យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN លោកវរសេនីយ៍ឯក វ៉ាង ស៊ឺម៉េង (Wang Xuemeng) អ្នកនាំពាក្យកងទ័ពជើងទឹកចិន បានប្រកាសថា នាវាមុជទឹករបស់ខ្លួនបានបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រចំនួន១គ្រាប់ ដែលបំពាក់ក្បាលគ្រាប់ក្លែងក្លាយទៅកាន់ដែនទឹកអន្តរជាតិនៃមហាសមុទ្រប៉ាស៊ីហ្វិក ដោយវាបានធ្លាក់ចំគោលដៅយ៉ាងត្រឹមត្រូវ។ លោកបានសង្កត់ធ្ងន់ថា នេះគ្រាន់តែជាផ្នែកមួយ នៃកម្មវិធីហ្វឹកហ្វឺនយោធាប្រចាំឆ្នាំ ស្របតាមច្បាប់អន្តរជាតិ និងគ្មានចេតនាតម្រង់គោលដៅទៅរកប្រទេសណាមួយឡើយ ហើយចិន ក៏បានជូនដំណឹងទៅភាគីពាក់ព័ន្ធរួចរាល់ហើយដែរ។ ទោះជាយ៉ាងណាទីក្រុងប៉េកាំង មិនបានបញ្ជាក់ពីប្រភេទមីស៊ីលនេះនោះទេ។
ភ្លាមៗនោះ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានចេញមកបញ្ចាក់ថា ខ្លួនបានតាមដានការបាញ់មីស៊ីលផ្លោងអន្តរទ្វីបប្រភេទ ICBM ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែនេះយ៉ាងដិតដល់។ ទោះបីជាការបាញ់នេះមិនមានបំពាក់គ្រឿងបំផ្ទុះពិតប្រាកដក៏ដោយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន បានដាស់តឿនឱ្យចិន ចូលរួមក្នុងកិច្ចពិភាក្សាគ្រប់គ្រងអាវុធ ដោយបានព្រមានថា ការបង្កើនអាវុធនុយក្លេអ៊ែ យ៉ាងឆាប់រហ័ស និងខ្វះតម្លាភាពរបស់ចិន កំពុងបង្កើតក្តីបារម្ភយ៉ាងខ្លាំងដល់ពិភពលោក។
បើតាមការបញ្ជាក់ពីអ្នកជំនាញយោធាអាម៉េរិក កងទ័ពជើងទឹកចិនបច្ចុប្បន្នមានមីស៊ីលបាញ់ចេញពីនាវាមុជទឹកចំនួន២ ប្រភេទ គឺ JL-2 និង JL-3 ក្នុងនោះមីស៊ីលប្រភេទថ្មី JL-3 មានសមត្ថភាពវាយប្រហារដ៏គួរឱ្យភ័យខ្លាច ដោយអាចបាញ់ចេញពីឆ្នេរសមុទ្រចិន ឬសមុទ្រចិនខាងត្បូង ទៅបំផ្លាញគោលដៅដល់ដីគោករបស់សហរដ្ឋអាម៉េរិក ឯណោះ។ មិនតែប៉ុណ្ណោះ ចិន មាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែប្រភេទ Type 094 ឬ Jin class រហូតដល់ទៅ៦គ្រឿង ត្រៀមលក្ខណៈជាស្រេចសម្រាប់បាញ់មីស៊ីលអន្តរទ្វីបទាំងនេះ។
ការបង្ហាញសាច់ដុំយោធារបស់ចិននេះបានធ្វើឱ្យបណ្តាប្រទេសក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកផ្ទុះប្រតិកម្មយ៉ាងខ្លាំង។ លោក វីនស្តុន ភីធើ (Winston Peters) រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ បានលើកឡើងថា ខ្លួនមិនចង់ឃើញចិន ប្រើប្រាស់តំបន់ប៉ាស៊ីហ្វិកខាងត្បូង ធ្វើជាទីលានសាកល្បងមីស៊ីលឡើយ។ ចំណែកឯលោកស្រី ផេននី វ៉ង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ក៏បានចោទប្រកាន់សកម្មភាពនេះដែរថា ជាការបង្កអស្ថិរភាព និងខ្វះតម្លាភាព។ ដោយឡែករដ្ឋាភិបាលក្រុងតូក្យូ បានចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពយោធារបស់ចិន ដែលកាន់តែផ្គើន និងសកម្មខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយ បើតាមការយល់ឃើញរបស់អ្នកតាមដានស្ថានការណ៍ភូមិសាស្ត្រនយោបាយ និងយោធាអន្តរជាតិ បានវាយតម្លៃថា ការបាញ់សាកល្បងនេះការពិតទៅ គឺជារឿងធម្មតាទៅហើយសម្រាប់មហាអំណាចនុយក្លេអ៊ែ។ ជាក់ស្តែង កាលពីខែកញ្ញា ឆ្នាំមុន សហរដ្ឋអាម៉េរិក ក៏បានបាញ់សាកល្បងមីស៊ីលប្រភេទ Trident ចេញពីនាវាមុជទឹកចំនួន៤លើកនៅក្បែររដ្ឋផ្លរីដា ខណៈដែលរុស្ស៊ី និងឥណ្ឌា ក៏បានធ្វើតេស្តបាញ់មីស៊ីលចេញពីនាវាមុជទឹករបស់ពួកគេរៀងៗខ្លួនកាលពីចុងឆ្នាំ២០២៥ កន្លងទៅនេះផងដែរ៕