ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងហួសហេតុលើប្រទេសចិន សហភាពអឺរ៉ុប កំពុងរៀបចំ “យន្តការសាមគ្គីភាព” ថ្មីមួយ ដើម្បីគាំទ្រក្រុមហ៊ុនអឺរ៉ុប ដែលចង់ផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ទំនិញយុទ្ធសាស្ត្រដូចជា រ៉ែសំខាន់ៗ បន្ទះឈីប និងវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មរថយន្ត និងការពារជាតិ។
ប៉ុន្តែសហភាពអឺរ៉ុប ព្រមានថា ផែនការនេះនឹងត្រូវការថវិកាយ៉ាងច្រើនសម្បើម ដោយចំនួនទឹកប្រាក់ពិតប្រាកដនៅមិនទាន់កំណត់នៅឡើយទេ ព្រោះវាអាស្រ័យលើទំហំនៃការឆ្លើយតបរបស់ប្រទេសចិន និងកម្រិតជំនួយដែលឧស្សាហកម្មអឺរ៉ុប ត្រូវការ។
ការប្រញាប់ប្រញាល់រៀបចំផែនការនេះកើតឡើង ស្របពេលដែលសហភាពអឺរ៉ុប កំពុងប្រឈមមុខនឹងឱនភាពពាណិជ្ជកម្មដ៏ធំជាមួយចិន ដែលមានទំហំលើស ៤១១ ពាន់លានដុល្លារ ខណៈប្រទេសជាច្រើនក្នុងប្លុកនេះ ចង់កាត់បន្ថយហានិភ័យពីការពឹងផ្អែកលើប្រទេសតែមួយ តួយ៉ាងគឺប្រទេសចិន តែម្ដង។
ក្រៅពីការស្វែងរកអ្នកផ្គត់ផ្គង់ថ្មីៗ សហភាពអឺរ៉ុប ក៏កំពុងពិចារណាវិធានការផ្សេងៗ ដូចជា ការស៊ើបអង្កេតការអនុវត្តពាណិជ្ជកម្មមិនត្រឹមត្រូវយុត្តិធម៌ ការប្រើប្រាស់វិធានការការពារឧស្សាហកម្ម និងការឆ្លើយតបខ្លាំងជាងមុន ប្រសិនបើចាំបាច់។
ទោះជាយ៉ាងណា មន្ត្រីមួយចំនួនបារម្ភថា សហភាពអឺរ៉ុប អាចនឹងជួបការលំបាកក្នុងការប្រឈមមុខជាមួយទីក្រុងប៉េកាំង ព្រោះប្រទេសចិន មានឥទ្ធិពលខ្លាំងលើការផ្គត់ផ្គង់ធនធានសំខាន់ៗជាច្រើន។
ជាក់ស្ដែង កាលពីអំឡុងឆ្នាំ២០២៥ ប្រទេសចិន បានរឹតបន្តឹងការនាំចេញរ៉ែកម្រដែលបង្កការព្រួយបារម្ភទូទាំងពិភពលោកអំពីការខ្វះខាតវត្ថុធាតុដើម និងការរាំងស្ទះផលិតកម្ម។
ជាពិសេស ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប បានព្រមានថា ប្រសិនបើការផ្គត់ផ្គង់បន្ទះឈីបពីប្រទេសចិន ត្រូវបានរាំងស្ទះ ពួកគេអាចប្រឈមនឹងកង្វះស្តុកក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។
បច្ចុប្បន្ន សហភាពអឺរ៉ុប និងមហាយក្សចិន នៅតែបន្តការចរចា ដោយកំណត់គោលដៅឱ្យមានវឌ្ឍនភាពនៅត្រឹមខែតុលា ឆ្នាំ២០២៦ នេះ។ ប៉ុន្តែក្រុមមេដឹកនាំអឺរ៉ុប បានព្រមានថា ប្រសិនបើការទូតមិនទទួលបានលទ្ធផល សហភាពអឺរ៉ុប អាចនឹងចាត់វិធានការកាន់តែតឹងរ៉ឹង ដើម្បីការពារសេដ្ឋកិច្ច និងឧស្សាហកម្មរបស់ខ្លួន ដែលគោលជំហរនេះ ត្រូវបានគេមើលឃើញថា ចង់ ឬមិនចង់ នឹងអាចនាំឱ្យមានជម្លោះពាណិជ្ជកម្មរីករាលដាលកាន់តែធំផងដែរ៕
ដោយ: តែម សុខុម