ផ្ទុយទៅវិញប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) កំពុងសំយ៉ុងក្បាលចុះយ៉ាងគំហុក ស្របពេលដែលផ្ទៃក្នុងរដ្ឋាភិបាលកំពុងរង្គោះរង្គើ ក្រោយលេចធ្លាយឈ្មោះនាយករដ្ឋមន្ត្រីបម្រុង ដើម្បីមកជំនួសតំណែងរបស់លោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកក ប៉ុស្តិ៍។
វិទ្យាស្ថាន NIDA បានធ្វើការស្ទង់មតិតាមទូរសព្ទយ៉ាងហ្មត់ចត់ជាមួយប្រជាពលរដ្ឋថៃ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅចំនួន២,៥០០នាក់ទូទាំងប្រទេស ហើយជាលទ្ធផលបានធ្វើឱ្យប៉ះទង្គិចផ្លូវចិត្តរដ្ឋាភិបាលយ៉ាងខ្លាំង ដោយសារប្រជាជនចង់ឱ្យលោក ណាត់ថាផុង មេដឹកនាំបក្សប្រឆាំងធ្វើជានាយករដ្ឋមន្ត្រីជាមួយសំឡេងគាំទ្ររហូតដល់ជាង ២៦%។ តួលេខនេះបានវ៉ាដាច់នាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក អានុទីន មេបក្សភូមិចៃថៃ ដែលទទួលបានការគាំទ្រត្រឹមតែជាង ២១%ប៉ុណ្ណោះ។
សម្រាប់បេក្ខភាពតាមពីក្រោយផ្សេងទៀតរួមមានអតីតនាយករដ្ឋមន្ត្រីលោក អាប់ភីស៊ីត វេចាជីវ៉ា មកពីបក្សប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រជាង១១% ខណៈលោក យុតឆាណាន់ វង្សសាវ៉ាត មកពីបក្សភឿថៃ ទទួលបានជាង១១%។ ដោយឡែកមានពលរដ្ឋប្រមាណជាង១០% មិនទាន់សម្រេចចិត្តជ្រើសរើសនៅឡើយ។
អ្វីដែលកាន់តែចាក់ដោត និងឆ្លុះបញ្ចាំងពីភាពបរាជ័យលើការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ននោះ គឺសំណួរជុំវិញគណបក្សនយោបាយដែលពលរដ្ឋពេញចិត្តបំផុត។ លទ្ធផលបានបង្ហាញថា គណបក្សប្រឆាំងទទួលបានការគាំទ្រដាច់ឆ្ងាយរហូតដល់ជិត៣៥% ឯគណបក្សភូមិចៃថៃរបស់លោក អានុទីន ទទួលបានត្រឹមតែជាង១៧% និងគណបក្សភឿថៃ ទទួលបានជិត១៧%ប៉ុណ្ណោះ។ ការធ្លាក់ចុះប្រជាប្រិយភាពរបស់លោក អានុទីន កើតឡើងស្របពេលដែលមានការបែកធ្លាយរឿងអាស្រូវពុករលួយជាច្រើនករណី រួមផ្សំនឹងការដោះស្រាយវិបត្តិសេដ្ឋកិច្ចមិនចេញ ដែលកំពុងរុញច្រានឱ្យរដ្ឋាភិបាលរបស់លោក អានុទីន ដើរដល់ផ្លូវទាល់រហូតដល់ថ្នាក់លេចឮព័ត៌មានថា ត្រូវតែមានការផ្លាស់ប្តូរតួអង្គនាយករដ្ឋមន្ត្រីជាបន្ទាន់។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺការទម្លាយឈ្មោះនាយករដ្ឋមន្ត្រីបម្រុង ដែលមានអក្សរកាត់ថា «ស»។
ប្រភពព័ត៌មានផ្ទៃក្នុងជាច្រើនបានបង្ហើបថា ម្ចាស់អក្សរកាត់ «ស» នោះ គឺចង់សំដៅលើលោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៅក្នុងរដ្ឋាភិបាលរបស់លោក អានុទីន ផ្ទាល់តែម្តង។ ក្រុមអ្នកវិភាគនយោបាយថៃ បានលើកឡើងថា ប្រសិនបើកៅអីរបស់លោក អានុទីន ត្រូវរង្គើឈានទៅដួលរលំនៅថ្ងៃទី៩ ខែកក្កដា ឬក្នុងរយៈពេលដ៏ខ្លីខាងមុខនេះមែននោះ ពិភពលោកនឹងត្រូវរង់ចាំមើលថា តើលោក ស៊ីហាសាក់ នឹងឡើងមកជំនួសតំណែងតាមផែនការគ្រោងទុក ឬមួយក៏ត្រូវប្រជែងជាមួយលោក យុតឆាណាន់ វង្សសាវ៉ាត ដែលជាបេក្ខភាពមកពីបក្សភឿថៃ ដើម្បីដណ្តើមយកអំណាចដឹកនាំប្រទេសថៃ បន្ត? នេះជាសញ្ញាអាសន្នដ៏គ្រោះថ្នាក់បំផុតសម្រាប់ស្ថិរភាពនយោបាយរបស់បក្សកាន់អំណាចនៅទីក្រុងបាងកកបច្ចុប្បន្ន៕
អត្ថបទៈ សួន ឡង់ទី