ប្រទេសអូស្ត្រាលី បានសម្រេចផ្អាកទទួលពាក្យស្នើសុំទិដ្ឋាការការងារ និងវិស្សមកាលសម្រាប់ក្រុមទេសចរសម្ពាយ ដែលមកពីប្រទេសចំនួន២៤ ជាបណ្តោះអាសន្ន ខណៈរដ្ឋាភិបាលក្រុងកង់បេរ៉ា កំពុងពិនិត្យ និងកែសម្រួលឡើងវិញនូវគោលនយោបាយទេសន្តរប្រវេសន៍ និងការធ្វើចំណាកស្រុកស្វែងរកការងារធ្វើរបស់ខ្លួន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី លោក ថូនី បឺក (Tony Burke) បានលើកឡើងថា ពាក្យស្នើសុំទិដ្ឋាការ ដែលបានដាក់រួចហើយ គឺនៅតែបន្តដំណើរការ ប៉ុន្តែអាចមានការយឺតយ៉ាវជាងមុន ដោយសារអាជ្ញាធរកំពុងរៀបចំក្របខណ្ឌវិធានការទេសន្តរប្រវេសន៍ថ្មី។
ក្នុងចំណោមប្រទេសទាំង២៤ ដែលរងការផ្អាកផ្តល់ទិដ្ឋាការទេសចរសម្ពាយនេះ រួមមានបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដូចជា ថៃ សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ព្រមទាំងប្រទេសនៅអាម៉េរិកឡាទីន ដូចជា អាហ្សង់ទីន ប្រេស៊ីល ឈីលី ប៉េរូ និងអ៊ុយរូហ្គាយជាដើម។ ដោយឡែកសម្រាប់ប្រទេសធំៗដូចជា ចិន ឥណ្ឌា និងវៀតណាម គឺត្រូវបានគ្រប់គ្រងតាមប្រព័ន្ធកូតាបោះឆ្នោតដាច់ដោយឡែកពីគេ។
វិធានការក្តៅនេះ ត្រូវគេប្រមើលមើលថា នឹងជះផលប៉ះពាល់ដោយផ្ទាល់ដល់វិស័យកសិកម្មរបស់អូស្ត្រាលី ដែលកន្លងមកតែងតែពឹងផ្អែកយ៉ាងខ្លាំងលើក្រុមទេសចរសម្ពាយក្នុងការចុះជួយប្រមូលផល និងធ្វើការងារតាមរដូវកាល។ ទាក់ទិននឹងបញ្ហានេះ លោក ថូនី បឺក បានបញ្ជាក់ថា រដ្ឋាភិបាលចង់ជំរុញឱ្យម្ចាស់កសិដ្ឋាន និងកសិករអូស្ត្រាលី បង្វែរទៅប្រើប្រាស់កម្មវិធីចល័តកម្លាំងពលកម្មដែលនាំចូលមកពីតំបន់ប៉ាស៊ីហ្វិក ឱ្យបានកាន់តែច្រើនជំនួសវិញ។
ការផ្អាកផ្តល់ទិដ្ឋាការនេះ គឺជាផ្នែកមួយនៃផែនការដ៏ទូលំទូលាយក្នុងការរឹតបន្តឹងចំនួនអន្តោប្រវេសន៍ ដែលអាចរួមបញ្ចូលទាំងការកំណត់លក្ខខណ្ឌកាន់តែតឹងរ៉ឹងលើទិដ្ឋាការទេសចរសម្ពាយ ការបង្រួមសិទ្ធិជួបជុំគ្រួសារ និងការរឹតបន្តឹងសិទ្ធិធ្វើការងារសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនដែលត្រូវបានបដិសេធ។ ទោះជាយ៉ាងណារដ្ឋាភិបាលអូស្ត្រាលីបានបញ្ជាក់ថា ការផ្អាកទទួលពាក្យសុំទិដ្ឋាការនេះអាចនឹងត្រូវបញ្ចប់ទៅវិញមុនដាច់ឆ្នាំ២០២៦ នេះ៕
ដោយ: តែម សុខុម