គ្រឿងសម្អាង

តើក្រសួងស្ថាប័នពាក់ព័ន្ធគួរចាត់វិធានការបែបណា ដើម្បីធានាថា ឡេលាយ ដែលកំពុងចរាចរលក់នៅលើទីផ្សារមិនបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់?


ក្រុមអ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមបានព្រមានធ្ងន់ៗពីហានិភ័យសុខភាពដ៏គួរឱ្យភ័យខ្លាចបង្កឡើងដោយការប្រើប្រាស់ឡេលាយគ្មានស្តង់ដា ដែលអាចបំផ្លាញកោសិកាស្បែក រលាក ស្បែក និងបង្កជាជំងឺមហារីកស្បែក។
ឡេលាយគ្មានស្តង់ដានៅតែអាចចរាចរលក់នៅលើទីផ្សារ_តើមកពីមូលហេតុអ្វី
ដោយ

ការអួតអាង និងផ្សព្វផ្សាយយ៉ាងអនាធិបតេយ្យពីអ្នកលក់នៅលើបណ្តាញសង្គមថា ឡេលាយអាចធ្វើឱ្យស្បែកសបានឆាប់រហ័ស កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពសាធារណៈ ខណៈអ្នកជំនាញបានអំពាវនាវឱ្យរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការត្រួតពិនិត្យ បង្រ្កាប និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ដើម្បីលុបបំបាត់ការផលិត និងចែកចាយផលិតផលមិនមានស្តង់ដាទាំងនេះ សំដៅកាត់បន្ថយហានិភ័យដល់សុខភាពប្រជាពលរដ្ឋ។

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន បានលើកឡើងថា ផលិតផលឡេលាយ ដែលគ្មានស្តង់ដា និងគ្មានប្រភពច្បាស់លាស់អាចបង្កផលប៉ះពាល់ដល់ស្បែកអ្នកប្រើប្រាស់ដូចជារលាកស្បែក ធ្វើឱ្យកោសិកាស្បែកស្តើង និងបង្កឱ្យកើតមុន ដោយសារសារធាតុសកម្មនៅក្នុងផលិតផលមិនមានការគ្រប់គ្រងត្រឹមត្រូវ។ ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះយុទ្ធសាស្ត្រផ្សព្វផ្សាយ ដែលថា សលឿនរហ័យ សលឿនទាន់ចិត្តក្នុងការអូសទាញអ្នកប្រើប្រាស់ និងបានអំពាវនាវដល់ប្រជាពលរដ្ឋកុំប្រថុយយកជីវិត និងសុខភាពទៅធ្វើជាទាសករឡេលាយ ដោយសារតែការចង់បានសម្រស់មួយភ្លែត។

ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម សង្កេតឃើញថា ការផ្សព្វផ្សាយ និងលក់ផលិតផលឡេលាយ ដែលមិនមានដំណើរការផលិតត្រឹមត្រូវតាមស្តង់ដានៅតែបន្តកើតមាន។ លោកយល់ថា បញ្ហានេះអាចបណ្តាលមកពីអ្នកលក់ផ្តោតសំខាន់លើផលចំណេញ ដោយមិនបានគិតគូរគ្រប់គ្រាន់ពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ គួបផ្សំការអនុវត្តច្បាប់នៅមានចន្លោះប្រហោង និងអំពើពុករលួយ។ ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង ស្នើឱ្យក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្កើនកិច្ចសហការគ្នា ដើម្បីបិទចន្លោះប្រហោង និងចាត់វិធានការក្តៅលើចរាចរណ៍ឡេលាយនៅលើទីផ្សារ។

ដោយឡែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ការអនុវត្តរបស់មន្ត្រីអាជ្ញាធរនៅមូលដ្ឋានអាចនៅមានចន្លោះប្រហោង ដែលលោកបារម្ភថា អាចបង្កលក្ខខណ្ឌឱ្យឈ្មួញបន្តលក់ និងចែកចាយផលិតផលឡេលាយដែលគ្មានស្តង់ដា។ ទន្ទឹមនឹងនេះ លោក ស្នើឱ្យរដ្ឋាភិបាលពង្រឹងការចុះត្រួតពិនិត្យដោយផ្ទាល់ និងបង្កើនកិច្ចសហការជាមួយដៃគូ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាព នៃការទប់ស្កាត់។ លោកយល់ថា ការដាក់ចេញ និងអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ពីរដ្ឋាភិបាល នឹងមានសារៈសំខាន់ក្នុងការកាត់បន្ថយការលក់ និងចែកចាយផលិតផលឡេលាយដែលគ្មានស្តង់ដា។ ជាមួយគ្នានេះ លោក ក៏បានសម្តែងក្តីបារម្ភចំពោះសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋ និងអំពាវនាវឱ្យអ្នកប្រើប្រាស់ជៀសវាងការទិញផលិតផលឡេលាយ ដែលមិនមានការបញ្ជាក់ច្បាស់លាស់អំពីប្រភព និងអាជ្ញាប័ណ្ណ។

គួររម្លឹកថា កន្លងមកក្រសួងសុខាភិបាលធ្លាប់បានចេញប្រកាសអាសន្ន និងហាមឃាត់ដាច់ខាតនូវការផលិត ចែកចាយ និងផ្សព្វផ្សាយឡេលាយគ្មានបទដ្ឋានបច្ចេកទេស បន្ទាប់ពីសង្កេតឃើញបុគ្គលគ្មានជំនាញជាច្រើនបានឡាយលក់ និងផ្សព្វផ្សាយឡេលាយលើបណ្តាញសង្គមយ៉ាងអនាធិបតេយ្យ។ ក្រសួងសុខាភិបាល ក៏បានព្រមានធ្ងន់ៗថា សារធាតុពុលក្នុងឡេលាយទាំងនេះអាចបណ្តាលឱ្យអ្នកប្រើប្រាស់កើតជំងឺមហារីកស្បែក, ជំងឺសើស្បែកធ្ងន់ធ្ងរ, ឡើងស្នាមប្រេះ, អាឡែកស៊ី ព្រមទាំងបង្កើតភាពស៊ាំនឹងថ្នាំអង់ទីប៊ីយោទិច និងមេរោគផ្សិតជាដើម៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


វិបត្តិទឹកជំនន់នៅថៃ ធ្វើឱ្យក្រុមហ៊ុន Thai Airways ជាប់គាំងវ៉ាលីជិត១ម៉ឺន ខណៈភាគហ៊ុនដាំក្បាលចុះខ្លាំង

គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដែលបានវាយប្រហារ និងបង្កជាការលិចលង់នៅទីក្រុងបាងកក តាំងពីចុងសប្តាហ៍មុនមកនោះ បានកាត់ផ្តាច់ផ្លូវធ្វើដំណើរយ៉ាងធ្ងន់…

អាម៉េរិក ព្រមានបារាំង និងអាល្លឺម៉ង់ ឱ្យប្រញាប់បញ្ចេញស្តុកប្រេងម៉ាស៊ូត បើមិនចង់ប្រឈមបម្រាម នាំចេញ

តម្លៃប្រេងម៉ាស៊ូត កំពុង​ហក់ឡើងខ្លាំង ហើយទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកវិធានការបន្ថែម ដើម្បី​ទប់តម្លៃប្រេងឥន្ធនៈក្នុងស្រុក។ រដ្ឋបាលលោក ដូណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ