បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times ជំងឺហាន់តា និងជំងឺអេបូឡាសុទ្ធសឹងតែជាប្រភេទជំងឺដ៏សាហាវ និងគ្រោះថ្នាក់បំផុតសម្រាប់ជីវិតមនុស្សជាតិ។ ទោះជាយ៉ាងណា វាកាន់តែបង្កក្ដីបារម្ភទ្វេដង ព្រោះការផ្ទុះឡើងចុងក្រោយនេះបានកើតឡើងចំពេលដែលពិភពលោកកំពុងប្រឈមមុខនឹងភាពរកាំរកូស និងការបែកបាក់គ្នាយ៉ាងខ្លាំង។
លោក ថេដ្រូស អាដាណុម ហ្គេប្រេយេស៊ូស ប្រធាន អង្គការសុខភាពពិភពលោក បានលើកឡើងថា ការផ្ទុះឡើងនៃវីរុសអេបូឡាសាជាថ្មីនៅប្រទេសកុងហ្គោ ដែលលោកទើបតែបានប្រកាសអាសន្ន កាលពីចុងសប្តាហ៍មុន រួមទាំងការរកឃើញករណីឆ្លងមេរោគហាន់តាដ៏កម្រនៅលើនាវាទេសចរណ៍ MV Hondius គឺជាសញ្ញាអាសន្ន នៃជំងឺឆ្លងដែលពិភពលោកចាំបាច់ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់។
លោកបានសង្កត់ធ្ងន់ថា នៅពេលដែលពិភពលោកស្ថិតក្នុងស្ថានភាពបែកបាក់គ្នាដូចសព្វថ្ងៃនេះ ការផ្ទុះរីករាលដាលឆ្លងជំងឺទាំងពីរនេះ វាជាវិបត្តិថ្មីចុងក្រោយ ដែលចូលមកយាយីពិភពលោកដ៏ទន់ជ្រាយនៅក្នុងសម័យកាលនេះ។ លោកបានបន្តទៀតថា ពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់ដំណាក់កាលយ៉ាងលំបាកលំបិន ហើយមនុស្សជាតិ កំពុងតែតស៊ូរស់រានមានជីវិតជាមួយផលវិបាកជាច្រើនរាប់មិនអស់ចាប់តាំងពីវិបត្តិ នៃជម្លោះប្រដាប់អាវុធ វិបត្តិសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយជំនួយមនុស្សធម៌ រហូតដល់ការបែកបាក់គ្នាដោយសារតែសង្គ្រាមជាដើម។
មកទល់បច្ចុប្បន្នអង្គការសុខភាពពិភពលោក ក៏កំពុងប្រឈមមុខនឹងវិបត្តិផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរផងដែរ ខណៈដែលកញ្ចប់ថវិកាគាំទ្រត្រូវបានកាត់បន្ថយរហូតដល់ ២១% ឬ ជិត១ពាន់លានដុល្លារអាម៉េរិក។ កង្វះខាតថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឱ្យសកម្មភាពឆ្លើយតប ប្រតិបត្តិការសង្គ្រោះ ក៏ដូចជាប្រសិទ្ធភាពក្នុងការប្រឈមមុខ និងទប់ស្កាត់ជំងឺឆ្លងនានានៅលើសកលលោកមានកម្រិតទៅតាមនោះដែរ៕
ដោយៈ សរ សុជាតិ