មន្ត្រីទូតថៃ និងចិន

ជម្លោះពាក្យសម្តីរវាងមន្ត្រីទូតថៃ និងចិន ឡើងកម្ដៅដូចបាយពុះ ជុំវិញជម្លោះនៅព្រលានយន្តហោះសុវណ្ណភូមិ


សង្គ្រាមពាក្យសម្តីផ្នែកការទូតរវាងថៃ និងចិន កំពុងតែផ្ទុះឡើងយ៉ាងក្តៅគគុក។ លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានចេញមុខផ្លែផ្កា និងរិះគន់ចំៗទៅលើឯកអគ្គរដ្ឋទូតចិន​ ប្រចាំទីក្រុងបាងកក ជុំវិញបញ្ហាច្របូកច្របល់នៅអាកាសយានដ្ឋានសុវណ្ណភូមិ ដោយលោកបានសង្កត់ធ្ងន់ថា ក្នុងនាមជាទូតគួរតែជួយបកស្រាយហេតុផល និងពន្លត់កំហឹងសាធារណជនជាជាងការចេញសេចក្តីថ្លែងការណ៍ចាក់ប្រេងលើភ្លើង និងពន្យុះឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។
មន្ត្រីទូតថៃ និងចិន
ដោយ

ផ្ដើមចេញពីហេតុការណ៍កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ក្រុមទេសចរចិន មួយក្រុម ដែលត្រៀមជិះជើងហោះហើររបស់ក្រុមហ៊ុន Thai Airways ពីបាងកកទៅប៉េកាំង បានប៉ះទង្គិចគ្នាយ៉ាងវឹកវរជាមួយអាជ្ញាធរ ដោយសារតែពួកគេបានរំលោភបំពានដែនហាមឃាត់សម្រុកចូលទៅថតរូបតារាភាពយន្តចិនល្បីឈ្មោះ២រូប។
កាសែត Khaosod របស់ថៃ បានរាយការណ៍នៅថ្ងៃទី៥ ខែសីហា ថា អាកប្បកិរិយារំលោភបំពាននេះបានរីករាលដាលទៅជាជម្លោះប្រតាយប្រតប់គ្នាយ៉ាងធ្ងន់ធ្ងររវាងទេសចរចិន ២២នាក់ និងក្រុមសន្តិសុខអាកាសយានដ្ឋានសុវណ្ណភូមិ រហូតឈានដល់ការឃាត់ខ្លួន និងហាមប្រាមពួកគេមិនឱ្យឡើងយន្តហោះ។ ទោះបីជាអាជ្ញាធរអាកាសយានដ្ឋានសុវណ្ណភូមិ បានចេញមុខសុំទោសជាសាធារណៈ និងដាក់ពិន័យលើបុគ្គលិកសន្តិសុខរបស់ខ្លួន ដើម្បីបន្ធូរបន្ថយសភាពការណ៍ក៏ដោយ ប៉ុន្តែស្ថានទូតចិន ប្រចាំទីក្រុងបាងកក បែរជាវាយប្រហារបកវិញយ៉ាងក្តៅគគុក ដោយចោទប្រកាន់អាជ្ញាធរថៃ ថា បានប្រើអំពើហិង្សា និងរំលោភបំពានលើពលរដ្ឋចិន ព្រមទាំងគៀបសង្កត់ឱ្យរដ្ឋាភិបាលថៃ ចេញមុខទទួលខុសត្រូវ។
ការបាញ់សារវាយប្រហារពីសំណាក់ស្ថានទូតចិន ត្រូវបានរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ចាត់ទុកថា ជាទង្វើគ្មានវិជ្ជាជីវៈ។ នៅថ្ងៃទី៥ ខែសីហា លោកបានថ្លែងក្នុងន័យប្រដៅ និងចាក់ដោតថា ឯកអគ្គរដ្ឋទូតចិន គួរតែជួយបកស្រាយស្វែងយល់ពីហេតុការណ៍ពិត មិនមែនចាំតែចេញសេចក្តីថ្លែងការណ៍ពន្យុះឱ្យផ្ទុះកំហឹងមហាជនបែបនេះឡើយ។ លោក ស៊ីហាសាក់ បានស្តីបន្ទោសចំៗថា ឯកអគ្គរដ្ឋទូតចិន ដែលឈរជើងក្នុងប្រទេសថៃមានភារកិច្ចចម្បង គឺលើកកម្ពស់ទំនាក់ទំនង និងការយោគយល់គ្នារវាងប្រជាជាតិទាំងពីរ មិនមែនចាំតែការពារប្រយោជន៍ប្រទេសខ្លួនឯងតែមួយជ្រុង ដោយមើលរំលងការពិត និងបង្កជម្លោះបែបនេះទេ។
រដ្ឋមន្ត្រីការបរទេសថៃ រូបនេះ បានបន្ថែមថា ថៃ ត្រូវតែបន្តអនុវត្តច្បាប់អន្តោប្រវេសន៍របស់ខ្លួនយ៉ាងរឹងមាំ និងរក្សាតុល្យភាពរវាងការអនុវត្តច្បាប់ ជាមួយនឹងការរក្សាមុខមាត់របស់ប្រទេសជាដែនដីទេសចរណ៍ ប្រកបដោយបដិសណ្ឋារកិច្ច ដោយមិនអនុញ្ញាតឱ្យនរណាម្នាក់មករំលោភបំពានច្បាប់ក្នុងស្រុកបានឡើយ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


វៀតណាម នៅតែរក្សាបានភាពខ្លាំងក្នុងការស្រូបទាញការវិនិយោគ​ ទោះសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនច្បាស់លាស់

ខណៈពេលដែលលំហូរវិនិយោគសកលលោកកំពុងមានទំនោរថយចុះ តែប្រទេសវៀតណាមឯណោះវិញបែរជាអាចទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសបានយ៉ាងច្រើនសម្បើមរហូតដ…

ចិន ប្រើ​អំណាចពន្ធដាររឹតកអ្នកមានស្ដុកស្ដម្ភ ដែលផ្ទេរទ្រព្យសម្បត្តិចេញទៅក្រៅប្រទេស

រដ្ឋាភិបាលចិន កំពុងបើកយុទ្ធនាការរឹតបន្តឹងលើក្រុមមហាសេដ្ឋី​យ៉ាង​ក្ដៅគគុក។ ​ក្រុមអ្នកមានស្ដុកស្ដម្ភ ដែល​ធ្លាប់​តែផ្ទេរទ្រព្យសម្បត្តិរាប់រយពាន់ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ