វិស័យបច្ចេកវិទ្យា

ការប្រណាំងប្រជែងអភិវឌ្ឍន៍ AI របស់ក្រុមហ៊ុនយក្សៗកំពុងបង្កឱ្យមានការបារម្ភពីជោគវាសនាការងាររបស់មនុស្ស១,៤ពាន់លាននាក់


ស្របពេលដែលប្រទេសធំៗនៅលើពិភពលោកបានចំណាយថវិការាប់លានដុល្លារយ៉ាង ដើម្បីរុញច្រានការអភិវឌ្ឍ និងធ្វើទំនើបកម្មនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មានការព្រមានជាច្រើនបានលើកឡើងជាបន្តបន្ទាប់ថា អនាគត និងជោគវាសនារបស់មនុស្សជាតិ អាចនឹងស្ថិតក្នុងកណ្តាប់ដៃរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។
វិស័យបច្ចេកវិទ្យា
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg មនុស្សរហូតដល់ទៅ១,៤ពាន់លាននាក់ នៅទូទាំងសកលលោកកំពុងរស់នៅក្នុងភាពភ័យខ្លាច ហើយអ្វីដែលរឹតតែគួរឱ្យតក់ស្លុតនោះ គឺនៅក្នុងប្រទេសមហាអំណាចសហរដ្ឋអាម៉េរិក ប្រសិនបើគ្មានការគ្រប់គ្រងឱ្យបានតឹងរ៉ឹងទេនោះ AI នឹងលេបត្របាក់ការងាររបស់មនុស្សជាតិ ចាប់ពីជាង៩លាន ទៅ២០លានកន្លែង ត្រឹមតែមួយប៉ប្រិចភ្នែក។

វាសនារបស់មនុស្សជាតិ នៅពេលនេះ និងទៅអនាគតអាចនឹងរងការគំរាមកំហែងពីភាពរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មតិ។ តើវាជានិមិត្តរូបនៃភាពរុងរឿង ឬក៏ជាចំណុចចាប់ផ្តើមនៃវិបត្តិសង្គមដ៏ខ្មៅងងឹត? ប្រសិនបើទីផ្សារការងាររបស់មនុស្សត្រូវបានជំនួសដោយ AI ខណៈការបែងចែកផលប្រយោជន៍ធ្លាក់ទៅលើក្រុមមហាសេដ្ឋីបច្ចេកវិទ្យា ហើយហានិភ័យសុវត្ថិភាពកើនឡើង នោះ AI នឹងក្លាយជាវិបត្តិនយោបាយ និងសង្គមដ៏ស៊ីជម្រៅបំផុតនៅលើភពផែនដី។

ថ្មីៗនេះក្រុមហ៊ុន Anthropic ដែលជាសសរស្ដម្ភ​ស្រាវជ្រាវ និងអភិវឌ្ឍន៍ AI ដ៏មានឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក ដែលមានតម្លៃទុនសរុបស្ទើរមិនគួរឱ្យជឿរហូតដល់៩៦៥ពាន់លានដុល្លារ បានប្រកាសក្តែងៗប្រាប់ពិភពលោកអំពីភាពជោគជ័យដ៏មហិមានៃកម្មវិធី AI ជំនាន់ថ្មីរបស់ខ្លួន។ កម្មវិធីនោះ គឺម៉ូដែល AI ដ៏កំពូលឈ្មោះថា Claude ដែលមានសមត្ថភាពអាចបំពេញការងារការិយាល័យស្មុគស្មាញជាច្រើនវិស័យដោយស្វ័យប្រវត្តិ។ ទោះបី​វាជាដុំមាសបង្កើតប្រាក់ចំណេញមហាសាលសម្រាប់ក្រុមហ៊ុននានា ក៏ដោយ ប៉ុន្តែប្រសិនបើពិភពជំនួញងាកមកប្រើប្រាស់យន្តការនេះ វានឹងបង្កើតជាមហន្តរាយ និងផលវិបាកដ៏ធ្ងន់ធ្ងរមិនអាចស្តារបាន សម្រាប់កម្លាំងពលកម្មមនុស្សជាតិ។

បច្ចុប្បន្នមិនមែនមានតែ Anthropic នោះទេ សូម្បីតែក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗផ្សេងទៀត ដូចជា SpaceX ជាដើម ក៏កំពុងតែរត់ប្រណាំងទាំងយប់ទាំងថ្ងៃ ដើម្បីអភិវឌ្ឍកម្មវិធីលំដាប់ខ្ពស់បែបនេះដែរ។ ជុំវិញការប្រកួតប្រជែងនេះ លោក អ៊ីវ៉ាន សូឡូមុន (Evan Solomon) រដ្ឋមន្ត្រី​ទទួលបន្ទុកកិច្ចការ AI របស់ប្រទេសកាណាដា បានព្រមានថា អ្វីៗគ្រប់យ៉ាងនឹងត្រូវផ្លាស់ប្តូរ​ទាំងស្រុង ខណៈក្រុមអ្នកគាំទ្រ AI កំពុងប្រមូលភស្តុតាង ដើម្បីការពារថា បច្ចេកវិទ្យានេះផ្តល់ផលចំណេញ តែទន្ទឹមនឹងនោះ រលកនៃមនុស្សដែលព្រួយបារម្ភពីការដួលរលំនៃទីផ្សារការងារមនុស្សជាតិ ក៏កំពុងតែកើនឡើងដូចទឹកបាក់ទំនប់ដែរ។

សូម្បីតែប្រមុខដឹកនាំសាសនាពិភពលោក គឺសម្តេចប៉ាបឡេអូទី១៤ ប្រមុខរ៉ូម៉ាំងកាតូលិក ក៏បានចេញមុខអំពាវនាវ និងដាស់តឿនហើយដាស់តឿនទៀតឱ្យសហគមន៍អន្តរជាតិ ងាកមកគិតគូរជាបន្ទាន់ពីវាសនា និងការព្រួយបារម្ភដ៏ធំធេងរបស់មនុស្សជាតិប្រមាណ១,៤ពាន់លាននាក់នេះ។

ជាមួយគ្នានេះ បើយោងតាមសន្ទស្សន៍ហានិភ័យការងារដោយសារ AI នៅសហរដ្ឋអាម៉េរិក ដែលស្រាវជ្រាវដោយសាកលវិទ្យាល័យដ៏ល្បីល្បាញ Tufts University បានបង្ហាញតួលេខដ៏គួរឱ្យរន្ធត់ថា AI មានសមត្ថភាពអាចលេបត្របាក់ការងាររបស់ប្រជាជនអាម៉េរិកចាប់ពីជាង៩លាននាក់ទៅដល់២០លាននាក់ឯណោះ នៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលមួយនេះ។ តើនេះជាការវិវត្ត ឬជាការបំផ្លាញ? នេះជាសំណួរដ៏ធំដែលពិភពលោកត្រូវរួមគ្នាឆ្លើយមុនពេលអ្វីៗហួសពេល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សារព័ត៌មានអូស្ត្រាលីផ្សាយថា យុទ្ធសាស្ត្រទុច្ចរិតដាក់សម្ពាធសេដ្ឋកិច្ចរបស់ថៃ ដើម្បីសង្កត់កកម្ពុជា បានបរាជ័យយ៉ាងអាម៉ាស់

សារព័ត៌មាន New Mandala របស់អូស្ត្រាលី បានចុះផ្សាយថា ការប្រើប្រាស់ពាណិជ្ជកម្ម ថាមពល និងវិធានការរឹតបន្តឹងព្រំដែនរហូតឈានដល់ការបិទព្រំដែនជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ