កាលពីថ្ងៃទី២៣ ខែមិថុនា ក្រសួងហិរញ្ញវត្ថុអាម៉េរិក បានប្រកាសដាក់ទណ្ឌកម្មជាផ្លូវការទៅលើបុគ្គលចំនួន៩រូប និងអង្គភាពអាជីវកម្មចំនួន២៦បន្ថែមទៀត ដែលជាកូនចៅ និងជាបណ្តាញខ្សែញាក់នៅពីក្រោយក្រុមហ៊ុនព្រីនស៍គ្រុប។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាជ្ញាធរសហរដ្ឋអាម៉េរិក បានបើកយុទ្ធនាការកាត់ផ្តាច់សរសៃឈាមហិរញ្ញវត្ថុរបស់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដោយបានបញ្ចេញបញ្ជីខ្មៅដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងចំណោមបុគ្គល និងក្រុមហ៊ុនអាជីវកម្មថ្មីៗ ដែលសហរដ្ឋអាម៉េរិក ទើបតែបញ្ចូលទៅក្នុងបញ្ជីទណ្ឌកម្មនេះ គេសង្កេតឃើញមានក្រុមហ៊ុនល្បីៗមួយចំនួនដែលមានមូលដ្ឋានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា រួមមាន ក្រុមហ៊ុនអចលនទ្រព្យ Prince Huan Yu Real Estate Cambodia Group និងធនាគារពាណិជ្ជ CCU Commercial Bank Plc ជាដើម។
មិនមែនមានតែនៅក្នុងប្រទេសកម្ពុជា នោះទេ បណ្តាញកូនចៅ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ព្រីនស៍គ្រុប ដែលរងការបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើប្រតិបត្តិការនេះ ក៏មានពង្រាយនៅក្នុងប្រទេសថៃ ផងដែរ ដូចជា ក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារ White Horse Hotel Management Group រួមទាំងក្រុមហ៊ុនមួយចំនួនទៀតនៅក្នុងដែនដីហុងកុង និងចក្រភពអង់គ្លេសផងដែរ។
ការសម្រេចចិត្តដាក់ទណ្ឌកម្មដ៏ធំធេងនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរអាម៉េរិក បានរកឃើញភស្តុតាងថា ក្រុមជនសង្ស័យ និងបណ្តាញក្រុមហ៊ុនទាំងនេះ មានទំនាក់ទំនងស្អិតរមួត និងបានដើរតួជាខ្នងបង្អែកដ៏សំខាន់ ក្នុងការជួយជ្រោមជ្រែងដល់ប្រតិបត្តិការលួចបន្លំតាមអ៊ីនធឺណិត និងការឆបោកក្នុងទម្រង់ជាអន្ទាក់ស្នេហ៍បោកយកប្រាក់ ឬការបោកប្រាស់វិនិយោគតាមអនឡាញ ដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ ដោយកំណត់គោលដៅមកលើប្រជាពលរដ្ឋអាម៉េរិកនៅក្នុងចន្លោះឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥។
នៅក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការ លោក ស្កុត បេសសេន (Scott Bessent) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាម៉េរិក បានសង្កត់ធ្ងន់ និងចាត់ទុកបណ្តាញទាំងនេះថា ជាអង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏គ្រោះថ្នាក់។ ផ្អែកតាមការប៉ាន់ស្មាន និងទិន្នន័យស៊ើបអង្កេតរបស់រដ្ឋាភិបាលវ៉ាស៊ីនតោន បានបង្ហាញតួលេខដ៏គួរឱ្យរន្ធត់ថា ប្រជាពលរដ្ឋអាម៉េរិក ត្រូវខាតបង់ថវិកាយ៉ាងហោចណាស់១០ពាន់លានដុល្លារអាម៉េរិក នៅក្នុងមួយឆ្នាំៗ ដោយសារតែសកម្មភាពឆបោក និងលាងលុយកខ្វក់របស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាទាំងនេះ។
យុទ្ធនាការបន្ថែមទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក នាពេលនេះ គឺជាសញ្ញាព្រមានដាស់តឿនមួយយ៉ាងច្បាស់ទៅកាន់ពិភពជំនួញបិទបាំងថា អាម៉េរិក និងដៃគូអន្តរជាតិរួមទាំងចិន និងកម្ពុជា នឹងមិនបណ្តោយឱ្យក្រុមទាំងនេះប្រើប្រាស់រូបភាពអាជីវកម្មស្របច្បាប់ ដើម្បីលាងលុយកខ្វក់ ដែលបានមកពីទឹកភ្នែករបស់ជនរងគ្រោះតទៅទៀតឡើយ។ បញ្ហានេះ ក៏ត្រូវបានគេរំពឹងថា នឹងជះឥទ្ធិពល និងសម្ពាធបន្ថែមទៀតដល់ទីផ្សារអចលនទ្រព្យ និងវិស័យធនាគារមួយចំនួន ដែលធ្លាប់រងការរុករានដោយលំហូរទុនមិនស្អាតស្អំទាំងនេះផងដែរ៕
ដោយៈ សរ សុជាតិ