ប្រព័ន្ធរ៉ាដានេះមានសមត្ថភាពឃ្លាំមើល និងផ្តល់សញ្ញាព្រមានជាមុននៅទូទាំងភាគខាងជើងប្រទេសកាណាដា ធ្លាយចូលទៅដល់តំបន់ប៉ូលខាងជើង ឬតំបន់អាក់ទិកក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP។
តាមរយៈកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ជិត២ពាន់លានដុល្លារនេះ ប្រព័ន្ធរ៉ាដាដ៏មានអានុភាពរបស់អូស្ត្រាលី នឹងត្រូវយកទៅដំឡើងដើម្បីការពារតំបន់អាក់ទិក ដែលកំពុងក្លាយជាសមរភូមិយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយយ៉ាងក្តៅគគុក។ រដ្ឋមន្ត្រីការពារជាតិ អូស្ត្រាលីលោក រីឆាត ម៉ាឡេស (Richard Marles) បានចាត់ទុកគម្រោងនេះថា ជាជំហានដ៏ធំមួយក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រថ្មីលើវិស័យបច្ចេកវិទ្យាយោធាទំនើប។ ជាមួយគ្នានេះ ភាគីកាណាដា បានគូសបញ្ជាក់ថា នេះជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងសន្តិសុខដ៏រឹងមាំរវាងប្រទេសទាំងពីរ ដែលសុទ្ធសឹងតែជាសមាជិកនៃសម្ព័ន្ធភាពចែករំលែកព័ត៌មានសម្ងាត់កំពូលទាំង៥ ឬហៅថា Five Eyes។
ចំណុចពិសេសអស្ចារ្យ នៃបច្ចេកវិទ្យានេះ គឺវាជាប្រភេទរ៉ាដា ដែលមានសមត្ថភាពស្វែងរក និងចាប់សញ្ញាយន្តហោះ នាវាចម្បាំង ឬវត្ថុហោះហើរផ្សេងៗនៅចម្ងាយឆ្ងាយ ដែលរ៉ាដាធម្មតាមិនអាចធ្វើទៅរួច។ វាដំណើរការដោយការបាញ់បញ្ជូនរលកវិទ្យុទៅប៉ះនឹងស្រទាប់អ៊ីយ៉ុង នៃបរិយាកាសផែនដី រួចឆ្លុះត្រឡប់មកវិញ ដើម្បីស្កែនរកគោលដៅយុទ្ធសាស្ត្រ។ បច្ចេកវិទ្យាដ៏កំពូលនេះ ត្រូវបានអូស្ត្រាលីលាក់ក្រចកអភិវឌ្ឍអស់រយៈពេលជាង៤០ឆ្នាំមកហើយ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានសម្រេចចិត្តជ្រើសរើសទិញប្រព័ន្ធរ៉ាដារបស់អូស្ត្រាលីលើកនេះជំនួសឱ្យការទិញបច្ចេកវិទ្យាស្រដៀងគ្នារបស់អាម៉េរិក ដែលនេះបានបង្ហាញពីការកើនឡើង នៃទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅរវាងទីក្រុងអូតាវ៉ា និងទីក្រុងកង់បេរ៉ាលើផ្នែកបច្ចេកវិទ្យាការពារជាតិ បញ្ញាសិប្បនិម្មិត និងការគ្រប់គ្រងរ៉ែយុទ្ធសាស្ត្រ៕
ដោយ: តែម សុខុម