ចាប់ពីបន្ទះសូឡា រ៉ែកម្រ ថ្មសម្រាប់រថយន្តអគ្គិសនី រហូតដល់មនុស្សយន្តឧស្សាហកម្ម ក្រុមហ៊ុនចិនកំពុងក្លាយជាអ្នកផ្គត់ផ្គង់ដ៏សំខាន់បំផុតមួយសម្រាប់ទីផ្សារ European Union។ ការជ្រៀតចូលរបស់ផលិតផលចិន មិនត្រឹមតែមាននៅក្នុងទំនិញប្រើប្រាស់ទូទៅប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលជ្រៅទៅក្នុងវិស័យយុទ្ធសាស្ត្រសំខាន់ៗរបស់អឺរ៉ុប ផងដែរ រួមមាន ថាមពលស្អាត ឧស្សាហកម្មបច្ចេកវិទ្យា ផលិតផលគីមី វាយនភណ្ឌ និងវត្ថុធាតុដើមកម្រ។
ស្របពេលដែលអាម៉េរិក បង្កើនពន្ធ និងរឹតបន្តឹងលើទំនិញចិន ក្រុមហ៊ុនចិនជាច្រើនបានបង្វែរទិសដៅនាំចេញកាន់តែខ្លាំងមកកាន់ទីផ្សារអឺរ៉ុប។ កត្តានេះបានធ្វើឱ្យការនាំចូលទំនិញពីចិនមកអឺរ៉ុបកើនឡើងយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បានព្រមានថា ចិន កំពុងប្រើសមត្ថភាពផលិតកម្មដ៏ធំលើសតម្រូវការក្នុងស្រុក ដើម្បីជាន់ពន្លិចទីផ្សារពិភពលោកជាមួយផលិតផលមានតម្លៃទាប។ ការព្រួយបារម្ភរបស់អឺរ៉ុបគឺថា ប្រសិនបើការពឹងផ្អែកនេះបន្តកើនឡើង វាអាចធ្វើឱ្យឧស្សាហកម្មក្នុងតំបន់បាត់បង់សមត្ថភាពប្រកួតប្រជែង និងបង្កហានិភ័យសន្តិសុខសេដ្ឋកិច្ចនៅថ្ងៃអនាគត។
ទន្ទឹមនឹងនេះ ស្នងការឧស្សាហកម្មអឺរ៉ុប លោក ស្តេហ្វេន សេហ្សូណេ ( Stéphane Séjourné បានអំពាវនាវឱ្យបណ្តាក្រុមហ៊ុនអឺរ៉ុប ធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ និងកាត់បន្ថយការពឹងផ្អែកលើប្រទេសតែមួយ។ អឺរ៉ុប ក៏កំពុងព្យាយាមជំរុញការផលិតក្នុងស្រុក និងស្វែងរកដៃគូថ្មីៗនៅអាស៊ី និងតំបន់ផ្សេងៗ ដើម្បីបន្ថយហានិភ័យពីភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយទីក្រុងប៉េកាំង។
យោងតាមទិន្នន័យរបស់ Eurostat ការនាំចូលរបស់សហភាពអឺរ៉ុប ពីចិន បានកើនឡើងដល់ជាង៦៥០ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ កើនឡើងប្រមាណ៨៩% បើធៀបនឹង១០ឆ្នាំមុន។ ទន្ទឹមនឹងនេះ អឺរ៉ុប ក៏កំពុងប្រឈមឱនភាពពាណិជ្ជកម្មយ៉ាងធំធេងជាមួយចិន ដែលមានទំហំជាង៤១៩ពាន់លានដុល្លារអាម៉េរិក។
ដោយឡែកក្នុងវិស័យបន្ទះសូឡា ចិន បានក្តោបក្តាប់ទីផ្សារអឺរ៉ុប រហូតដល់៩៨% ដែលបង្ហាញយ៉ាងច្បាស់ថា អឺរ៉ុប កំពុងពឹងផ្អែកយ៉ាងខ្លាំងលើសមត្ថភាពផលិតកម្មរបស់ចិន ក្នុងវិស័យថាមពលបៃតង។
ក្រុមអ្នកវិភាគមើលឃើញថា នេះគឺជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរអំណាចឧស្សាហកម្មសកលដ៏ធំមួយ ដែលកំពុងផ្លាស់ចេញពីអឺរ៉ុប និងលោកខាងលិច ទៅកាន់អាស៊ី ជាពិសេសប្រទេសចិន ដែលកំពុងឡើងក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក៕