ធនាគារពិភពលោក គ្រោងនឹងបញ្ចប់កម្មវិធីផ្តល់ឥណទានរបស់ខ្លួនទៅកាន់ទីក្រុងប៉េកាំង ជាផ្លូវការនៅត្រឹមឆ្នាំ២០៣១ ខាងមុខ។ ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីប្រទេសចិន បានកាត់បន្ថយទំហំនៃការស្នើសុំកម្ចីជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំ ដែលវាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្វ័យភាព និងជំហរសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសនេះ។ បើយោងតាមប្រភពផ្ទៃក្នុងដែលដឹងពីបញ្ហានេះ ក្រុមប្រឹក្សាភិបាល នៃធនាគារពិភពលោកនឹងបើកកិច្ចប្រជុំមួយនៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះ ដើម្បីពិនិត្យ និងវាយតម្លៃចុងក្រោយលើផែនការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ។
ផ្អែកលើទិន្នន័យកំណត់ត្រាហិរញ្ញវត្ថុអត្រាប្រាក់កម្ចី ដែលចិនបានស្នើ និងត្រូវបានអនុម័តដោយធនាគារពិភពលោកបានដាំក្បាលចុះយ៉ាងគំហុគចាប់តាំងពីឆ្នាំ២០១៧ មក។ ជាក់ស្តែងកាលពីឆ្នាំ២០១៧ ចិនមានតម្រូវការឥណទានពីធនាគារពិភពលោករហូតដល់ទៅ២,៤ពាន់លានដុល្លារអាម៉េរិក ប៉ុន្តែតួលេខនេះបានធ្លាក់ចុះមកនៅត្រឹម៧៥០លានដុល្លារប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៥។
សញ្ញាណនៃភាពម្ចាស់ការលើហិរញ្ញវត្ថុរបស់ចិនមិនមែនទើបតែលេចឡើងនៅពេលនេះទេ ពោលគឺកាលពីឆ្នាំ២០០០ ប្រទេសចិនបានចាកចេញពីបញ្ជីប្រទេស ដែលមានសិទ្ធិទទួលប្រាក់កម្ចីក្រោមកម្មវិធីជំនួយរបស់សហគ្រាសអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ប្រទេសក្រីក្របំផុត។ ផ្ទុយទៅវិញនៅឆ្នាំ២០០៧ ទីក្រុងប៉េកាំងបានប្តូរតួនាទីពីអ្នកសុំខ្ចីមកជាអ្នកផ្តល់ជំនួយវិញ ហើយបច្ចុប្បន្ន ចិនជាប្រទេសផ្តល់វិភាគទានធំជាងគេទី៥នៅក្នុងស្ថាប័នហិរញ្ញវត្ថុលំដាប់ពិភពមួយនេះ។
មន្ត្រីជាន់ខ្ពស់របស់ធនាគារពិភពលោកបានលើកឡើងថា ប្រទេសចិនបានសម្រេចនូវការវិវត្តន៍ដ៏អស្ចារ្យ ដែលមិនធ្លាប់មានក្នុងការអភិវឌ្ឍជាតិក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ហើយការឈានមកដល់ចំណុចបញ្ចប់កម្ចីនេះ គឺជារបត់ប្រវត្តិសាស្ត្រថ្មីមួយ ដែលសបញ្ជាក់ឱ្យឃើញថា ចិនលែងជាប្រទេសត្រូវការការជួយជ្រោមជ្រែងទៀតហើយ ប៉ុន្តែជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដែលកំពុងជួយជ្រោងពិភពលោក៕
ដោយៈ សរ សុជាតិ