ស្របពេលដែលភស្តុតាងក្នុងវីដេអូបានបង្ហាញយ៉ាងច្បាស់ពីទង្វើរបស់ភាគីថៃ សារព័ត៌មានក្នុងស្រុកថៃ បែរជាចុះផ្សាយបំភ្លៃការពិត ដោយចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថា ជាអ្នកផ្ដើមការបាញ់បោះមុនទៅវិញ។
ទោះបីជាមានភស្តុតាងវីដេអូជាក់ស្តែងក៏ដោយ ក៏ភាគីថៃបានព្យាយាមបិទបាំងការពិតដោយអះអាងថា បានបាញ់តែ២គ្រាប់ប៉ុណ្ណោះ ហើយឆ្លៀតទម្លាក់កំហុសមកលើកម្ពុជាថា ការបាញ់របស់ខ្លួន គឺដើម្បីឆ្លើយតបនឹងការបាញ់១១គ្រាប់ពីខាងភាគីកម្ពុជា។ ជុំវិញការបាញ់បោះដ៏គ្រោះថ្នាក់នេះ លោក ខេវិន បានសង្កត់ធ្ងន់ថា លោកគ្រាន់តែមកបំពេញតួនាទីជាអ្នករាយការណ៍ដោយសន្តិវិធី និងមិនបានបង្កការគំរាមកំហែងណាមួយដល់សន្តិសុខឡើយ។ លោកបន្តថា ប្រសិនបើការរាយការណ៍ព័ត៌មានធម្មតា ត្រូវបានឆ្លើយតបដោយគ្រាប់កាំភ្លើង វាមិនមែនជារឿងរបស់កម្ពុជាម្នាក់ឯងទៀតទេ ប៉ុន្តែគឺជាការគំរាមកំហែងដល់សេរីភាពសារព័ត៌មានទូទាំងពិភពលោក។
ភ្លាមៗបន្ទាប់ពីមានការផ្សាយមួលបង្កាច់ពីសារព័ត៌មានថៃ ក្រសួងការពារជាតិកម្ពុជាបានចេញមកច្រានចោលទាំងស្រុង។ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា ការចោទប្រកាន់មកលើកងកម្លាំងកម្ពុជា គឺជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ដ៏ធ្ងន់ធ្ងរបំផុតក្នុងបំណងបិទបាំងអំពើទុច្ចរិតរបស់ខ្លួន។
លោកបណ្ឌិត គិន ភា អ្នកជំនាញភូមិសាស្រ្តនយោបាយបានលើកឡើងថា ភាគីថៃតែងតែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដូចជា BangKok Post, The Nation Thailand និង Khaosod ជាដើម ដើម្បីបំភ្លៃការពិត និងបំភាន់ភ្នែកអន្តរជាតិ។ អ្នកជំនាញរូបនេះបានចាត់ទុកការបាញ់សំដៅទៅលើជនជាតិបរទេស ដែលចុះទៅផ្សព្វផ្សាយពីបញ្ហាព្រំដែន និងបានទម្លាក់កំហុសមកលើកម្ពុជាពីសំណាក់ភាគីថៃបានបង្ហាញឱ្យឃើញថា ថៃកំពុងបំភ្លៃព័ត៌មានមួលបង្កាច់ទម្លាក់កំហុស ដើម្បីបំភាន់ភ្នែកអន្តរជាតិ ខណៈទម្លាប់នេះមិនមែនជាលើកទីមួយនោះទេ ដែលថៃបានប្រើវាមកលើកម្ពុជា។
ជាមួយគ្នានេះ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិយល់ឃើញថា ថៃហាក់មានបំណងបង្កហេតុដើម្បីទាញយកប្រជាប្រិយភាពក្នុងស្រុក និងមិនគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងជាមួយមហាអំណាចឡើយ។ លោកជឿជាក់ថា ការប្រើប្រាស់យន្តការការទូតបូករួមនឹងភស្តុតាងច្បាស់លាស់ នឹងធ្វើឱ្យថៃមិនអាចគេចវេសពីការទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិបានឡើយ។
គួរបញ្ជាក់ថា សកម្មភាពបាញ់បោះនៅតំបន់ព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីពេលថ្មីៗនេះ កំពុងក្លាយជាវិញ្ញាសាថ្មីមួយទៀតសម្រាប់ទំនាក់ទំនងកម្ពុជា-ថៃ ខណៈដែលពិភពលោកកំពុងរង់ចាំមើលការពិត ដែលចេញពីកាមេរ៉ារបស់អ្នកបង្កើតមាតិកាជនជាតិបរទេស ដែលថៃព្យាយាមបំបិទមាត់នោះ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា