លោក ស៊ូរ៉ាឆាត បាមរុងស៊ុក (Surachart Bamrungsuk) អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខដ៏ល្បីល្បាញរបស់ប្រទេសថៃ បានចេញមុខដាស់តឿនតាមរយៈអត្ថបទវិភាគដ៏ស៊ីជម្រៅមួយថា សាលក្រមប្រវត្តិសាស្ត្រ ដែលថៃ ធ្លាប់បានទទួលស្គាល់រួចមកហើយនោះ មានទំនាក់ទំនង និងឥទ្ធិពលផ្ទាល់មកលើស្ថានការណ៍ព្រំដែនបច្ចុប្បន្ន ដែលថៃ មិនអាចមើលរំលងបានឡើយ។
អ្នកជំនាញខាងលើបានសង្កត់ធ្ងន់ថា ផ្អែកលើបរិបទប្រវត្តិសាស្ត្រ ថៃ និងកម្ពុជា ធ្លាប់មានរឿងក្តីប្តឹងផ្តល់គ្នាជុំវិញសំណុំរឿងប្រាសាទព្រះវិហារ នៅចំពោះមុខតុលាការអន្តរជាតិ ចំនួន២ដងរួចមកហើយ គឺនៅក្នុងឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដែលលទ្ធផល គឺភាគីថៃ បានបរាជ័យទាំងពីរលើក។ លោក ស៊ូរ៉ាឆាត បានព្រមានថា ផ្អែកលើមេរៀនដ៏ជូរចត់ទាំងនេះ រដ្ឋាភិបាល និងពលរដ្ឋថៃ ត្រូវតែប្រុងប្រយ័ត្ន និងចៀសវាងដាច់ខាតនូវការបង្កើតលក្ខខណ្ឌ ដែលបង្ខំឱ្យកម្ពុជាដាក់ពាក្យប្ដឹងទៅតុលាការអន្តរជាតិ ជាលើកទី៣។
អ្នកជំនាញថៃ រូបនេះ បានពន្យល់ថា មូលហេតុដែលសង្គមថៃ បច្ចុប្បន្ន ជាពិសេសអ្នកនយោបាយជំនាន់ថ្មី តែងតែបង្កើតជម្លោះដោយខ្វះការយល់ដឹង គឺដោយសារតែពួកគេមិនដែលត្រឡប់ទៅអានខ្លឹមសារ នៃសេចក្តីសម្រេចឆ្នាំ១៩៦២ ដែលមានអាយុកាល៦៤ឆ្នាំនោះឡើយ។ នៅក្នុងសាលក្រមឆ្នាំ១៩៦២ តុលាការអន្តរជាតិបានចែងយ៉ាងច្បាស់ថា គោលបំណងចម្បង នៃការខណ្ឌសីមាព្រំដែន គឺដើម្បីសម្រេចឱ្យបាននូវសន្តិសុខ ស្ថិរភាព និងភាពប្រាកដប្រជាយូរអង្វែង។ តុលាការមិនចង់ឃើញជម្លោះព្រំដែនអូសបន្លាយគ្មានទីបញ្ចប់នោះឡើយ ដូច្នេះទោះបីជាមេដឹកនាំថៃបច្ចុប្បន្នយល់ថា ឯកសារដើម ឬផែនទីខ្នាត១/២០០,០០០ មានចំណុចខ្វះខាតក៏ដោយ ក៏មិនអាចយកមកធ្វើជាលេស ដើម្បីរុះរើខ្សែបន្ទាត់ព្រំដែនឡើងវិញតាមចិត្តចង់នោះដែរ ដរាបណាឯកសារទាំងនោះត្រូវបានតំណាងរដ្ឋាភិបាលថៃយល់ព្រមផ្តល់សច្ចាប័នរួមគ្នាកាលពីអតីតកាលរួចទៅហើយនោះ។
អ្នកជំនាញសន្តិសុខរូបនេះបានគូសបញ្ជាក់ពីការពិតជាប្រវត្តិសាស្ត្រដែលជនជាតិថៃត្រូវដឹងថា បន្ទាប់ពីការខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់ជាស្ថាពរ រដ្ឋាភិបាលថៃខ្លួនឯងនោះទេ ដែលជាអ្នកស្នើឱ្យភាគីបារាំងបោះពុម្ពផែនទីនោះ ហើយរដ្ឋាភិបាលថៃ ក៏បានទទួលយកផែនទីនោះជាផ្លូវការតាំងពីខែសីហា ឆ្នាំ១៩០៨ មកម៉្លេះ។
អ្នកជំនាញរូបនេះបានបន្ថែមថា ប្រសិនបើថៃជ្រើសរើសការប្រើប្រាស់កម្លាំងយោធាជាឧបករណ៍ក្នុងការដោះស្រាយវិវាទ ទោះបីជាអាចដណ្តើមបានដែនដីមួយផ្នែកមកគ្រប់គ្រងជាបណ្តោះអាសន្ន ក៏ចុងក្រោយត្រូវតែដកថយត្រឡប់ទៅរកខ្សែបន្ទាត់ព្រំដែនដើម ដូចដែលមានចែងក្នុងផែនទីដដែល ព្រោះច្បាប់អន្តរជាតិមិនទាត់ចោលខ្សែបន្ទាត់ព្រំដែនដើមដោយសារកម្លាំងយោធានោះឡើយ។ ម្យ៉ាងវិញទៀត ថៃមិនមែនជារដ្ឋមហាអំណាចធំ ដែលអាចរំលោភច្បាប់អន្តរជាតិ ឬគ្រប់គ្រងដែនដីហួសពីខ្សែបន្ទាត់ព្រំដែនស្របច្បាប់នោះទេ។
ជាចុងក្រោយ លោក ស៊ូរ៉ាឆាត បានដាស់តឿនទៅកាន់រដ្ឋាភិបាលថៃថា ស្ថានភាពសន្តិសុខព្រំដែនថៃ-កម្ពុជាកាន់តែរសើបខ្លាំងឡើងៗ ដូច្នេះអ្វីដែលល្អបំផុតសម្រាប់ប្រទេសថៃនាពេលនេះ គឺត្រូវដកអុសកម្ពុជាចេញពីគំនរភ្លើងសន្តិសុខជាតិ ពោលគឺត្រូវបញ្ឈប់ការយកបញ្ហាព្រំដែនជាមួយកម្ពុជាធ្វើជាឧបករណ៍នយោបាយផ្ទៃក្នុង ដើម្បីកាត់បន្ថយភ្លើងជម្លោះ និងជៀសវាងការរុញច្រានប្រទេសជាតិឱ្យធ្លាក់ក្នុងស្ថានភាពចាញ់ប្រៀបលើឆាកអន្តរជាតិជាលើកទី៣៕