សារព័ត៌មាន CNA បានរាយការណ៍ថា សម្ទុះកំណើននៃទីផ្សារបន្ទះឈីប AI បានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួន ឡើងដល់កម្រិតតម្លៃទីផ្សាររាប់ទ្រីលានដុល្លារ ខណៈការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាកំពុងកាន់តែស្វិតស្វាញ។
បណ្តាក្រុមហ៊ុនផលិតបន្ទះឈីប និងអង្គចងចាំធំៗចំនួន៣ ត្រូវបានគេរាយការណ៍ថា បានក្លាយជាក្រុមហ៊ុនលំដាប់កំពូលនៅលើទីផ្សារហិរញ្ញវត្ថុពិភពលោកក្នុងខែឧសភា ឆ្នាំ២០២៦នេះ ដោយតម្លៃទីផ្សាររបស់ក្រុមហ៊ុននីមួយៗបានហក់ឡើងដល់កម្រិតប្រមាណ១ទ្រីលានដុល្លារ។ ក្រុមហ៊ុនទាំងនោះ រួមមាន ក្រុមហ៊ុនផលិតបន្ទះឈីប SK Hynix និងក្រុមហ៊ុន Samsung Electronics របស់កូរ៉េខាងត្បូង ព្រមទាំងក្រុមហ៊ុន Micron Technology របស់សហរដ្ឋអាម៉េរិក។
ក្នុងចំណោមនោះ ក្រុមហ៊ុន SK Hynix បានប្រកាសកាលពីថ្ងៃទី២៧ ខែឧសភា ថា តម្លៃទីផ្សាររបស់ខ្លួនបានកើនឡើងជិត១៥% ដោយឡើងដល់ជាង១,១ទ្រីលានដុល្លារ។ កំណើនដ៏គំហុកនេះ ត្រូវបានគេមើលឃើញថា កើតចេញពីការកើនឡើងខ្លាំងនៃការបញ្ជាទិញបន្ទះឈីបប្រភេទអង្គចងចាំកម្រិតខ្ពស់ ដែលត្រូវបានប្រើប្រាស់សម្រាប់គាំទ្រប្រព័ន្ធ AI ជំនាន់ថ្មី។
អ្នកជំនាញបានលើកឡើងថា ពិភពលោកកំពុងឈានចេញពីយុគសម័យឌីជីថលធម្មតា ទៅកាន់យុគសម័យបញ្ញាសិប្បនិម្មិតយ៉ាងពេញលេញ។ ក្នុងបរិបទនេះ បន្ទះឈីបដែលមានល្បឿនដំណើរការខ្ពស់ និងសមត្ថភាពគណនាទិន្នន័យធំៗ កំពុងក្លាយជាធនធានយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក។
បន្ទះឈីបទំនើបទាំងនេះ មិនត្រឹមតែត្រូវបានប្រើប្រាស់ក្នុងមជ្ឈមណ្ឌលទិន្នន័យ AI ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានបំពាក់នៅក្នុងទូរសព្ទឆ្លាតវៃ កុំព្យូទ័រ រថយន្តអគ្គិសនី ឧបករណ៍ឧស្សាហកម្ម និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនប្រភេទទៀត។ នេះមានន័យថា AI មិនមែនគ្រាន់តែជាបច្ចេកវិទ្យាថ្មីមួយនោះទេ ប៉ុន្តែកំពុងក្លាយជាមូលដ្ឋានគ្រឹះថ្មីនៃសេដ្ឋកិច្ច និងឧស្សាហកម្មសកល។
នៅត្រីមាសទីមួយ ឆ្នាំ២០២៦ តម្លៃបន្ទះឈីបនៅលើទីផ្សារពិភពលោក ត្រូវបានគេរាយការណ៍ថា បានកើនឡើងជិតទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមអ្នកវិភាគព្យាករណ៍ថា តម្លៃអាចនឹងបន្តកើនឡើងបន្ថែមទៀត ដោយសារការផ្គត់ផ្គង់នៅមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការដែលកំពុងផ្ទុះឡើងខ្លាំងនៅទូទាំងពិភពលោក៕
ដោយ៖ សរ សុជាតិ