លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានគូសបញ្ជាក់ថា ការធ្លាក់ចុះយ៉ាងគំហុកនៃចរន្តភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជា នៅឆមាសទី១ឆ្នាំនេះ គឺត្រូវបានជំរុញដោយ វិបត្តិភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា បញ្ហាប្រឈមជាសកល ព្រមទាំងការកើនឡើង នៃតម្លៃសំបុត្រយន្តហោះជាដើម។ ទន្ទឹមនេះការបិទច្រកព្រំដែនគោកកម្ពុជា-ថៃ និងកង្វះទំនុកចិត្តផ្នែកសន្តិសុខដោយសារឥទ្ធិពលស្កេមអនឡាញ និងភាពរអាក់រអួល នៃដំណើរការស្នើសុំទិដ្ឋាការ ក៏ជាកត្តារាំងស្ទះដល់លំហូរភ្ញៀវទេសចរបរទេសចូលមកកម្ពុជាផងដែរ។
ដើម្បីស្រោចស្រង់ និងលើកកម្ពស់វិស័យទេសចរណ៍ឡើងវិញ លោកបណ្ឌិតបានផ្តល់ជាយោបល់ថា ទាល់តែគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋាភិបាល និងវិស័យឯកជនត្រូវរួមគ្នាដាក់ចេញនូវវិធានការបន្ទាន់ក្នុងការស្តារទំនុកចិត្ត ជំរុញការផ្សព្វផ្សាយ និងបង្កើតផលិតផលទេសចរណ៍ឱ្យសម្បូរបែប ពង្រឹងការធ្វើបដិសណ្ឋារកិច្ច បង្កើនការតភ្ជាប់ជើងហោះហើរថ្មី ព្រមទាំងបើកទូលាយនូវគោលនយោបាយលើកលែងទិដ្ឋាការដល់ទីផ្សារគោលដៅបន្ថែមទៀត។
ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានវាយតម្លៃថា បច្ចុប្បន្នការធ្វើទីផ្សារគោលដៅទេសចរណ៍របស់កម្ពុជាហាក់នៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានថវិកាកំណត់តាមគោលដៅច្បាស់លាស់ ខណៈប្រទេសប្រកួតប្រជែងក្នុងតំបន់បានចំណាយថវិកាយ៉ាងច្រើនលើការផ្សព្វផ្សាយលើវិស័យទេសចរណ៍។ ទន្ទឹមនេះ អ្នកជំនាញរូបនេះ ក៏បានជំរុញឱ្យត្រួតពិនិត្យលើអាកប្បកិរិយារបស់សហគ្រិន និងប្រតិបត្តិករទេសចរណ៍មួយចំនួនផងដែរ ព្រោះមានអាជីវកម្មខ្លះនៅតែអង្គុយរង់ចាំឱ្យភ្ញៀវមកគោះទ្វារ ប៉ុន្តែមិនបានចូលរួមធ្វើទីផ្សារ មិនវិនិយោគលើការលក់ មិនចូលរួមពិព័រណ៍ មិនបង្កើតផលិតផលថ្មី និងមិនទៅជួបដៃគូនៅក្រៅប្រទេសជាដើម។
របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា នៅឆមាសទី១ឆ្នាំ២០២៦ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុបជាង១,៧លាននាក់ធ្លាក់ចុះជិត៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទទួលបានប្រមាណជាង៣,៣លាននាក់៕