យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន DW នៅថ្ងៃទី១១ ខែសីហា បានឱ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះការឆ្លើយតបដាច់ដោយឡែកពីគ្នារបស់អាជ្ញាធរដែនដី និងភ្នាក់ងារប្រឆាំងការជួញដូរមនុស្សហាក់មិនទាន់មានឥទ្ធិពលគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការរីកធំធាត់នៃឧស្សាហកម្មងងឹត ឬការឆបោកតាមប្រព័ន្ធអនឡាញបាននៅឡើយទេ។ ក្រុមឧក្រិដ្ឋជនបានវិវត្តបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ដោយទាញយកផលប្រយោជន៍ពីប្រព័ន្ធធនាគារអន្តរជាតិ រូបិយប័ណ្ណគ្រីបតូ បណ្តាញទូរគមនាគមន៍ និងក្រុមហ៊ុនលាក់មុខ ថែមទាំងទទួលបានការការពារពីក្រុមប្រដាប់អាវុធខុសច្បាប់នៅតាមតំបន់ប្រឈមមួយចំនួនទៀតផង។
ទោះជាយ៉ាងណាបណ្តារដ្ឋាភិបាលនៅក្នុងតំបន់អាស៊ានកំពុងពួតដៃគ្នា ដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យាមួយនេះ។ ជាក់ស្តែងកាលពីថ្ងៃទី៦ ខែសីហា នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល និងប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុង ឡាំង បានព្រមព្រៀងគ្នាក្នុងកម្រិតយុទ្ធសាស្ត្រ ដើម្បីបើកប្រតិបត្តិការរួមគ្នាបង្រ្កាបមជ្ឈមណ្ឌលឆបោកតាមព្រំដែន ផ្លាស់ប្តូរព័ត៌មានសម្ងាត់ និងកាត់ផ្តាច់លំហូរហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន។ ជាមួយគ្នានេះកាលពីសប្តាហ៍មុន ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto និងនាយករដ្ឋមន្ត្រីថៃ បានឯកភាពគ្នាធ្វើជាក្បាលម៉ាស៊ីនពង្រឹងភាពធន់របស់អាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឌីជីថលនេះ។
យ៉ាងណាមិញកាលពីថ្ងៃទី៤ ខែសីហា រដ្ឋាភិបាលសិង្ហបុរីបានដាក់ចេញនូវច្បាប់ថ្មី ដោយបើកផ្លូវឱ្យសមត្ថកិច្ច និងក្រុមហ៊ុនអ៊ីនធឺណិត ផ្លាស់ប្តូរទិន្នន័យគ្នាភ្លាមៗ ដើម្បីបិទគណនីសង្ស័យ ក៏ដូចជាកម្រិត និងផ្អាកសេវាកម្មហិរញ្ញវត្ថុ និងទូរគមនាគមន៍ ដែលបម្រើឱ្យសកម្មភាពបទល្មើស។
អ្វីដែលគួរឱ្យចាប់អារម្មណ៍សហរដ្ឋអាម៉េរិកបានកំណត់ក្រុមហ៊ុន Prince Group ថា ជាអង្គការឧក្រិដ្ឋកម្មឆ្លងដែន និងបានដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនពាក់ព័ន្ធចំនួន១៤៦ កាលពីខែតុលា ឆ្នាំ២០២៥ ដោយចោទប្រកាន់ប្រធានក្រុមហ៊ុននេះ គឺលោក Chen Zhi ពីបទរួមដៃឆបោកតាមប្រព័ន្ធអេឡិចត្រូនិក និងលាងលុយកខ្វក់។ ជាលទ្ធផល អាជ្ញាធរកម្ពុជាបានចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ដោយបានដកហូតសញ្ជាតិរបស់លោក Chen Zhi និងបានធ្វើបត្យាប័នរូបគេទៅកាន់ប្រទេសចិន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
បច្ចុប្បន្នប្លុកអាស៊ានកំពុងផ្លាស់ប្តូរពីការបង្ក្រាបតាមបែបប្រពៃណីមកជាផែនការសកម្មភាពអាស៊ានប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកឆ្លងដែនឆ្នាំ២០២៦-២០៣៥។ ផែនការយុទ្ធសាស្ត្រ១០ឆ្នាំនេះ ផ្តោតសំខាន់លើការចែករំលែកព័ត៌មានសម្ងាត់រវាងភ្នាក់ងារអនុវត្តច្បាប់ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ, ការបើកការស៊ើបអង្កេតរួមគ្នា និងការសម្របសម្រួលកម្មវិធីកាត់ទោសឆ្លងដែន និងការបង្កើតក្រុមការងាររួមអាស៊ាន ដើម្បីបង្កើនសមត្ថភាពស្ថាប័នក្នុងការប្រឆាំងការលាងលុយកខ្វក់ និងទប់ស្កាត់លំហូរសាច់ប្រាក់ងងឹតក្នុងតំបន់ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕
អត្ថបទៈ សួន ឡង់ទី