ឧស្សាហកម្មស្ករស

អ្នកជំនាញស្នើឱ្យរដ្ឋាភិបាលពង្រឹងឧស្សាហកម្មស្ករស ដើម្បីកាត់បន្ថយការនាំចូល និងទប់ស្កាត់អតិផរណា


អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា ឧស្សាហកម្មស្ករសរបស់កម្ពុជា នៅពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិត ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុកបាននៅឡើយទេ និងបានស្នើដល់រដ្ឋាភិបាល ព្រមទាំងក្រុមហ៊ុននានាឱ្យពង្រឹងឧស្សាហកម្មស្ករសឡើងវិញ ដើម្បីកាត់បន្ថយការនាំចូល និងទប់ស្កាត់អតិផរណា​ដែលអាចកើតមាន។ការស្នើនេះធ្វើឡើងស្របពេលដែលប្រទេសឥណ្ឌា មានផែនការកាត់បន្ថយការនាំចេញស្ករស ទៅកាន់ទីផ្សារពិភពលោក នាពេលខាងមុខ ដែលកំពុងបង្កក្ដីបារម្ភថា នឹងអាចធ្វើឱ្យតម្លៃស្ករសពិភពលោកហក់ឡើងខ្ពស់នាពេលខាងមុខ។
ឧស្សាហកម្មស្ករស
ដោយ

លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមយល់ឃើញថា ផែនការកាត់បន្ថយការនាំចេញស្ករសរបស់ប្រទេសឥណ្ឌាទៅកាន់ទីផ្សារពិភពលោកនាពេលខាងមុខ អាចពាក់ព័ន្ធនឹងការរក្សាសន្តិសុខស្បៀង និងទប់អតិផរណា ខណៈបាតុភូត អែលនីណូ នឹងអាចធ្វើឱ្យទិន្នផលកសិកម្មមានការធ្លាក់ចុះ។ អ្នកជំនាញរូបនេះជឿជាក់ថា ផលប៉ះពាល់ពីបាតុភូត អែលនីណូ នឹងធ្វើឱ្យតម្លៃស្ករសពិភពលោកមានការឡើងថ្លៃនាពេលខាងមុខ។

បើតាមលោកបណ្ឌិត ជ័យ តិច មកទល់ពេលនេះ ផលិតកម្មស្ករសរបស់កម្ពុជានៅពុំទាន់អាចឆ្លើយតបនឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃបាននៅឡើយទេ ដោយកម្ពុជាបាននាំចូលស្ករសពីបណ្ដាប្រទេសនានាយ៉ាងច្រើនក្នុង១ឆ្នាំៗ ដើម្បីបំពេញតម្រូវការប្រើប្រាស់។ ទន្ទឹមនឹងនេះអ្នកជំនាញរូបនេះស្នើដល់រដ្ឋាភិបាលឱ្យមានការគិតគូរក្នុងការពិពិធកម្មក្នុងការនាំចូលស្ករសមកស្តុកទុក និងបង្កើនការផលិតក្នុងស្រុក ដើម្បីត្រៀមទប់ទល់នឹងសម្ពាធពីអន្តរជាតិ។

ជាមួយគ្នានេះលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា កម្ពុជា គួរតែគិតគូរក្នុងការបង្កើនផលិតកម្មស្ករសឡើងវិញ ខណៈបរិមាណផលិតក្នុងស្រុកពុំទាន់អាចឆ្លើយតបនឹងតម្រូវការប្រើប្រាស់បានគ្រប់គ្រាន់នៅឡើយទេ។ បើតាមអ្នកជំនាញរូបនេះ ធុរជនកម្ពុជា គួរយកឱកាសនេះបង្កើនផលិតកម្មស្ករសក្នុងស្រុក ព្រោះវាមិនត្រឹមតែជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូលនោះទេ ថែមទាំងជួយគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយហានិភ័យពីកត្តាខាងក្រៅផងដែរ។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ស្នើដល់រដ្ឋាភិបាលឱ្យរៀបចំគោលនយោបាយពិសេសណាមួយដើម្បីទាក់ទាញវិនិយោគិនឱ្យមកវិនិយោគក្នុងវិស័យនេះ។

សូមបញ្ជាក់ថា កម្ពុជា មានរោងចក្រស្ករសនៅក្នុងខេត្តកំពង់ស្ពឺ, កោះកុង, ក្រចេះ និងខេត្តព្រះវិហារ តែរោងចក្រខ្លះបានផ្អាកសកម្មភាព ហើយមានរោងចក្រខ្លះបានដំណើរការតែពេលរដូវប្រមូលផលអំពៅប៉ុណ្ណោះ ដោយសារឧស្សាហកម្មស្ករនៅកម្ពុជាបានជួបនូវបញ្ហាកង្វះអំពៅ និងការប្រកួតប្រជែងជាមួយស្ករនាំចូល។ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជាបានចំណាយថវិការអស់ប្រមាណជាង៤៦លានដុល្លារលើការនាំចូលស្ករសមានការកើនឡើងប្រមាណ២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


អ្នកជំនាញក្រើនរំលឹកពលរដ្ឋខ្មែរឱ្យបង្កើនការធ្វើពហិការទំនិញថៃ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចថៃ និងពង្រឹងសេដ្ឋកិច្ចជាតិ

ស្របពេលដែលប្រទេសថៃ នៅតែបន្តបង្កបញ្ហាអរិភាពជាមួយកម្ពុជា ជាបន្តបន្ទាប់នៅតាមបន្ទាត់ព្រំដែន ក្រុមអ្នកជំនាញបានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរ…

ប្រជាប្រិយភាពរបស់លោក អានុទីន សំយុងក្បាលចុះ ខណៈបែកធ្លាយលោក ស៊ីហាសាក់ ជាបេក្ខភាពនាយករដ្ឋមន្ត្រីបម្រុង

ស្ថានការណ៍នយោបាយប្រទេសថៃ កំពុងតែពុះកញ្ជ្រោលខណៈលទ្ធផលស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍ (NIDA) ដែលជាស្ថាប័នស្ទង់មតិដ៏មានឥទ្ធិពល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ