ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី៥ ខែឧសភា ថាប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី គ្រីស្ដាលីណា ចចជីវ៉ា(Kristalina Georgieva) បានព្រមានធ្ងន់ៗថា សេដ្ឋកិច្ចពិភពលោកនឹងកាន់តែដុនដាប ប្រសិនបើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបន្តអូសបន្លាយឈានចូលដល់ឆ្នាំ២០២៧។ លោកស្រីសង្កត់ធ្ងន់ថា អតិផរណាកំពុងហក់ឡើងរួចទៅហើយ ហើយថា ពិភពលោកពេលនេះកំពុងខិតកាន់តែកៀកទៅរកសេណារីយ៉ូកាន់តែអវិជ្ជមាន ដែលកំណើនសេដ្ឋកិច្ចអាចនឹងធ្លាក់ចុះមកនៅត្រឹមរង្វង់ ២,៥% និងអតិផរណាកើនឡើងដល់៥,៤%។ ប្រសិនបើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា នៅតែបន្តអូសបន្លាយយូរជាងនេះ លទ្ធផលធ្ងន់ធ្ងរជាងនេះអាចមើលឃើញកំណើនធ្លាក់ចុះមកត្រឹម ២% ខណៈដែលអតិផរណាកើនឡើងដល់៥,៨%។
ប្រធានមូលនិធិ IMF រូបនេះ បានព្រមានផងដែរថា ប្រសិនបើសង្គ្រាមនៅតែបន្តអូសបន្លាយ ហើយតម្លៃប្រេងលើសពី១០០ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល និងការរាំងស្ទះការផ្គត់ផ្គង់ជាបន្តបន្ទាប់ អាចជំរុញឱ្យអតិផរណាកើនឡើងបន្ថែមទៀត និងធ្វើឱ្យទីផ្សារពិភពលោកបាត់បង់ស្ថិរភាព។
ជាមួយគ្នានេះ លោក ម៉ៃ វើស (Mike Wirth) នាយកប្រតិបត្តិក្រុមហ៊ុនChevron បានព្រមានថា កង្វះប្រេងឥន្ធនៈអាចនឹងចាប់ផ្តើមលេចឡើងនៅទូទាំងពិភពលោកក្នុងពេលឆាប់ៗនេះ ដោយសារតែការបិទច្រកសមុទ្រHormuz ដែលពីមុនគ្រប់គ្រងការផ្គត់ផ្គង់ប្រេងឥន្ធនៈរហូតដល់ទៅប្រមាណ ២០% របស់ពិភពលោក។
មូលនិធិ IMF ក៏កំពុងឃើញផលប៉ះពាល់សេដ្ឋកិច្ចកាន់តែទូលំទូលាយផងដែរ ដោយតម្លៃជីកសិកម្ម បានហក់ឡើងពី៣០% ទៅ៤០% រួចទៅហើយហើយនឹងហក់ឡើងថ្លៃចន្លោះពី៣% ទៅ ៦% បន្ថែមទៀត។ ប្រធាន IMF បានសង្កត់ធ្ងន់ថា ស្ថានភាពនេះ គឺធ្ងន់ធ្ងរណាស់ ដោយព្រមានបណ្ដាអ្នកធ្វើគោលនយោបាយកុំឱ្យសន្មតថា វិបត្តិនេះនឹងបញ្ចប់យ៉ាងឆាប់រហ័សឱ្យសោះ៕
ដោយ: តែម សុខុម