនាប៉ងលុបលាងទង្វើឈ្លានពានរបស់កងទ័ពថៃ លោក ប្រាផាស បានព្យាយាមបង្វែរដាន ដោយលើកឡើងថា ពាក្យបណ្តឹងរបស់វិនិយោគិនចិន ជំហររបស់រដ្ឋាភិបាលក្រុងប៉េកាំង បញ្ហាអចលនទ្រព្យ និងបញ្ហាបូរណភាពទឹកដី ត្រូវតែពិចារណាដាច់ដោយឡែកពីគ្នា ដោយមិនត្រូវយកមកច្របូកច្របល់ចូលគ្នានោះឡើយ។ អ្នកនាំពាក្យយោធាថៃរូបនេះ បានបន្តលើកឡើងការពារខ្លួនថា បុគ្គលគ្រប់រូបមានសិទ្ធិប្តឹង ឬស្វែងរកការអន្តរាគមន៍ពីស្ថានទូតរបស់ខ្លួន ប៉ុន្តែការចោទប្រកាន់ថា ថៃ បានឈ្លានពាន ប្លន់យកដីធ្លី ឬរឹបអូសទ្រព្យសម្បត្តិ មិនមែនសុទ្ធតែជាការពិត ដោយគ្រាន់តែផ្អែកលើការចោទប្រកាន់ជាសាធារណៈនោះទេ។
លើសពីនេះទៅទៀត លោក ប្រាផាស បានយកលេសអាងទាំងបំពានថា ការឈរជើងក្នុងទីតាំងបច្ចុប្បន្នរបស់កងទ័ពថៃ គឺអនុវត្តតាមសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខារវាងថៃ និងកម្ពុជា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ដែលតម្រូវឱ្យភាគីទាំងពីររក្សាការដាក់ពង្រាយកងទ័ពនៅទីតាំងបច្ចុប្បន្ន ដោយហាមមិនឱ្យមានការផ្លាស់ទី ឬរំលោភបំពានលើភាគីម្ខាងទៀត។
គួររំលឹកថា សណ្ឋាគារ ហេងហ្វាង គឺជាអចលនទ្រព្យវិនិយោគធំមួយរបស់ចិន ដែលស្ថិតនៅក្នុងតំបន់ថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ លើទឹកដីអធិបតេយ្យរបស់កម្ពុជា ពិតប្រាកដ។ អចលនទ្រព្យនេះ ត្រូវបានកម្លាំងយោធាថៃ បើកការឈ្លានពាន និងប្លន់យកទាំងខុសច្បាប់កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ដែលទង្វើនេះមិនត្រឹមតែជាការរំលោភលើច្បាប់អន្តរជាតិ និងបូរណភាពទឹកដីកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប៉ះពាល់ដោយផ្ទាល់ដល់ផលប្រយោជន៍ និងសុវត្ថិភាពទុនវិនិយោគរបស់ចិន នៅតំបន់អាស៊ីអាគ្នេយ៍ទៀតផង៕
អត្ថបទៈ សួន ឡង់ទី