វិស័យទេសចរណ៍

តើកម្ពុជា ត្រូវធ្វើយ៉ាងណា ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យបាន២លាននាក់ទៅកម្សាន្តនៅសៀមរាប នៅឆ្នាំ២០២៨?


រាជរដ្ឋាភិបាលកម្ពុជា ​កំពុងត្រៀមដាក់ចេញនូវវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៦-២០២៨ ដើម្បីជំរុញចលនាទេសចរណ៍ឱ្យកាន់តែរស់រវើក ដោយកំណត់គោលដៅស្រូបទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យបាន២លាននាក់ និងភ្ញៀវទេសចរជាតិ ប្រមាណ៣លាននាក់ នៅក្នុងឆ្នាំ២០២៨។ ក្រុមអ្នកជំនាញ បានវាយតម្លៃថា នេះជាសញ្ញាណវិជ្ជមានដ៏សំខាន់ក្នុងការស្តារ និងជំរុញសេដ្ឋកិច្ចទេសចរណ៍ឡើងវិញ។
វិស័យទេសចរណ៍
ដោយ

ប៉ុន្តែការសម្រេចគោលដៅនេះមិនគួរវាស់ត្រឹមបរិមាណភ្ញៀវទេសចរនោះទេ ប៉ុន្តែត្រូវផ្តោតលើគុណភាពនៃការចំណាយរយៈពេលស្នាក់នៅ និងការបែងចែកផលប្រយោជន៍សេដ្ឋកិច្ចដោយផ្ទាល់ទៅកាន់សហគមន៍ និងអាជីវកម្មមូលដ្ឋាន ខណៈដែលបណ្តាប្រទេសជិតខាងកំពុងប្រកួតប្រជែងយ៉ាងស្រួចស្រាល់តាមរយៈការសម្រួលទិដ្ឋាការ ការបើកជើងហោះហើរត្រង់ និងយុទ្ធសាស្ត្រទីផ្សារឌីជីថល។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានលើកឡើងថា ការកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកកម្សាន្តនៅក្នុងខេត្តសៀមរាប ឱ្យបានប្រមាណ២លាននាក់ និងភ្ញៀវជាតិ ប្រមាណ៣លាននាក់នៅឆ្នាំ២០២៨ គឺជាគោលដៅវិជ្ជមានក្នុងការជួយស្តារវិស័យទេសចរណ៍កម្ពុជា។ ទោះជាយ៉ាងណាអ្នកជំនាញរូបនេះយល់ថា ទន្ទឹមនឹងផ្ដោតលើចំនួនភ្ញៀវ ភាគីពាក់ព័ន្ធ ក៏គួរផ្ដោតលើសេវាកម្មដែលភ្ញៀវបានប្រើប្រាស់ដូចជារយៈពេលស្នាក់នៅ និងចំណូលទេសចរណ៍បានចែកចាយទៅដល់សហគមន៍ និងអាជីវកម្មមូលដ្ឋានកម្រិតណា។ សម្រាប់អ្នកជំនាញរូបនេះ ស្ថិតក្នុងស្ថានភាពវិស័យទេសចរណ៍បច្ចុប្បន្ន កម្ពុជាមិនអាចឈរនៅស្ងៀមបានទេ ខណៈដែលប្រទេសជិតខាងកំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងតាមរយៈការសម្រួលទិដ្ឋាការ, ការធ្វើទីផ្សារ, ការបញ្ចុះតម្លៃ និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា អ្វីដែលកម្ពុជាត្រូវដោះស្រាយ គឺបង្កើនការតភ្ជាប់ជើងហោះហើរអន្តរជាតិ តម្លៃ និងភាពងាយស្រួលនៃការធ្វើដំណើរ គុណភាពសេវាកម្ម ការប្រកួតប្រជែងតម្លៃ បង្កើនកញ្ចប់ថវិកាផ្សព្វផ្សាយ និងបង្កើតផលិតផលថ្មីៗក្រៅពីអង្គរ។

បើតាមអ្នកជំនាញរូបនេះ ការផ្សព្វផ្សាយពីតំបន់ទេសចរណ៍មិនគួរបញ្ចប់ត្រឹមការផលិតវីដេអូ ឬ Poster ឬការចូលរួមពិព័រណ៍ទេសចរណ៍ទេ ភាគីពាក់ព័ន្ធត្រូវកំណត់ទិសដៅទីផ្សារឱ្យបានច្បាស់ នាំអ្នកទិញអន្តរជាតិមកស្គាល់ផលិតផលដោយផ្ទាល់ និងបង្កើតកិច្ចសហប្រតិបត្តិការជិតសិទ្ធិជាមួយក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍អនឡាញធំៗ។ ជារួមខេត្តសៀមរាប មិនគួរបោះជំហានចូលក្នុងសង្គ្រាមសង្គ្រោះទីផ្សារដោយការបញ្ចុះតម្លៃឡើយ ប៉ុន្តែត្រូវប្រកួតប្រជែងលើគុណភាព សេវាកម្ម និងអត្តសញ្ញាណវប្បធម៌ខ្មែរ ព្រោះថា ប្រវត្តិសាស្ត្រ អច្ឆរិយវត្ថុអង្គរ សិល្បៈ និងអត្តសញ្ញាណជាតិខ្មែរ គឺជាទ្រព្យសម្បត្តិដ៏មហាសាល ដែលគ្មានប្រទេសណាមួយអាចចម្លងបានឡើយ។ អ្វីដែលសំខាន់បំផុតនៅពេលនេះតើកម្ពុជាអាចកែច្នៃ និងកែប្រែមរតកទាំងអស់នេះឱ្យទៅជាផលិតផលទេសចរណ៍លំដាប់គុណភាព ដែលទីផ្សារអន្តរជាតិប្រាថ្នាចង់បានក្នុងកម្រិតណា?

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


រដ្ឋាភិបាលគ្រោង​ឧបត្ថម្ភធនដល់​ការ​បំប្លែង​រ៉ឺម៉កកង់បីពីការប្រើ​ប្រេងឥន្ធនៈ ​និងឧស្ម័ន​ទៅ​អគ្គិសនី​

រាជរដ្ឋាភិបាលកម្ពុជា ​កំពុង​សិក្សា​រៀប​ចំ​យន្តការ ​និងគ្រោងដាក់ឲ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភធន និងផ្តល់​ឥណទាន​សម្បទាន​សម្រាប់​ការ​បំប្លែង​…

វិស័យ​ឯកជនស្នើឱ្យរដ្ឋបង្កើនការលើកលែងទិដ្ឋាការ និងតភ្ជាប់ជើងហោះហើរត្រង់ ដើម្បីស្តារវិស័យទេសចរណ៍

វិស័យទេសចរណ៍កម្ពុជា កំពុងរងការបោកបក់ពីបញ្ហាប្រឈមជាច្រើនទាំងឥទ្ធិពលខាងក្រៅ និងខាងក្នុង ដែលធ្វើឱ្យចំនួនភ្ញៀវទេសចរអន្តរជាតិ មកកម្សាន្តនៅកម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ