បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ស្របពេលសហរដ្ឋអាម៉េរិកបង្កើនសម្ពាធពាណិជ្ជកម្មកាន់តែខ្លាំង ចិន និងវៀតណាមបានបង្កើតបណ្តាញដឹកជញ្ជូន និងភស្តុភារកម្មរួមគ្នាយ៉ាងជិតស្និទ្ធបំផុត បើទោះបីជាជម្លោះដែនសមុទ្រមិនទាន់ដោះស្រាយរួចរាល់ក៏ដោយ។ ប្រទេសជិតខាងទាំងពីរនេះ កំពុងជំរុញលំហូរទំនិញ និងការធ្វើដំណើររបស់អ្នកដំណើរយ៉ាងសកម្មតាមផ្លូវដែក ផ្លូវអាកាស និងផ្លូវទឹក ដើម្បីទាញយកផលប្រយោជន៍អតិបរមាពីទីតាំងភូមិសាស្ត្រជាប់គ្នា និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងនាមជាក្បាលម៉ាស៊ីនផលិតកម្មរបស់ពិភពលោក សំដៅទប់ទល់នឹងសម្ពាធ និងភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកល។
លោក ជេក ងូយ៉េន (Jack Nguyen) នាយកប្រតិបត្តិក្រុមហ៊ុនផ្តល់សេវាកម្មអាជីវកម្ម Ascentium នៅវៀតណាម បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងវៀតណាមបានប្រែមុខមាត់ពីពាណិជ្ជកម្មតាមព្រំដែនបែបសាមញ្ញទៅជាការរួមបញ្ចូលគ្នាយ៉ាងជ្រាលជ្រៅលើវិស័យផលិតកម្ម ភស្តុភារកម្ម ទេសចរណ៍ និងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ធនាគារឯកជនស្វីស J. Safra Sarasin រដ្ឋាភិបាលវៀតណាមបានទម្លាក់កញ្ចប់ថវិកាវិនិយោគដ៏មហិមារហូតដល់៣២០ពាន់លានដុល្លារអាម៉េរិកលើវិស័យដឹកជញ្ជូន និងភស្តុភារកម្មរហូតដល់ឆ្នាំ២០៣០ ដើម្បីបើកផ្លូវ និងពង្រីកទំហំពាណិជ្ជកម្ម ព្រមទាំងទេសចរណ៍ជាមួយប្រទេសចិនឱ្យកាន់តែធំធេង។ ការបត់បែនយុទ្ធសាស្ត្រដោយតម្កល់ផលប្រយោជន៍សេដ្ឋកិច្ចជាធំនេះបានបង្ហាញយ៉ាងច្បាស់ថា ទាំងចិន និងវៀតណាមជ្រើសរើសយកការអភិវឌ្ឍសេដ្ឋកិច្ច និងការកែទម្រង់ខ្សែច្រវាក់ផ្គត់ផ្គង់ជាអាទិភាពកំពូល ដើម្បីធានាបាននូវស្ថិរភាពសេដ្ឋកិច្ចជាតិក្នុងរយៈពេលវែង៕
ដោយៈ សរ សុជាតិ