រលកព័ត៌មានអវិជ្ជមានជាបន្តបន្ទាប់កំពុងវាយបំផ្លាញជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋថៃ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រូបភាពរួមរបស់គណបក្សភូមចៃថៃ ដែលទើបតែឈ្នះការបោះឆ្នោតទទួលបានអាសនៈច្រើនជាងគេកាលពីខែកុម្ភៈ។ សារព័ត៌មាន បាងកក ប៉ុស្តិ៍ បានផ្សាយនៅថ្ងៃទី១៣ ខែសីហា ថា ប្រជាជនថៃ ចាប់ផ្ដើមធុញទ្រាន់នឹងរឿងអាស្រូវពុករលួយជាច្រើន ដែលបង្កឡើងដោយក្រុមបក្សពួកលោក អានុទីន ដោយអ្នកសង្កេតការណ៍ជាច្រើនបានពោលពាក្យឌឺដងថា ការដឹកនាំត្រឹមតែ៤ខែរបស់រដ្ឋាភិបាលនេះមានអារម្មណ៍ថា យូរដូច៤ឆ្នាំអ៊ីចឹង។
រឿងអាស្រូវបានចាប់ផ្ដើមចេញពីការដែលលោក អានុទីន ប្រញាប់ប្រញាល់ប្រកាសបិទបញ្ចប់ការស៊ើបអង្កេតលើករណីពុករលួយបន្លំឈ្មោះក្នុងការប្រឡងជ្រើសរើសមន្ត្រីមូលដ្ឋាន ដោយការលុបឈ្មោះ និងដកសិទ្ធិបេក្ខជនចំនួន៥,៩២៤នាក់។ វិធានការនេះមិនបានធ្វើឱ្យស្ថានការណ៍ល្អប្រសើរឡើយ ព្រោះមហាជនមើលឃើញថា ជារូបភាពលាក់បាំង និងការពារមេខ្លោងធំដែលនៅពីក្រោយខ្នង។ ស្រដៀងគ្នានេះដែរ ករណីប្រើប្រាស់ថវិកាទិញទឹកចិត្ត និងសន្លឹកឆ្នោតក្នុងការបោះឆ្នោតព្រឹទ្ធសភា ក៏ត្រូវបានក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនប្រឆាំងអំពើពុករលួយទាមទារឱ្យមានការស៊ើបអង្កេតលើប្រភពលុយ និងវែកមុខមេខ្លោងធំជាបន្ទាន់ ព្រោះប្រសិនបើគ្មានការកាត់ផ្តាច់មេខ្យល់មានឥទ្ធិពលទាំងនោះទេ វដ្តនៃអំពើពុករលួយនឹងមិនអាចលុបបំបាត់ចេញពីសង្គមថៃ បានឡើយ។
លើសពីនេះការគ្រប់គ្រងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនក្នុងរយៈពេល៤ខែមកនេះលោក អានុទីន បានបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការកាត់បន្ថយគម្លាតប្រាក់ចំណូល និងបំណុលគ្រួសារ។ ក្រុមអ្នកជំនាញសេដ្ឋកិច្ចថៃ បានរិះគន់ថា លោក អានុទីន ផ្តោតតែលើគោលនយោបាយប្រជាប្រិយភាព និងអំណាចរដ្ឋបាល ជាជាងការបង្កើតយុទ្ធសាស្ត្រសេដ្ឋកិច្ចរយៈពេលវែងដើម្បីដោះស្រាយអតិផរណា និងកាត់បន្ថយបំណុលគ្រួសារដែលកំពុងសង្កត់ធ្ងន់លើពលរដ្ឋថ្នាក់កណ្តាល និងថ្នាក់ទាប។
បន្ថែមលើនេះ បញ្ហាភាពតានតឹងតាមតំបន់ព្រំដែនថៃ-កម្ពុជា ក៏ជាកត្តាជំរុញបន្ថែម ដែលធ្វើឱ្យប្រជាពលរដ្ឋថៃ រស់នៅតាមខេត្តជាប់ព្រំដែនបាត់បង់មុខរបរ និងចំណូលយ៉ាងច្រើន។ កត្តាទាំងនេះហើយ ដែលកំពុងជំរុញឱ្យសាធារណជនថៃ ទូទាំងប្រទេស សម្តែងការខកចិត្ត និងបាត់បង់ទំនុកចិត្តលើការដឹកនាំរបស់លោក អានុទីន ឆានវីរៈគុល កាន់តែខ្លាំងឡើងៗ៕
អត្ថបទៈ សួន ឡង់ទី