វិបត្តិទឹកជំនន់នៅថៃ

វិបត្តិទឹកជំនន់នៅថៃ ធ្វើឱ្យក្រុមហ៊ុន Thai Airways ជាប់គាំងវ៉ាលីជិត១ម៉ឺន ខណៈភាគហ៊ុនដាំក្បាលចុះខ្លាំង


គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដែលបានវាយប្រហារ និងបង្កជាការលិចលង់នៅទីក្រុងបាងកក តាំងពីចុងសប្តាហ៍មុនមកនោះ បានកាត់ផ្តាច់ផ្លូវធ្វើដំណើរយ៉ាងធ្ងន់ធ្ងរទាំងផ្លូវគោក និងផ្លូវអាកាស។ សារព័ត៌មាន Bloomberg បានរាយការណ៍ថា គិតត្រឹមថ្ងៃទី១ ខែតុលា ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways នៅតែមិនទាន់អាចដោះស្រាយវិបត្តិកកស្ទះវ៉ាលីអ្នកដំណើរដ៏ច្រើនសន្ធឹកសន្ធាប់បាននៅឡើយទេ ដែលកំពុងបង្កជាភាពវឹកវរយ៉ាងខ្លាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ។
វិបត្តិទឹកជំនន់នៅថៃ
ដោយ

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways កំពុងប្រញាប់ប្រញាល់ ដើម្បីដោះស្រាយវិបត្តិកកស្ទះវ៉ាលីជិត១ម៉ឺនវ៉ាលីនៅអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ រហូតដល់ថ្នាក់ស្នើសុំកងកម្លាំងយោធាឱ្យចុះមកជួយអន្តរាគមន៍ បន្ទាប់ពីទឹកជំនន់ដ៏អាក្រក់បានរារាំងបុគ្គលិកផ្នែកដឹកជញ្ជូនមិនអាចមកបំពេញការងារបាន។
បច្ចុប្បន្នវ៉ាលីរាប់ពាន់ត្រូវបានដាក់គរជើងគ្នាយ៉ាងច្របូកច្របល់នៅតំបន់ទទួលអ្នកដំណើរមកដល់ ខណៈអ្នកដំណើរជាច្រើនបានខិតខំស្វែងរកវ៉ាលី ដែលបាត់បង់ដោយក្តីក្តៅក្រហាយ។ ស្ថានភាពនេះបានបង្កភាពវឹកវរដល់ប្រតិបត្តិការហោះហើរ និងបង្ខំឱ្យក្រុមហ៊ុនត្រូវលុបចោលជើងហោះហើរជាច្រើនជាបន្តបន្ទាប់ ខណៈបុគ្គលិក ដែលកំពុងបម្រើការងារត្រូវប្រឈមនឹងការហត់នឿយខ្លាំង និងរងសម្ពាធពីការខឹងសម្បាររបស់អតិថិជន។
ជុំវិញវិបត្តិនេះ លោក ភីផាត រ៉ាឆាគីតប្រាកាន (Phiphat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានថ្លែងថា ក្រុមហ៊ុនត្រូវការពេលយ៉ាងតិចពី៣ទៅ៤ថ្ងៃទៀត ដើម្បីដោះស្រាយវ៉ាលីប្រហែល៨,០០០ ដែលនៅសេសសល់ពីការកកស្ទះកាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា។ លោកបានបន្តថា អាជ្ញាធរបានដាក់ពង្រាយកម្លាំងទាហានប្រហែល១០០នាក់ ដើម្បីជួយសម្របសម្រួលលើកដាក់ និងតម្រៀបវ៉ាលីទាំងនោះ ជំនួសបុគ្គលិកដែលត្រូវជាប់ឃាំងដោយសារទឹកជំនន់។
ក្រោមសម្ពាធនៃការរំខានប្រតិបត្តិការហោះហើរ និងការរអ៊ូរទាំឥតឈប់ឈរពីអ្នកដំណើរ តម្លៃភាគហ៊ុនរបស់ Thai Airways នៅផ្សារភាគហ៊ុនថៃ បានដាំក្បាលចុះប្រមាណជិត៦% ដែលបន្ថែមសម្ពាធផ្នែកហិរញ្ញវត្ថុមួយកម្រិតទៀតលើក្រុមហ៊ុនអាកាសចរណ៍ជាតិនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


Aeon គ្រោងបើកផ្សារទំនើបតូចៗនៅវៀតណាម ឱ្យបាន៣០០កន្លែងនៅត្រឹមឆ្នាំ២០៣១

ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន អ៊ីអន (Aeon) កំពុងពន្លឿនយុទ្ធសាស្ត្រពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងខ្លាំងនៅវៀតណាម ដោយកំណត់គោលដៅរុញច្រានបណ្តាញ…

តើក្រសួងស្ថាប័នពាក់ព័ន្ធគួរចាត់វិធានការបែបណា ដើម្បីធានាថា ឡេលាយ ដែលកំពុងចរាចរលក់នៅលើទីផ្សារមិនបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់?

ក្រុមអ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមបានព្រមានធ្ងន់ៗពីហានិភ័យសុខភាពដ៏គួរឱ្យភ័យខ្លាចបង្កឡើងដោយការប្រើប្រាស់ឡេលាយគ្មានស្តង់ដា ដែលអាចបំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ