វិស័យថាមពល

អាជ្ញាធរថៃ បើកការស៊ើបអង្កេតទ្រង់ទ្រាយធំលើក្រុមហ៊ុនចំនួន៩ជុំវិញករណីបាត់ប្រេង៦០លានលីត្រនៅកណ្តាលសមុទ្រ


នាយកដ្ឋានស៊ើបអង្កេតពិសេសរបស់ប្រទេសថៃ (DSI) បានចាប់ផ្តើមបើកការស៊ើបអង្កេតយ៉ាងស៊ីជម្រៅលើក្រុមហ៊ុនក្នុងស្រុកចំនួន៩ ដែលជាប់ពាក់ព័ន្ធនឹងអាជីវកម្មដឹកជញ្ជូនប្រេង បន្ទាប់ពីមានរបាយការណ៍មិនប្រក្រតីអំពីការបាត់បង់ប្រេងឥន្ធនៈចន្លោះពី៥៧ ទៅ៦០លានលីត្រក្នុងអំឡុងពេលដឹកជញ្ជូនតាមឈូងសមុទ្រថៃ។ ករណីបាត់ប្រេងដ៏មហាសាលនេះ កំពុងក្លាយជាចំណុចក្ដៅ ដែលអាជ្ញាធរត្រូវវែកមុខរកអ្នកទទួលខុសត្រូវ និងបកស្រាយពីអាថ៌កំបាំង នៃការបាត់បង់នៅកណ្តាលសមុទ្រ។
វិស័យថាមពល
ដោយ

សារព័ត៌មាន The Nation បានរាយការណ៍ថា ការស៊ើបអង្កេតលើករណីបាត់ប្រេង៦០លានលីត្រនៅកណ្ដាលសមុទ្រនេះបានធ្វើឡើងបន្ទាប់ពីមានដីកាកោះហៅក្រុមហ៊ុនម្ចាស់កប៉ាល់ដឹកជញ្ជូនប្រេងចំនួន៨ មកផ្ដល់សក្ខីកម្ម រួមទាំងក្រុមហ៊ុនទី៩ ដែលជាក្រុមហ៊ុនម្ចាស់កប៉ាល់ជួលផងដែរ។ករណីនេះពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការដឹកជញ្ជូនប្រេងចំនួន២០ជើងដោយកប៉ាល់ចំនួន១២គ្រឿង ដែលដឹកជញ្ជូនប្រេងពីរោងចក្រចម្រាញ់ប្រេងនៅតំបន់ភាគខាងកើតប្រទេស ដែលមានរបាយការណ៍ពីការបាត់ប្រេងនៅក្រៅឆ្នេរសមុទ្រខេត្តស៊ូរ៉ាតថានី របស់ថៃ។

អាជ្ញាធរថៃ កំពុងពិនិត្យមើលកំហុស ដែលអាចកើតមានក្រោមច្បាប់តម្លៃទំនិញ និងសេវាកម្មឆ្នាំ១៩៩៩ រួមទាំងការស្តុកទុក ការដឹកជញ្ជូនយឺតយ៉ាវនិងការបដិសេធមិនចែកចាយប្រេងឥន្ធនៈ។ ក្រុមហ៊ុនម្ចាស់កប៉ាល់ទាំងនោះ តម្រូវឱ្យផ្តល់ព័ត៌មានដល់ភ្នាក់ងារស៊ើបអង្កេតពិសេសឱ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ។

លោក វូរ៉ាណាន់ ស៊្រីលេម (Woranan Srilam) នាយកផ្នែកសំណុំរឿងការពារអ្នកប្រើប្រាស់នៃ DSI និងជាប្រធានក្រុមស៊ើបអង្កេតបានបញ្ជាក់ថា តំណាងក្រុមហ៊ុនទាំង៩ កំពុងស្ថិតក្រោមការសួរចម្លើយយ៉ាងហ្មត់ចត់។ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលបញ្ជាការអនុវត្តច្បាប់សមុទ្រថៃ ក៏បានបញ្ជូនរបាយការណ៍វិភាគផ្លូវនាវាចរណ៍ទៅឱ្យ DSI រួចរាល់ហើយដែរ។

នៅសប្តាហ៍ក្រោយ ក្រុមអ្នកស៊ើបអង្កេតនឹងធ្វើការប្រៀបធៀបសក្ខីកម្មរបស់ក្រុមហ៊ុន ជាមួយនឹងទិន្នន័យបច្ចេកទេសពីមជ្ឈមណ្ឌលបញ្ជាការអនុវត្តច្បាប់សមុទ្ររបស់ថៃ ជាពិសេសលើចំណុចរយៈពេលធ្វើដំណើរដែលមានភាពយឺតយ៉ាវខុសធម្មតា ដើម្បីបញ្ជាក់ថា តើប្រេងទាំងនោះត្រូវបានលួចផ្ទេរចេញនៅកណ្តាលសមុទ្រ ឬមានការកែខៃទិន្នន័យតាមវិធីណាមួយ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ម៉ូតូអគ្គិសនីចិន កំពុងវាយលុយទីផ្សារអាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាក្រោយតម្លៃប្រេងហក់ឡើងខ្ពស់

ស្របពេលសង្គ្រាមនៅអ៊ីរ៉ង់ បានរុញច្រានតម្លៃប្រេងឆៅពិភពលោកឱ្យហក់ឡើងលើសពី១០០ដុល្លារក្នុង១បារ៉ែល ហើយបានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច និងការកើនឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ