មូលនិធិរូបិយវត្ថុអន្តរជាតិបានវាយតម្លៃថា ទោះបីជាសេដ្ឋកិច្ចកម្ពុជាបានបង្ហាញពីភាពធន់ក្នុងការប្រឈមមុខនឹងផលប៉ះពាល់ជាបន្តបន្ទាប់យ៉ាងណាក្តី ប៉ុន្តែសន្ទុះកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៦ នេះមិនអាចគេចផុតពីការថមថយល្បឿនឡើយ។ IMF បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងថយចុះមកនៅត្រឹម៣%នៅឆ្នាំ២០២៦ មុនងើបឡើងវិញនៅក្នុងឆ្នាំ២០២៧។ ការបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ IMF នេះ ផ្អែកលើតម្លៃថាមពលនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់, តម្រូវការពីទីផ្សារខាងក្រៅទន់ខ្សោយ ជាពិសេសផលប៉ះពាល់ផ្នែកកេរ្តិ៍ឈ្មោះ ដែលផ្សារភ្ជាប់ទៅនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ដែលបានយាយីដល់សកម្មភាពសេដ្ឋកិច្ច ធ្វើឱ្យការងើបឡើងវិញ នៃវិស័យទេសចរណ៍មានភាពយឺតយ៉ាវជាងការរំពឹងទុក ព្រមទាំងបង្កជាហានិភ័យដល់ស្ថិរភាព នៃវិស័យហិរញ្ញវត្ថុផងដែរ។ បន្ថែមលើនេះ វិស័យអចលនទ្រព្យ និងសំណង់ក្នុងស្រុក ក៏នៅតែបន្តស្ថិតក្នុងភាពទន់ជ្រាយនៅឡើយ។
ហាក់ផ្ទុយពី IMF ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករថា នៅក្នុងឆ្នាំ២០២៦ នេះ សេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានកំណើនក្នុងរង្វង់៤,២% ដោយផ្អែកលើវឌ្ឍនភាពនៃសូចនាករសេដ្ឋកិច្ចសំខាន់ៗក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦ គួបផ្សំនឹងការពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័ន វិស័យឯកជន ក្នុងនោះវិស័យបម្រើការនាំចេញ ពិសេសវិស័យកម្មន្តសាលមិនមែនកាត់ដេរមានកំណើនល្អប្រសើរជាងរំពឹងទុក។ លើសពីនេះ ឯកឧត្តម សង្កេតឃើញថា សកម្មភាពចាយវាយក្នុងស្រុក ក៏នៅបន្តរក្សាបាននូវនិន្នាការវិជ្ជមាន ដែលឆ្លុះបញ្ចាំងតាមរយៈនិន្នាការវិជ្ជមាននៃអាករលើតម្លៃបន្ថែមក្នុងស្រុក និងការនាំចូលទំនិញប្រើប្រាស់។ យ៉ាងណាមិញ វិស័យទេសចរណ៍ត្រូវបានវាយតម្លៃឡើងវិញថា នឹងធ្លាក់ចុះជាងការរំពឹងទុក ដែលឆ្លុះបញ្ចាំងតាមរយៈការធ្លាក់ចុះ នៃចំនួនភ្ញៀវទេសចរអន្តរជាតិ បើទោះបីអាចប៉ះប៉ូវមួយផ្នែកដោយនិន្នាការកើនឡើងនៃភ្ញៀវទេសចរជាតិក្តី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ស្ថិតនៅក្នុងបរិការណ៍ដែលកម្ពុជាទទួលរងនូវកម្មវិបាកផ្ទួនៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការអន្តរាគមន៍ចំពោះមុខជាបន្តបន្ទាប់ ដើម្បីធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន និងជនងាយរងគ្រោះ ដែលរួមមានយន្តការអនុគ្រោះពន្ធលើមុខទំនិញនាំចូលមួយចំនួនដូចជាប្រេងសាំង ម៉ាស៊ូត និងឧបករណ៍អគ្គិសនីមួយចំនួន សំដៅចូលរួមកាត់បន្ថយសម្ពាធនៃការកើនឡើងថ្លៃ និងជំរុញកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ។
យ៉ាងណាមិញបើតាមការគូសបញ្ជាក់របស់ IMF កំណើនសេដ្ឋកិច្ច៣%របស់កម្ពុជានេះត្រូវបានជួយជ្រោមជ្រែងពីកត្តាវិជ្ជមានមួយចំនួនដូចជាការគាំទ្រពីតម្រូវការខាងក្រៅលើផ្នែករោងចក្រកម្មន្តសាល, ការវិវត្តនៃការវិនិយោគផ្ទាល់ពីបរទេស និងការបន្តចំណាយលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់រាជរដ្ឋាភិបាល។
ទោះបីជាអ្នកជំនាញសេដ្ឋកិច្ចរបស់ IMF បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំនេះក្តី ប៉ុន្តែស្ថាប័ននេះមិនបានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជាកំពុងធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរនោះទេ។ IMF បានអះអាងថា អាត្រាអតិផរណារបស់កម្ពុជានៅតែបន្តស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ពោលគឺស្ថិតក្នុងរង្វង់៥,៦% ក្នុងឆ្នាំ២០២៦ ខណៈដែលស្ថានភាពហិរញ្ញវត្ថុសាធារណៈ និងបំណុលរដ្ឋនៅតែមានស្ថិរភាពខ្ពស់ ហើយទុនបម្រុងអន្តរជាតិ ក៏បន្តស្ថិតក្នុងកម្រិតរឹងមាំគួរឱ្យកត់សម្គាល់។
គួររំលឹកថា ផ្អែកតាមទិន្នន័យកន្លងមករបស់ IMF សេដ្ឋកិច្ចកម្ពុជាធ្លាប់សម្រេចបានកំណើនក្នុងរង្វង់៦% ក្នុងឆ្នាំ២០២៤ និងបានថយចុះមកត្រឹម៥,៣% ក្នុងឆ្នាំ២០២៥ មុនពេលធ្លាក់មកនៅត្រឹម៣% ក្នុងឆ្នាំ២០២៦ នេះ៕
ដោយៈ សរ សុជាតិ