ទន្ទឹមនេះ ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី មានស្ថានភាពល្អប្រសើរជាងដោយសារទំនិញឡើងថ្លៃបានជួយប៉ះប៉ូវការឡើងថ្លៃថាមពល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃទី១៩ ខែឧសភានេះ។
វិបត្តិប្រេងឥន្ធនៈ ដែលបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់ កំពុងជះផលប៉ះពាល់ដល់អាស៊ានយ៉ាងធ្ងន់ធ្ងរ រាប់ចាប់ពីទេសចរណ៍ វេជ្ជសាស្រ្ត រហូតដល់កាស៊ីណូ ជាពិសេសនៅក្នុងប្រទេសហ្វីលីពីន និងប្រទេសថៃ ជាកន្លែងដែលសេដ្ឋកិច្ចពឹងផ្អែកយ៉ាងខ្លាំងលើប្រេងឥន្ធនៈនាំចូល និងទេសចរណ៍។ ជាលទ្ធផល ក្រុមហ៊ុនអាកាសចរណ៍នានា ដូចជាក្រុមហ៊ុន Singapore Airlines ក្រុមហ៊ុន Thai Airways និងក្រុមហ៊ុន AirAsia X ជាដើម បានដំឡើងថ្លៃសំបុត្រ និងយកថ្លៃសេវាបន្ថែមលើប្រេងឥន្ធនៈ ដោយសារតែប្រេងឥន្ធនៈយន្តហោះហក់ឡើងថ្លៃខ្ពស់។
អាជីវកម្មនានា ក៏កំពុងប្រឈមមុខនឹងការចំណាយខ្ពស់លើការដឹកជញ្ជូន និងវត្ថុធាតុដើមផងដែរ។ តួយ៉ាងក្រុមហ៊ុន Jollibee Foods Corporation បានរាយការណ៍ពីប្រាក់ចំណេញធ្លាក់ចុះ ខណៈដែលក្រុមហ៊ុន Genting Singapore ព្រមានថា តម្រូវការធ្វើដំណើរកំពុងថយចុះ។
ក្រុមហ៊ុនឧស្សាហកម្មនានាកំពុងត្រដាបត្រដួសខ្លាំង ដោយសារការរាំងស្ទះការផ្គត់ផ្គង់នៅច្រកសមុទ្រ Hormuz។ ជាក់ស្ដែង ក្រុមហ៊ុន PTT និងក្រុមហ៊ុន Siam Cement Group របស់ប្រទេសថៃ បានព្រមានអំពីការកើនឡើងថ្លៃដើម និងកង្វះខាតនៃការផ្គត់ផ្គង់។ ទន្ទឹមនេះ ធនាគារ និងក្រុមហ៊ុនក្នុងវិស័យសុខាភិបាល ក៏ចាប់ផ្តើមទទួលរងផលប៉ះពាល់ផងដែរ ដោយសារអតិផរណា និងការចំណាយរបស់អ្នកប្រើប្រាស់ចុះខ្សោយរាលដាលពាសពេញតំបន់៕
ដោយ: តែម សុខុម