ប្រឈមមុខនឹងល្បិចកលនេះ ក្រុមអ្នកជំនាញបានជំរុញឱ្យកម្ពុជាត្រូវតែពង្រឹងការទូតព័ត៌មានឱ្យកាន់តែស្រួចស្រាល់ ដោយប្រមូល និងបង្ហាញភស្តុតាងជាក់ស្តែងពីទុក្ខលំបាករបស់ប្រជាពលរដ្ឋភៀសសឹក ដើម្បីបន្តវាយបំបែកលេសដោះសាររបស់ភាគីថៃនៅលើឆាកអន្តរជាតិ។
លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិបានកត់សម្គាល់ថា ការដែលភាគីថៃចេញមុខចោទប្រកាន់លោក ថម អេនឌ្រូ អ្នករាយការណ៍ពិសេសរបស់ UN ថា មានភាពលម្អៀងទៅខាងកម្ពុជានោះ គឺជាចេតនាយ៉ាងច្បាស់ក្រឡែតក្នុងការបំផ្លាញតម្លាភាព និងបន្សាបទម្ងន់ នៃរបាយការណ៍ផ្លូវការរបស់អង្គការសហប្រជាជាតិ។ ភាគីថៃតែងតែរកលេសផ្នែកនីតិវិធី និងពិធីសារការទូត ដើម្បីបិទបាំងភាពប្រាកដនិយម នៃអំពើឈ្លានពានរបស់ខ្លួនជាបន្តបន្ទាប់។
អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ការរាយការណ៍របស់លោក ថម អេនឌ្រូ មិនបានលម្អៀងទៅរកកម្ពុជាដោយគ្មានមូលដ្ឋាននោះទេ ផ្ទុយទៅវិញ គឺភាគីថៃខ្លួនឯងទេ ដែលបានបដិសេធមិនព្រមសហការ មិនផ្តល់ព័ត៌មាន និងព្យាយាមកែប្រែការពិតរហូតត្រូវប្រេសិតពិសេសរូបនេះប្រមូលបានអង្គហេតុពិតមកបកអាក្រាតកណ្តាលវាលធ្វើឱ្យផ្អើលពេញតំបន់ និងពិភពលោក។
ដូច្នេះកម្ពុជាត្រូវតែបង្ហាញឆន្ទៈ និងជំហរយ៉ាងរឹងមាំក្នុងការគាំទ្ររាល់សកម្មភាព និងរបាយការណ៍របស់លោក ថម អេនឌ្រូ ព្រមទាំងត្រូវប្រើប្រាស់យុទ្ធសាស្ត្រការទូតស្អិតល្មួត ដើម្បីគាស់កកាយភស្តុតាង នៃសោកនាដកម្ម ដែលពលរដ្ឋភៀសសឹកកម្ពុជាបានជួបប្រទះ ជូនទៅដល់សហគមន៍អន្តរជាតិ។
បន្ថែមលើនេះលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងនូវទិដ្ឋភាពភូមិសាស្ត្រនយោបាយយ៉ាងស៊ីជម្រៅថា ប្រទេសថៃបានរៀបចំសេណារីយ៉ូយ៉ាងល្អិតល្អន់រួចជាស្រេច សម្រាប់ការឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា ព្រមទាំងបានត្រៀមល្បិចកលការទូតទុកជាមុន ដើម្បីឆ្លើយតប ឬគេចវេះពីការថ្កោសទោសពីសហគមន៍អន្តរជាតិ។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ថៃកំពុងតែយល់ច្រឡំ និងកេងចំណេញពីស្ថានការណ៍ពិភពលោក ដែលកំពុងជួបវិបត្តិសន្តិសុខចលាចល ដោយគិតថាស្រមោលសង្គ្រាមសកលអាចផ្តល់ឱកាសឱ្យខ្លួនបដិសេធការពិតបានតាមចិត្តរាប់ចាប់តាំងពីការមិនទទួលស្គាល់សាលដីកាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រហូតដល់ការប្រកែកជាមួយរបាយការណ៍របស់អ្នករាយការណ៍ពិសេស UN។ កត្តានេះហើយ ដែលទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាមិនត្រូវនៅស្ងៀមឡើយ ប៉ុន្តែត្រូវតែពង្រីកវិសាលភាពការទូតព័ត៌មានឱ្យកាន់តែជ្រៅជ្រះ ដើរមុន និងមានទម្ងន់នៅលើឆាកអន្តរជាតិ។
ទង្វើរបស់ថៃនាពេលថ្មីៗនេះ ដែលបានដាក់ពាក្យតវ៉ាយ៉ាងក្រអើតក្រទមទៅកាន់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រឆាំងនឹងសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់លោក ថម អេនឌ្រូ ដោយចោទប្រកាន់ថា ខ្វះអព្យាក្រឹតភាពនោះគ្រាន់តែជាការយកក្រដាសមកខ្ចប់ភ្លើងតែប៉ុណ្ណោះ។ ទោះបីជាការតវ៉ារបស់ថៃអាចបង្កើតជាមន្ទិល ឬព្យាយាមបន្សាបទម្ងន់របាយការណ៍ក្នុងក្របខណ្ឌរដ្ឋបាល UN មួយកម្រិតក្តី ប៉ុន្តែអង្គហេតុដែលថា ពលរដ្ឋកម្ពុជារាប់សែននាក់បានបាត់បង់ជម្រក និងរងគ្រោះដោយសារការវាយប្រហារ គឺជាការពិតប្រវត្តិសាស្ត្រ ដែលមិនអាចលុបបានឡើយ។
អ្នកជំនាញភូមិសាស្ត្រនយោបាយយល់ឃើញថា កម្ពុជាត្រូវបង្កើនការប្រើប្រាស់ប្រព័ន្ធច្បាប់ និងយន្តការអន្តរជាតិបញ្ជូនភស្តុតាងបន្ថែមត្រង់ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN និងស្ថាប័នតុលាការអន្តរជាតិ ដើម្បីធ្វើជាជំនួយដល់របាយការណ៍របស់លោក ថម អេនឌ្រូ។ បន្ថែមលើនេះកម្ពុជាត្រូវបង្កើតកម្លាំងគាំទ្រពីអង្គការសង្គមស៊ីវិលតាមរយៈការអញ្ជើញអ្នកសារព័ត៌មានអន្តរជាតិ និងតំណាងអង្គការសិទ្ធិមនុស្ស ចុះសង្កេតការណ៍ផ្ទាល់នៅតំបន់ព្រំដែន ដើម្បីឱ្យពិភពលោកបានឃើញការពិតដោយផ្ទាល់ភ្នែក។
សរុបមកការតវ៉ារបស់ភាគីថៃ គឺជាសញ្ញានៃភាពទាល់ច្រកផ្នែកការទូតរបស់ប្រទេសដែលមានភាពក្រឡិចក្រឡុចមួយនេះ។ នេះជាពេលវេលាដ៏សំខាន់ ដែលកម្ពុជាត្រូវបន្តប្រកាន់ជំហររឹងមាំ ប្រែក្លាយភាពរងគ្រោះទៅជាទម្ងន់ច្បាប់ និងប្រើប្រាស់ការពិតធ្វើជាអាវក្រោះ ដើម្បើតវ៉ារកយុត្តិធម៌ជូនជាតិ និងប្រជាជននៅលើឆាកអន្តរជាតិយ៉ាងពេញទំហឹង៕
អត្ថបទ៖ ជា ម៉ារ៉ា