តាមសេចក្តីរាយការណ៍ អង្គភាពដ៏មានឥទ្ធិពលនេះត្រូវបានគេដឹងថា កំពុងតែរៀបចំដំណើរប្រព្រឹត្តទៅរបស់ខ្លួន តាមរយៈការស្វែងរកការណែនាំពីសម្ពន្ធមិត្តលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក អូស្ត្រាលី និងអាល្លឺម៉ង់ ។
តាមការវិភាគ ការបង្កើតនូវទីភ្នាក់ងារនេះ គឺត្រូវបានធ្វើឡើងចំពេលមានការគំរាមកំហែងលើផ្នែកសន្តិសុខកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង ។
ដើម្បីសម្រេចតាមផែនការណ៍នេះ មានសេចក្តីរាយការណ៍ថា អ្នកជំនាញការរបស់លោកស្រីនាយករដ្ឋមន្រ្តីជប៉ុន សាណាអេ តាកកាអ៊ីជី (Sanae Takaichi) បានពិគ្រោះយោបល់ជាលក្ខណៈឯកជនជាមួយដៃគូក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លើបញ្ហានានា រួមទាំងបច្ចេកវិទ្យា បុគ្គលិក និងអាទិភាពប្រតិបត្តិការសម្រាប់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដែលបានស្នើឡើង។
របាយការណ៍ព័ត៌មានបានអះអាងថា មន្ត្រីស៊ើបការណ៍សម្ងាត់មកពីសហរដ្ឋអាម៉េរិក បានផ្តល់ធាតុចូលលើប្រព័ន្ធការពារតាមអ៊ីនធឺណិត ការប្រឆាំងនឹងចារកម្មឧស្សាហកម្ម និងការពង្រឹងការត្រួតពិនិត្យការវិនិយោគបរទេស និងភ្នាក់ងារដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសជប៉ុន។
អាល្លឺម៉ង់ក៏បានចូលរួមក្នុងការពិភាក្សាផងដែរ ដោយប្រធានសេវាស៊ើបការណ៍សម្ងាត់បរទេស របស់ប្រទេសមហាអំណាចនៅអឺរ៉ុបមួយនេះ ទើបតែបានទៅបំពេញទស្សនកិច្ចនៅ ទីក្រុងតូក្យូ ដើម្បីពិភាក្សាអំពីបេសកម្មទីភ្នាក់ងារដែលបានគ្រោងទុក និងវិធីដើម្បីបង្កើនការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់រវាងប្រទេសទាំងពីរ។
ដោយឡែក អូស្ត្រាលីវិញបានផ្តល់ដំបូន្មានដល់ជប៉ុនលើបច្ចេកវិទ្យា ក៏ដូចជាយុទ្ធសាស្ត្រដើម្បីកែលម្អការសម្របសម្រួលក្នុងចំណោមស្ថាប័នរដ្ឋាភិបាល និងលើកទឹកចិត្តដល់ការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ផងដែរ។
ដោយៈ សរ សុជាតិ