ដោយឡែកសម្រាប់កម្ពុជា ដែលបច្ចុប្បន្នមានរោងចក្រចម្រាញ់មាសជាច្រើនកន្លែង និងអាចផលិតមាសបានច្រើនតោនក្នុងមួយឆ្នាំៗ តើគួរបង្វែរទិសដៅមកតម្កល់មាសទុកក្នុងប្រទេសដែរឬទេ ខណៈដែលសណ្ដាប់ធ្នាប់សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយពិភពលោកកំពុងជួបប្រទះភាពមិនប្រាកដប្រជានោះ?
លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ការរក្សាទុកមាសនៅក្នុងប្រទេសអាចផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច ហើយប្រសិនបើភាគីពាក់ព័ន្ធអាចចម្រាញ់ និងកែច្នៃមាសក្នុងស្រុកបានល្អ នោះកម្ពុជាអាចបង្កើនចំណូលពន្ធ បង្កើតការងារ អភិវឌ្ឍជំនាញបច្ចេកទេស និងការបង្កើតបាននូវខ្សែច្រវាក់អាជីវកម្មពាក់ព័ន្ធនឹងវិស័យមាសជាដើម។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជាគួរផ្ដោតលើការរក្សាតុល្យភាពតាមរយៈការចម្រាញ់ និងកែច្នៃមាសក្នុងស្រុក ដើម្បីបង្កើនតម្លៃបន្ថែមក្នុងប្រទេស និងរក្សាមាសមួយផ្នែកជាទ្រព្យសកម្មបម្រុង ពិសេសត្រូវធានាថា វិស័យរ៉ែ និងការវិនិយោគនៅតែមានភាពទាក់ទាញដើម្បីជំរុញដល់ការវិនិយោគរយៈពេលវែង។
ជុំវិញបញ្ហានេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាបានចាត់ទុកការរក្សាទុកមាសនៅក្នុងស្រុកថា ជាខែលការពារទ្រព្យសុវត្ថិភាព និងជាយន្តការទប់ទល់នឹងហានិភ័យ ដែលបង្កឡើងដោយការប្រកួតប្រជែងអំណាចរបស់មហាអំណាចសកល។ លោកបណ្ឌិត យល់ឃើញថា ការរក្សាមាសក្នុងស្រុកមានទាំងផលវិជ្ជមាន និងប្រឈម ព្រោះការនាំចេញមាសទៅក្រៅប្រទេស ក៏បាននាំមកវិញនូវរូបិយប័ណ្ណបរទេស ដើម្បីចាក់បញ្ចូលក្នុងប្រព័ន្ធសេដ្ឋកិច្ច និងពង្រឹងទុនបម្រុងអន្តរជាតិផងដែរ។ ទោះជាយ៉ាងណា ក្នុងបរិបទពិភពលោកបច្ចុប្បន្ន កម្ពុជាគួរគិតគូររៀបចំកិច្ចព្រមព្រៀង ឬលក្ខខណ្ឌពិសេសជាមួយក្រុមហ៊ុនរុករករ៉ែ ដើម្បីសន្សំ ឬតម្កល់មាសទុកក្នុងស្រុកក្នុងកម្រិតណាមួយ សំដៅពង្រឹងស្ថិរភាពសេដ្ឋកិច្ច និងរូបិយវត្ថុជាតិឱ្យកាន់តែមានរឹងមាំ។
សូមបញ្ជាក់ថា គិតត្រឹមឆមាសទី២ ឆ្នាំ២០២៦ ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មរ៉ែមាសចំនួន១៥គម្រោងស្ថិតនៅខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ក្រចេះ កំពង់ធំ បាត់ដំបង កំពត បន្ទាយមានជ័យ កំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ ក្នុងនោះ៧គម្រោងកំពុងធ្វើប្រតិបត្តិការអាជីវកម្ម និង៨គម្រោងផ្សេងទៀតស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ការដ្ឋាននៅឡើយ។ ទន្ទឹមនេះគិតពីឆ្នាំ២០២០ មកដល់ឆមាសទី១ ឆ្នាំ២០២៦ ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មទាំង៧ផលិតមាសបានប្រមាណ២០ តោន។ នេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលកាលពីពេលកន្លងទៅ៕
អត្ថបទ៖បូ ដូឡា