សារតព័ត៌មាន Reuters និង Financial Times បានរាយការណ៍ថា ក្រសួងហិរញ្ញវត្ថុអាម៉េរិក បានចូលអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់បរទេសដោយបញ្ជាឱ្យធនាគារកណ្តាលអាម៉េរិកប្រចាំទីក្រុងញូវយ៉កទិញប្រាក់យ៉េនជប៉ុនយ៉ាងច្រើនតាមរយៈធនាគារធំៗដូចជាធនាគារ Goldman Sachs និងធនាគារ Morgan Stanley ជាដើម។ ចំណាត់ការនេះកើតឡើង បន្ទាប់ពីជប៉ុន បានចំណាយប្រាក់រាប់សិបពាន់លានដុល្លារ ដើម្បីទប់ស្កាត់ការធ្លាក់ថ្លៃយ៉ាងគំហុករបស់ប្រាក់យ៉េន។ មុនការធ្វើអន្តរាគមន៍ ក្រសួងហិរញ្ញវត្ថុអាម៉េរិក ក៏បានជូនដំណឹងទៅកាន់ធនាគារធំៗឱ្យត្រៀមខ្លួនធ្វើសកម្មភាពនៅក្នុងទីផ្សាររូបិយប័ណ្ណផងដែរ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent បានបង្ហាញផែនការថា សហរដ្ឋអាម៉េរិកគ្រោងទិញប្រាក់យ៉េនក្នុងទំហំប្រមាណ៥ពាន់លានដុល្លារ ដល់១០ពាន់លានដុល្លារ។ ក្រោយព័ត៌មានអំពីការអន្តរាគមន៍នេះត្រូវបានផ្សព្វផ្សាយ ប្រាក់យ៉េន បានហក់ឡើងថ្លៃភ្លាមៗ ខណៈប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ថ្លៃពីប្រមាណជិត១៥៩យ៉េន មកនៅត្រឹមជាង១៥៧យ៉េន ក្នុងមួយដុល្លារ បន្ទាប់ពីមុននេះបានឡើងថ្លៃដល់ជិត១៦៤យ៉េនក្នុងមួយដុល្លារអាម៉េរិក ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៨៦។
ប្រភពដដែលបញ្ជាក់ថា ជប៉ុន និងសហរដ្ឋអាម៉េរិក អាចនឹងប្រកាសវិធានការរួមថ្មីដើម្បីទប់ស្កាត់ការទិញរូបិយប័ណ្ណទុកលក់ចេញវិញ ដើម្បីយកចំណេញពេលឡើងថ្លៃ ដែលជាការដាក់សម្ពាធលើប្រាក់យ៉េន និងស្តារស្ថិរភាពទីផ្សារហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា នេះគឺជាលើកដំបូងហើយដែលអាម៉េរិក ចូលអន្តរាគមន៍ដោយផ្ទាល់ដើម្បីគាំទ្រដល់ប្រាក់យ៉េន ចាប់តាំងពីឆ្នាំ២០១១ ក្រោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិនៅជប៉ុន។ ក្រុមអ្នកវិភាគយល់ថា ចំណាត់ការរួមគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូ គឺជាសារដ៏រឹងមាំមួយទៅកាន់ទីផ្សារថា ប្រទេសទាំងពីរត្រៀមប្រើវិធានការបន្ថែម ប្រសិនបើការប្រែប្រួលរូបិយប័ណ្ណនៅតែបន្តគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក៕
ដោយ: តែម សុខុម