រោងចក្រនេះត្រូវបានសាងសង់នៅក្នុងទឹកដី ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។នេះមិនត្រឹមតែជាការបង្ហាញពីសមត្ថភាពពិតរបស់កូនខ្មែរក្នុងការផលិតទំនិញស្តង់ដាខ្ពស់ជំនួសឱ្យការនាំចូលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការប្រកាសប្រាប់ប្រទេសជិតខាងដែរថា ខ្មែរមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិត ផលិតផលសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដែលមានគុណភាពស្តង់ដារអនាម័យខ្ពស់ និង អាចឈានទៅការនាំចេញនាពេលអនាគតថែមទៀតផង។
លោក រ៉េន រិទ្ធ អ្នកគ្រប់គ្រង និងជាប្រធានបច្ចេកទេស នៃរោងចក្រកែច្នៃសាច់មានឈ្មោះថា «អ្នកស្រុក» បានគូសបញ្ជាក់ដោយក្តីមោទនភាពថា មហិច្ឆតានៃការបង្កើតរោងចក្រកែច្នៃសាច់នេះ គឺដើម្បីវាយបំបែកភាពផ្តាច់មុខរបស់ផលិតផលសាច់កែច្នៃនាំចូលពីក្រៅប្រទេស។ ចុងភៅដែលមានចំណេះជំនាញកម្រិតអន្តរជាតិរូបនេះបានសង្កត់ធ្ងន់ថា ខ្មែរមានសមត្ថភាពគ្រប់គ្រាន់ មានវត្ថុធាតុដើម និងមានបច្ចេកទេសមិនចាញ់បរទេសឡើយ ដូច្នេះវាគ្មានហេតុផលណាមួយ ដែលត្រូវបណ្តែតបណ្តោយឱ្យលំហូរសាច់កែច្នៃពីប្រទេសជិតខាងមកក្តោបក្តាប់ក្រពះរបស់ប្រជាជនខ្មែរតទៅទៀតនោះទេ។
លោកបានបន្ថែមថា វត្តមានរបស់រោងចក្រដែលមានឈ្មោះថា «អ្នកស្រុក» ដែលប្រសូតចេញពីស្នាដៃ និង ខួរក្បាលរបស់កូនខ្មែរ វានឹងក្លាយជាខឿនការពារសន្តិសុខស្បៀង ជួយលើកកម្ពស់សាច់កែច្នៃក្នុងស្រុកឱ្យមានស្តង់ដារអនាម័យខ្ពស់ ចូលរួមចំណែកជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ជាពិសេសគឺការឈានទៅរកឯករាជ្យភាពលើការផ្គត់ផ្គង់ចំណីអាហារ ដោយមិនបាច់ខ្វល់ខ្វាយខ្លាចគេបិទច្រកព្រំដែន ឬការឡើងថ្លៃទំនិញតាមចិត្តចង់របស់ប្រទេសជិតខាងនោះឡើយ។ បច្ចុប្បន្នរោងចក្រដែលទើបសម្ពោធនេះមានសមត្ថភាពអាចផលិតសាច់ក្រក Hot dog, Bacon និង Ham មានគុណភាពលំដាប់ព្រីមៀម (Premium) បានប្រមាណ១០តោនទៅ៣០ក្នុងមួយថ្ងៃ និង មានផែនការជំរុញទំហំផលិតកម្មឱ្យឡើងដល់១០០តោនក្នុងមួយថ្ងៃ នាពេលឆាប់ៗខាងមុខ។
បើតាមការអះអាងរបស់អ្នកគ្រប់គ្រងខាងលើ វត្តមានដ៏រស់រវើក នៃផលិតកម្មកែច្នៃសាច់ក្នុងស្រុកមួយនេះ មិនត្រឹមតែមកជួយបង្កើនជម្រើសដ៏មានសុវត្ថិភាពសម្រាប់ប្រជាជនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីស្មារតីជាតិនិយម និង សមត្ថភាពឧស្សាហកម្មកម្ពុជាដែលកំពុងដើរទៅមុខយ៉ាងលឿន។ បើតាមការបញ្ជាក់របស់លោក រ៉េន រិទ្ធ ដែលជាមេចុងភៅដ៏ល្បីល្បាញដែលធ្លាប់ធ្វើម្ហូបឱ្យស្តេច ឆាល របស់ចក្រភពអង់គ្លេសសោយរូបនេះ មហិច្ឆតាបន្ទាប់របស់រោងចក្រ «អ្នកស្រុក» គឺការបង្កើនសមត្ថភាពផលិតដើម្បីវាយលុកនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាការប្តូរតួនាទីពីប្រទេស ដែលធ្លាប់តែទិញគេ មកជាប្រទេសអ្នកផលិត និង នាំចេញសាច់កែច្នៃដ៏មានឥទ្ធិពលនាពេលអនាគត។
គួរបញ្ជាក់ថា រោងចក្រកែច្នៃសាច់ដ៏ធំ និងជាមោទនភាពជាតិថ្មីមួយនេះស្ថិតនៅក្នុងទឹកដីឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ដែលជាដែនដីដ៏មានសក្តានុពលមួយក្នុងការជំរុញស្មារតីផលិតផលខ្មែរ ដើម្បីខ្មែរឱ្យកាន់តែរឹងមាំនៅលើឆាកអន្តរជាតិ៕