ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ដោយស្រង់សម្ដីរបស់លោក វ៉ាល់ឌីស ដូមប្រូស្គី (Valdis Dombrovskis) ស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុប ដែលបានលើកឡើងថា តម្លៃថាមពលដែលហក់ឡើងខ្ពស់ គឺជាកត្តាចម្បង ដែលជំរុញឱ្យអត្រាអតិផរណាកើនឡើងដល់៣,១% សម្រាប់ឆ្នាំនេះ និង២,៤% សម្រាប់ឆ្នាំ២០២៧ ខាងមុខ ដែលតួលេខនេះ គឺខ្ពស់ជាងការប៉ាន់ស្មានកាលពីពេលមុន ដែលធ្លាប់រំពឹងថា នឹងមានត្រឹមតែ១,៩% ប៉ុណ្ណោះ សម្រាប់ឆ្នាំនេះ។
លោក វ៉ាល់ឌីស បានថ្លែងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃប្រទេសទាំង២១ ដែលប្រើប្រាស់ប្រាក់អឺរ៉ូ ឬហៅថា ក្រុមអឺរ៉ូហ្គ្រុប យ៉ាងដូច្នេះថា៖«យើងប៉ាន់ប្រមាណថា ឥទ្ធិពលនៃអតិផរណាផ្នែកថាមពលនេះនឹងជ្រាបចូល និងបង្កផលប៉ះពាល់បន្តិចម្ដងៗទៅលើវិស័យផ្សេងៗទៀតនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់អឺរ៉ុប»។
ជាមួយគ្នានេះ លោកស្រី គ្រីស្ទីន ឡាហ្គាដ (Christine Lagarde) ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) ក៏បានបង្ហាញទស្សនៈស្រដៀងគ្នាដែរថា ទោះបីជាជម្លោះនៅតំបន់មជ្ឈិមបូព៌ាអាចនឹងត្រូវបញ្ចប់នៅក្នុងពេលនេះក៏ដោយ ប៉ុន្តែផលប៉ះពាល់ដ៏រ៉ាំរ៉ៃនៃវិបត្តិនេះនឹងនៅតែបន្តធ្វើឱ្យតម្លៃទំនិញរក្សាភាពថ្លៃជានិរន្តរ៍ដដែល។
សម្រាប់សហភាពអឺរ៉ុប ការបញ្ចប់វិបត្តិនេះ មានន័យស្មើនឹងការវិលត្រឡប់ទៅរកការធ្វើនាវាចរណ៍ដោយសេរីឡើងវិញ តាមច្រកសមុទ្រ ហ័រម៉ូស ដោយគ្មានការរារាំង ឬការគិតថ្លៃសេវាណាមួយឡើយ។ យ៉ាងណាមិញកំណើនសេដ្ឋកិច្ចនៅតំបន់អឺរ៉ូ ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់០,៩% នៅឆ្នាំនេះ និង១,២% នៅឆ្នាំ២០២៧។ ថ្វីបើដួលធ្លាក់ទាបជាងការរំពឹងទុកកាលពីមុន ប៉ុន្តែវាច្បាស់ណាស់ថា សេដ្ឋកិច្ចអឺរ៉ុប នៅឆ្ងាយពីសេណារីយ៉ូ នៃវិបត្តិសេដ្ឋកិច្ចដុនដាប ឬការធ្លាក់ចុះខ្លាំងនៅឡើយ។
ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពអតិផរណា ដែលខ្ពស់ជាងការរំពឹងទុកនេះបាននាំឱ្យមានការវិភាគ និងប៉ាន់ស្មានទុកជាមុនថា ធនាគារកណ្ដាលអឺរ៉ុប ប្រាកដជានឹងដំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងការកើនឡើង នៃអតិផរណា។ ប៉ុន្តែទោះជាបែបនេះក្ដី នៅក្នុងកិច្ចប្រជុំនោះលោកស្រី គ្រីស្ទីន មិនទាន់បានផ្ដល់សញ្ញាណាមួយឱ្យដឹងជាមុនអំពីវិធានការជាក់លាក់ដែលធនាគារកណ្ដាលនឹងត្រូវចាត់វិធានការនាពេលឆាប់ៗខាងមុខនេះនៅឡើយទេ៕
អត្ថបទៈ សួន ឡង់ទី