វិស័យសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច រំពឹងប្រមូលចំណូលពន្ធបានលើសផែនការនៅឆ្នាំនេះ ទោះប្រឈមនឹងហានិភ័យ


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃថា ការប្រមូលចំណូលពន្ធសរុបសម្រាប់ពេញមួយឆ្នាំ២០២៦នេះ នឹងសម្រេចបានលើសផែនការច្បាប់ហិរញ្ញវត្ថុប្រមាណ២,៨% ពោលគឺចំណូលពន្ធដាររំពឹងថានឹងខ្ពស់ជាងផែនការរហូតដល់ប្រមាណ៧១លានដុល្លារ ខណៈចំណូលពន្ធគយខ្ពស់ជាងប្រមាណ៨០លានដុល្លារ។ ទោះជាយ៉ាងណា ក្រសួង​ក៏បានព្រមានពីហានិភ័យធំៗមួយចំនួន ដែលអាចរាំងស្ទះដល់ការប្រមូលចំណូលរដ្ឋ ពិសេសការគេចវេះពន្ធមានការរៀបចំទុកជាប្រព័ន្ធ និងសកម្មភាពរត់គេចពន្ធទំនិញតាមច្រកព្រំដែន។
វិស័យសេដ្ឋកិច្ច
ដោយ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញក្តីរំពឹងនៅក្នុងរបាយការណ៍របស់ខ្លួនថា ការប្រមូលចំណូលពន្ធនៅក្នុងឆ្នាំ២០២៦ នឹងអាចសម្រេចបានខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុប្រមាណ២,៨% ក្រោយនៅឆមាសទី១ឆ្នាំនេះប្រមូលចំណូលសម្រេចបានជាង៥៧% នៃផែនការច្បាប់ហិរញ្ញវត្ថុ។ ក្នុងនោះចំណូលពន្ធគយសម្រេចបានជាង១ពាន់៥រយលានដុល្លារស្មើនឹងជាង៥១% នៃផែនការច្បាប់ និងត្រូវបានប៉ាន់ស្មានថា អាចសម្រេចបានរហូតដល់ជិត១០៣% នៅដំណាច់ឆ្នាំនេះ ខណៈការប្រមូលចំណូលពន្ធដារនៅរយៈពេលដូចគ្នានេះសម្រេចបានជាង២ពាន់លានដុល្លារស្មើនឹងជាង៦២% នៃផែនការច្បាប់ និងត្រូវបានប៉ាន់ស្មានថា អាចសម្រេចបានជាង១០២% នៅដំណាច់ឆ្នាំនេះ។

ទោះជាយ៉ាងណាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានព្រមានពីបញ្ហាប្រឈម និងហានិភ័យមួយចំនួន ដែលអាចរាំងស្ទះដល់ការប្រមូលចំណូលពន្ធនៅក្នុងឆ្នាំ២០២៦ ផងដែរដូចជាភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយសកល, ការចែកចាយផលិតផលក្លែងក្លាយ, ការប្រែប្រួលនៃរំហូរពាណិជ្ជកម្ម និងការវិនិយោគ, ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ, មូលដ្ឋានពន្ធគយកាន់តែតូចចង្អៀត ដោយសារកំណើននៃការលើកទឹកចិត្តពន្ធ និងការបន្តកើតមានឡើងនូវការគេចវេះ និងបន្លំពន្ធដែលមានលក្ខណៈជាប្រព័ន្ធ និងស្មុគស្មាញជាដើម។

ពាក់ព័ន្ធបញ្ហានេះលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិបានគូសបញ្ជាក់ថា កត្តាប្រឈមធំៗដែលនាំឱ្យរាំងស្ទះដល់ការប្រមូលចំណូលពន្ធរបស់រដ្ឋរួមមានគម្លាតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការគេចវេះពន្ធ, បញ្ហារត់គេចពន្ធគយ និងការកែប្រែប្រភពដើមទំនិញ ដែលចន្លោះប្រហោងនៅតាមច្រកព្រំដែន, ភាពស្មុគស្មាញនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេវាកម្ម និងការប្រែប្រួលរចនាសម្ព័ន្ធពាណិជ្ជកម្ម។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីដោះស្រាយបញ្ហានេះ គឺទាមទារឱ្យមានការទប់ស្កាត់ចន្លោះប្រហោង និងការកែទម្រង់រចនាសម្ព័ន្ធប្រមូលពន្ធឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។

គួររំលឹកថា ការរត់ពន្ធទំនិញខុសច្បាប់បានបណ្តាលឱ្យរដ្ឋខាតបង់ចំណូលយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្តែង គ្រាន់តែការរត់ពន្ធផលិតផលបារីមួយមុខរដ្ឋត្រូវខាតបង់ថវិកាជិត៤០លានដុល្លារក្នុងមួយឆ្នាំ ខណៈបារីដែលកំពុងលក់នៅលើទីផ្សារជិត៥០% គឺជាផលិតផលគេចពន្ធ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវកាលពីឆ្នាំ២០២៥ កន្លងទៅ៕




អត្ថបទបន្ទាប់


ក្រោយផ្ទុះរឿងអាស្រូវសូឡា១ដើមតម្លៃ៨លានរៀល អ្នកជំនាញស្នើរដ្ឋាភិបាល គួរបើកការស៊ើបអង្កេតទូទាំងប្រទេស ដើម្បីលាងជម្រះអំពើពុករលួយ

រឿងអាស្រូវពុករលួយពាក់ព័ន្ធបង្គោលភ្លើងសូឡាតម្លៃ៨លានរៀល ឬប្រមាណ២,០០០ដុល្លារក្នុងមួយដើមនៅខេត្តកំពង់ឆ្នាំង កំពុងបង្កការភ្ញាក់ផ្អើល និងចោទជាសញ្…

គណបក្សភូមិចៃថៃ និងលោក អានុទីន កំពុងបាត់បង់ទំនុកចិត្តយ៉ាងខ្លាំងពីពលរដ្ឋ ក្រោយផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់

មកដល់ពេលនេះ គណបក្សភូមចៃថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោក អានុទីន ឆាន់វីរៈគុល កំពុងប្រឈមមុខនឹងវិបត្តិបាត់បង់ទំនុកចិត្តពីសាធារណជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ