ផ្ទុយទៅវិញ កម្ពុជា បានបង្ហាញសមត្ថភាពសម្របខ្លួនយ៉ាងឆាប់រហ័ស តាមរយៈការពង្រីកដៃគូពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់ ហើយកាត់បន្ថយការពឹងផ្អែកលើប្រទេសថៃ ដែលធ្វើឱ្យសម្ពាធសេដ្ឋកិច្ចរបស់ថៃ បាត់បង់ប្រសិទ្ធភាពជាបន្តបន្ទាប់ ពោលគឺមិនអាចធ្វើឱ្យកម្ពុជាចុះញ៉មឡើយ
យោងតាមការសិក្សារបស់លោក Richard Yarrow ដែលចុះផ្សាយនៅលើគេហទំព័រ New Mandala របស់អូស្ត្រាលី បានបង្ហាញថា ជម្លោះព្រំដែនកម្ពុជា-ថៃ បានបង្ហាញយ៉ាងច្បាស់ពីដែនកំណត់នៃការប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ច ឬភូមិសាស្ត្រសេដ្ឋកិច្ច ជាឧបករណ៍សម្រាប់ដាក់សម្ពាធលើប្រទេសដទៃនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ របាយការណ៍សិក្សានេះបានរំលេចថា អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលកម្ពុជា ធ្លាប់តែពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសថៃ ក្នុងវិស័យសំខាន់ៗដូចជា ប្រេងឥន្ធនៈ អគ្គិសនី ពាណិជ្ជកម្ម ការវិនិយោគ និងទីផ្សារការងារ។ ជាពិសេស ពលករខ្មែររហូតដល់ទៅជាង១លាននាក់ បានធ្វើការនៅប្រទេសថៃ ខណៈក្រុមហ៊ុនថៃ ជាច្រើន មានវត្តមានចាក់ឫសយ៉ាងរឹងមាំនៅក្នុងសរសៃឈាមសេដ្ឋកិច្ចកម្ពុជា។
ប៉ុន្តែនៅពេលភាពតានតឹងព្រំដែនផ្ទុះឡើងអំឡុងឆ្នាំ២០២៥ ប្រទេសថៃ បានចាត់វិធានការអមិត្តជាបន្តបន្ទាប់មកលើកម្ពុជា រួមមាន ការបិទច្រកព្រំដែនសំខាន់ៗ កាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិត រឹតបន្តឹងពាណិជ្ជកម្ម ព្រមទាំងដាក់កំហិតលើការដឹកជញ្ជូនប្រេងឥន្ធនៈ និងកម្លាំងពលកម្មផងដែរ។ វិធានការទាំងនេះ បានធ្វើឱ្យសកម្មភាពពាណិជ្ជកម្មឆ្លងដែនធ្លាក់ចុះយ៉ាងគំហុក ស្ទើរតែឈានដល់ការជាប់គាំង។
ទោះជាយ៉ាងណាកម្ពុជា បានឆ្លើយតបលឿនជាងការរំពឹងទុក។ រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនបានបង្កើនការនាំចូល និងពង្រីកពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ចិន សិង្ហបុរី និងម៉ាឡេស៊ី ព្រមទាំងពង្រឹងសមត្ថភាពផលិតថាមពលក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសជិតខាង។
របាយការណ៍ខាងលើនេះបានបញ្ជាក់ទៀតថា ការនាំចូលប្រេងឥន្ធនៈពីសិង្ហបុរីរបស់កម្ពុជាបានកើនឡើងជាងទ្វេដង បន្ទាប់ពីវិបត្តិព្រំដែនបានផ្ទុះឡើង ដែលជួយឱ្យកម្ពុជា ចៀសផុតពីវិបត្តិកង្វះថាមពល និងរក្សាស្ថិរភាពសេដ្ឋកិច្ចបានយ៉ាងមានប្រសិទ្ធភាព។ បើតាមការវិភាគខាងលើបង្ហាញថា កម្ពុជា នៅតែអាចរក្សាកំណើនសេដ្ឋកិច្ចប្រមាណ៥% និងគ្រប់គ្រងអតិផរណាក្នុងកម្រិតមធ្យម ទោះបីជាមានផលប៉ះពាល់ខ្លះៗទៅលើបណ្ដាខេត្តជាប់ព្រំដែន ពលករចំណាកស្រុក និងអាជីវកម្មមួយចំនួនក៏ដោយ។
ជាចុងក្រោយអត្ថបទវិភាគនេះបានសន្និដ្ឋានថា ការកើនឡើងនៃទំនាក់ទំនងសេដ្ឋកិច្ចពហុភាគីនៅអាស៊ីអាគ្នេយ៍ បានធ្វើឱ្យប្រទេសមួយកាន់តែពិបាកប្រើសម្ពាធសេដ្ឋកិច្ច ដើម្បីសង្កត់កបង្ខំប្រទេសមួយទៀតដូចអតីតកាលណាស់។ របាយការណ៍នេះបានគូសបញ្ជាក់ថា ឥទ្ធិពលពិតប្រាកដនៅក្នុងតំបន់នាពេលអនាគត នឹងអាស្រ័យលើការកសាងភាពជាដៃគូផ្នែកពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុ ជាជាងការប្រើប្រាស់វិធានការដាក់សម្ពាធ ឬការរឹតត្បិតសេដ្ឋកិច្ច៕
ដោយ: តែម សុខុម